32 C
Phnom Penh

មេធាវី​និយាយ​ថា តុលាការ​​ចេញ​សាល​ក្រម​បង្គាប់​ឲ្យ​គ្រួសារ​មួយ​ចាក​ចេញពី​ដី​របស់​ឧកញ៉ា ឃុន ស៊ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃពុធ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ចេញ​សាល​ក្រម​គាំទ្រ​​ឧកញ៉ា​អចលនទ្រព្យ ឃុន ស៊ា និង​ក្រុមហ៊ុន​របស់​លោក​នៅ​ក្នុង​វិវាទ​ដីធ្លី​ដ៏​អូស​បន្លាយ​ជាមួយ​ប្រជាពលរដ្ឋ​​គ្រួសារ​មួយ​ដែល​រស់​​នៅ​ជាប់​ប្លុក​អគារ​អាផាតមិន ដែល​លោក​ទទួល​បាន​​នៅ​ក្នុង​ការ​ដោះ​ដូរ​ដី​មួយ​ នេះ​បើ​យោង​តាម​មេធាវី​តំណាង​គ្រួសារ​នេះ​បាន​បញ្ជាក់​​​កាលពី​ម្សិលមិញ។

លោក លី ស្រា៊ងខេង អាយុ​៥៨​ឆ្នាំ ដែលជា​ឪពុក​នៅ​ក្នុង​គ្រួសារ​នេះ បាន​​ដឹកនាំ​ការ​តស៊ូ​ប្រឆាំង​ក្រុម​ហ៊ុន​នេះ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ ហើយ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា លោក​នឹង​បន្ត​រស់​នៅ​​លើ​ដី​ដែល​ស្ថិត​​ក្នុង​ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ​នេះ​តទៅ​ទៀត​ ទោះ​បី​ជា​មាន​សេចក្ដី​សម្រេច​របស់​តុលាការ​ក៏ដោយ។

អង្គុយ​ក្នុង​ផ្ទះ​ចាស់​ទ្រុឌទ្រោម​មួយ​សង់​លើ​ដី​ដែល​គាត់​បាន​កាន់​កាប់​អស់​រយៈពេល​ជាង​៣ទសវត្សរ៍​មក​នោះ​​ លោក លី ស្រា៊ងខេង​ បាន​លើក​ឡើង​ថា “ខ្ញុំ​នឹង​មិន​រើ​ទៅណា​ទាំងអស់​ ទោះបី​ជា​តុលាការ​ប្រើ​ត្រាក់ទ័រ​ឈូស​កម្ទេច​ផ្ទះ​ខ្ញុំ​ក៏ដោយ។ នេះ​ជាដី​របស់​ខ្ញុំ ជា​ផ្ទះ​របស់​ខ្ញុំ”។

លោក ជូង ជូងី មេធាវី​តំណាង​ឲ្យ​លោក លី ស្រា៊ង​ខេង បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា លោក​មិនទាន់​ទទួល​បាន​ដីកា​​លាយ​លក្ខណ៍​អក្សរ​របស់​តុលាការ​ដែល​​ប្រកាស​ថា ដី​នេះ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​លោក ឃុន ស៊ា នៅឡើយ​ទេ ប៉ុន្តែ​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ប្ដឹង​ទាស់​សេចក្ដី​សម្រេច​នេះ​។

លោក​មាន​ប្រសាសន៍​ថា “យើង​មិន​អាច​ទទួល​យក​សាល​ក្រម​នេះ​​បានទេ ហើយ​យើង​នឹង​ប្ដឹង​ឧទ្ធរណ៍​ក្នុង​ពេល​ឆាប់ៗ”។ លោក​បាន​បន្ត​ថា ចៅក្រម​ជំនុំជម្រះ​ កែវ មុន្នី បាន​ជម្រាប​ប្រាប់​លោក​ផ្ទាល់​មាត់​នៅ​តុលាការ​កាលពី​ថ្ងៃពុធថា លោក​មាន​ពេល​៣០​ថ្ងៃ​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​ មុនពេល​ដី​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ដី​របស់​លោក ឃុន ស៊ា ដោយ​ស្រប​ច្បាប់​។

​ចៅក្រម​ កែវ មុន្នី មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ ចំណែក​ឯ​លោក ឃុន ស៊ា ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ហើយ​​លោក ជន សុជាតិ ដែល​ជា​មេធាវី​របស់​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​សំណុំរឿង​នេះ​។

