32 C
Phnom Penh

អូស្ត្រាលី​ និង​កម្ពុជា​ពិភាក្សា​​អំពី​ការទទួល​យក​ជន​ភៀស​ខ្លួន​៥គ្រួសារ​ជា​ការ​ល្បង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ជំនួប​បិទ​ទ្វារ​មួយ​កាលពី​ម្សិលមិញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី ភីតធើ ដាត់ថុន (Peter Dutton) និង​លោក​ ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ បាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​​ទទួល​យក​​ជន​ភៀស​ខ្លួន​ចំនួន​ប្រាំគ្រួសារ ដែល​បច្ចុប្បន្ន​កំពុងជាប់​ឃុំ​​​នៅ​លើ​​ប្រទេស​ដែន​កោះ​ណូរូ​ ស្ថិត​នៅ​កណ្ដាល​មហាសមុទ្រ​បា៉ស៊ីហ្វិក​ខាង​ត្បូង​ជា​ការ​សាក​ល្បង​ មុនពេល​បញ្ជូន​​ជន​ភៀស​ខ្លួន​បន្ថែម​ទៀត​មក​កាន់​កម្ពុជា​។

រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ដ៏ចម្រូង​ចម្រាស​មួយ​ជាមួយ​ប្រទេស​អូស្ត្រាលី កាលពី​ខែ​កញ្ញា ដើម្បី​​ទទួល​យក​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ស្រប​ច្បាប់ និង​ដែល​កំពុង​​ជាប់​ឃុំ​​នៅ​លើ​កោះ​ណូរូ​ ឲ្យ​មក​តាំង​លំនៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ថ្នូរ​នឹង​ជំនួយ​បន្ថែម​ចំនួន​៣៥លាន​ដុល្លារ​សម្រាប់​រយៈពេល​៤​ឆ្នាំ​បន្ទាប់​។

ថ្លែង​ទៅ​កាន់​បណ្ដា​អ្នក​សារព័ត៌មាន​ក្រោយ​​ជំនួប​នៅ​ក្រសួង​ការ​បរទេស​នេះ​​ លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​​បាន​មាន​ប្រសាសន៍​ថា ជន​ភៀស​ខ្លួន​ប្រាំគ្រួសារ​នោះ​នឹង​មក​តាំង​លំនៅ​ក្នុង​ប្រទេស​កម្ពុជា​ លុះ​ត្រា​តែ​ពួកគាត់​​ស្ម័គ្រ​ចិត្ត​។

លោក​បាន​លើក​ឡើង​បន្ថែមទៀត​ថា “យើង​នឹង​មិន​បង្ខំ​ជន​ភៀស​ខ្លួន​របស់​អូស្ត្រាលី​ ឲ្យ​មក​ស្នាក់​នៅ​កម្ពុជា​ទេ ប្រសិន​បើ​​ពួកគាត់​មិន​យល់​ព្រម​។ យើង​ត្រូវ​ការ​ឲ្យ​ពួកគាត់​បង្ហាញ​មុខ​ក្នុង​នាម​ជា​អ្នក​ស្ម័គ្រ​ចិត្ត​។ យើង​មាន​គម្រោង​​ព្យាយាម​បញ្ជូន​ប្រហែល​​ប្រាំគ្រួសារ​ដំបូង​មក​កាន់​កម្ពុជា ហើយ​យើង​នឹង​បញ្ជូន​មនុស្ស​មក​បន្ថែមទៀត​ ប្រសិន​បើ​អ្នក​ផ្សេង​ទៀត​​​យល់​ព្រម​មក។ យើង​មិន​ដឹង​ថា មានអ្នកស្ម័គ្រ​ចិត្ត​ប៉ុន្មាន​នាក់​មក​កម្ពុជា​ទេ ពីព្រោះ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​នៅឡើយ​ជុំវិញ​ថា តើ​នឹង​បញ្ជូន​​អ្នក​ទាំង​នោះ​នៅ​ពេល​ណា ហើយ​ពួកគេ​ត្រូវ​រស់​នៅ​កន្លែង​ណា​នោះ​”។

រហូត​មក​ទល់​ពេល​នេះ មាន​ជន​ភៀស​ខ្លួន​តិច​តួច​ណាស់​ដែល​បង្ហាញពី​ចំណាប់​អារម្មណ៍​ចង់​មក​តាំង​លំនៅ​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ពេល​មន្ត្រី​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ណូរូ​កាលពី​ខែ​មករា បាន​ជន​ភៀស​ខ្លួន​តែ​បី​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​រាប់​រយនាក់​ ដែល​ជាប់​ឃុំ​​នៅ​លើ​កោះនោះ ​បាន​សុំជួប​ជាមួយ​គណៈប្រតិភូ​កម្ពុជា​។

អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃមក​កាន់​កម្ពុជា លោក ភីតធើ ដាត់ថុន ក៏​បានជួប​ជាមួយ​លោក ស​ ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​លោក នេត សាវឿន អគ្គស្នង​ការ​នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​ផង​ដែរ​៕ សុខុម​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស