ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានកាន់តួនាទីពេញលេញក្នុងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចកាលពីម្សិលមិញ ជាមួយនឹងសមាជគណបក្សដែលបានផ្ដល់ការគ្រប់គ្រងគណបក្សនេះពេញលេញដល់ព្រះអង្គ បន្ទាប់ពីមានការតស៊ូអំណាចជាមួយបុរសម្នាក់ដែលជាអ្នកផ្តួចផ្តើមឲ្យមានការដកព្រះអង្គចេញពីប្រធានគណបក្សនេះកាលពីឆ្នាំ២០០៦។
ការយាងមកកាន់គណបក្សនេះវិញ ដែលព្រះអង្គបានដឹកនាំឲ្យទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ ចាប់តាំងពីព្រះអង្គម្ចាស់ រណឫទ្ធិ បានយាងមកកាន់គណបក្សហ៊្វ
ប៉ិចវិញកាលពីខែមករា បានតស៊ូជាសាធារណៈជាមួយលោក ញឹក ប៊ុនឆៃ ដែលឥឡូវនេះជាអនុប្រធានទី២ជុំវិញតួនាទីជាអ្នកដឹកនាំក្នុងគណបក្សរួមទាំងតួនាទីអគ្គលេខាធិការ។
លោក ញឹក ប៊ុនឆៃ បានអះអាងជាសាធារណៈកាលពីខែមុនថា ការជ្រើសរើសលោក សាយ ហាក់ អតីតអភិបាលខេត្តព្រះសីហនុរបស់ព្រះអង្គជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចនេះ មិនអាចយកជាការបានទេ ពីព្រោះមិនត្រូវបានអនុម័តយល់ព្រមដោយសមាជគណបក្សឡើយ។
ព្រះអង្គម្ចាស់ រណឫទ្ធិ បានមានបន្ទូលថា ព្រះអង្គមានអំណាចជាប្រធានក្នុងការតែងតាំងតាមព្រះទ័យព្រះអង្គ ជាអ្វីដែលលោក ញឹក ប៊ុនឆៃ បានច្រានចោល ហើយនៅសមាជកាលពីម្សិលមិញ លោក សាយ ហាក់ បានអានសេចក្ដីសម្រេចដែលបានបញ្ជាក់ពីការបកស្រាយរបស់ព្រះអង្គម្ចាស់។
លោក សាយ ហាក់ បានមានប្រសាសន៍ថា “សមាជបានអនុម័តរបៀបវារៈស្ដីពីការកែប្រែលក្ខន្ដិកៈគណបក្សរួមមានរូបសញ្ញាថ្មី និងការផ្ដល់អំណាចពេញលេញដល់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាប្រធានគណបក្សក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុង ដើម្បីធានាឲ្យមានប្រសិទ្ធភាពក្នុងការដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច”។
ដោយជំនួសរូបសញ្ញាចាស់របស់គណបក្សហ៊្វុនស៊ិនប៉ិចពីរទសវត្សរ៍មកហើយ ជារូបវិមានឯករាជ្យនៅក្នុងរាជធានីភ្នំពេញនឹងមានការរចនាថ្មីស្ទើរតែដូចបេះបិទទៅនឹងរូបសញ្ញារបស់គណបក្ស សង្គម រាស្ត្រ រាជាធិបតេយ្យ ដែលព្រះអង្គបានបង្កើតឡើងកាលពីឆ្នាំមុន ប៉ុន្តែបានបញ្ចប់ទៅវិញ នៅពេលព្រះអង្គយាងមកកាន់គណបក្សហ៊្វុនស៊ិនប៉ិចវិញ។
ព្រះអង្គម្ចាស់ រណឫទ្ធិ បានប្រាប់អង្គសមាជថា ព្រះអង្គសង្ឃឹមថា ថ្នាក់ដឹកនាំគណបក្សហ្វុ៊នស៊ិនប៉ិច ដែលភាគច្រើនជារាជវង្សានុវង្ស នឹងរក្សាកេរដំណែលរបស់សម្ដេចឪ នរោត្តម សីហនុ ហើយក៏មានការចៀសវាងបក្ខពួកនិយមផងដែរ។
ព្រះអង្គបានមានបន្ទូលថា ក្រៅពីបម្រើឲ្យចលនានៃកេរដំណែលសម្ដេចឪរបស់យើង សូមថ្នាក់ដឹកនាំទាំងអស់កុំឲ្យមានបក្ខពួកនិយមនៅក្នុងគណបក្សហ្វុ៊នស៊ិនប៉ិច។ ខ្ញុំនឹងបណ្ដេញនរណាដែលបក្ខពួកនិយមចេញពីគណបក្សហ៊្វុនស៊ិនប៉ិច”។
ព្រះអង្គម្ចាស់ រណឫទ្ធិ ក៏បានអំពាវនាវឲ្យលោក ញឹក ប៊ុនឆៃ និងព្រះអង្គម្ចាស់ នរោត្តម អរុណរស្មី ជាអនុប្រធានទី១គណបក្សហ៊្វុនស៊ិនប៉ិចរួបរួមគ្នាក្រោមការដឹកនាំរបស់ព្រះអង្គ
ផងដែរ។
ព្រះអង្គបានមានបន្ទូលថា “ក្នុងនាមជាប្រធាន ខ្ញុំចុះទៅប្រមូលសំឡេងអ្នករាជានិយមពិតប្រាកដ ឲ្យចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ហើយអនុប្រធានម្នាក់ៗបំពេញភារកិច្ចរបស់ខ្លួនតាមការត្រូវការរបស់ខ្ញុំ។ គេមិនអាចទាក់ទងលោក ញឹក ប៊ុនឆៃ ដើម្បីសុំអត្ថាធិប្បាយបានទេ៕ សារុន