ផ្ទះ​របស់​លោក លី ស្រា៊ងខេង ស្ថិត​នៅ​ជាប់អគារ​មួយ​ដែល​ពីមុន​ជា​​ការិយាល័យ​រដ្ឋាភិបាល និង​ជា​ការិយាល័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ដែល​​លោក ឃុន ស៊ា ទទួល​បាន​ពី​សាលា​រាជធានី​ ជាថ្នូរ​នឹង​ការ​ដោះដូរ​ដី​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ​២០១០។ លោក លី ស្រា៊ងខេង បានអះអាង​ថា ​លោក ឃុន ស៊ា “បាន​បោក​ប្រាស់​” តាម​រយៈ​ការ​អះអាង​សិទ្ធិ​កាន់​កាប់​​​លើ​ដី​នៅ​ជុំវិញអគារ​នោះ រួមទាំង​ដីឡូត៍​ផ្ទះ​តូច​មួយ​​ដែល​មន្ទីរ​រៀបចំ​ដែនដីរាជធានី​ បាន​​កំណត់​​ព្រំប្រទល់​​​ឲ្យ​ឧកញា៉​រូប​នេះ​កាលពី​ឆ្នាំ​២០១៣​ផង​ដែរ​។

ច្បាប់ភូមិ​បាល​របស់​កម្ពុជា​ចែង​ថា ប្រជាពល​រដ្ឋ​ណា​ដែល​បាន​កាន់​កាប់​ដី​គ្មាន​វិវាទ​រយៈ​ពេល​ជាង​៥ឆ្នាំ​មុន​ឆ្នាំ​២០០១ មាន​សិទ្ធិ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​លោក​ លី ស្រា៊ងខេង​ មិន​អាច​ទទួល​បាន​​​។

​ពិនិត្យ​មើល​ឯកសារ​រាប់​រយ​កាលពី​ម្សិលមិញ លោក លី ស្រា៊ងខេង ​បាន​អះអាង​ថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់​លោក។ លោក​បាន​រស់​នៅ​​លើ​ដីនោះ​ចាប់​តាំង​ពី​ទាហាន​វៀតណាម​​​មក​​រស់​នៅទីនោះ​បន្ទាប់ពី​ផ្ដួល​រំលំ​ខ្មែរ​ក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៧៩​មក​ម្លេ៉ះ។

ដោយ​ចង្អុល​ទៅ​រូប​ថត​​បង្ហាញពី​ស្នាម​របួស​ចេញឈាម​លើ​ក្បាល​របស់​លោក​ ដែល​លោក​អះអាង​ថា បង្ក​ឡើង​ដោយ​ក្រុម​ជន​អន្ធពាល​ដែល​គេ​ជួល​​ឲ្យ​ធ្វើ​បាប​លោក​ លោក​បាន​និយាយ​ថា “ក្រុម​ហ៊ុន​បាន​ព្យាយាម​ប្រើ​អំពើ​ហិង្សា​​ដើម្បី​បង្ខំ​ឲ្យ​ខ្ញុំចាក​ចេញ ហើយ​​វា​មិន​បាន​សម្រេច​ទេ។ ពេល​នេះ​ពួកគេ​កំពុង​ប្រើ​តុលាការ​​ដើម្បី​ធ្វើ​រឿង​ស្មោកគ្រោក​របស់​ពួកគេ”។

លោក​​អះអាង​ថា ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​កន្លង​មក​នេះ សន្តិសុខ​របស់​ក្រុម​ហ៊ុន​នេះ​បាន​ធ្វើ​សកម្មភាព​​បំភិត​បំភ័យ​គ្រួសារ​របស់​លោក។ ក្រុម​ហ៊ុន​បាន​បញ្ជូន​​ក្រុម​អន្ធពាល​មក​ដុត​ផ្ទះ​របស់​លោក បោះ​ពស់វែក​ចូល​ផ្ទះ វាយ​ដំគ្រួសារ​របស់​លោក ហើយ​ឃ្លាំ​មើល​ពួកលោក​​២៤​ម៉ោង​លើ​២៤​ម៉ោង​។

លោក លី ស្រា៊ងខេង និង​កូនស្រី​របស់​លោក​បានជាប់ពន្ធនាគារ​​ក្រោយពី​​ប៉ះទង្គិច​ជាមួយ​សន្តិសុខ​ទាំង​នោះ​កាលពី​ខែ​វិច្ឆិកា ​បទ​​​ប្រើអំពើ​ហិង្សា​លើ​ម្ចាស់​​អចលនទ្រព្យ​តាម​ច្បាប់​ភូមិបាល​។ លោក​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ខែធ្នូ ប៉ុន្តែ​​​ពេល​នេះ​កូនស្រី​អាយុ​២៣​ឆ្នាំ​របស់​លោក​កំពុង​ជាប់ពន្ធនាគារ​នៅឡើយ​៕ សុខុម​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស