26 C
Phnom Penh

ទាហាន​​​ស្រវឹង​​​ស្រា​​​ម្នាក់​​​បាញ់ត្រូវ​​​ក្មេង​​​ប្រុស​​​អាយុ​​​១២ឆ្នាំម្នាក់ដោយ​​​ចៃដន្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​បាន​និយាយ​​កាលពី​ម្សិលមិញ​​ថា វរ​​​សេនីយ៍​​​ត្រី​​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​ម្នាក់​​ត្រូវ​​​បាន​ចាប់​ខ្លួន​ក្នុង​ខណ្ឌ​ពោធិ៍​​​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​សៅរ៍ បន្ទាប់ពី​បុរស​​​រូប​​​នេះ​បាន​​​បាញ់ត្រូវ​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​ដោយ​ចៃដន្យ​ ពេល​ខ្លួន​​​ស្រវឹង​ស្រា​​​ដោយ​​​ព្យាយាម​​​​​​​ “ស្ដារ​កាណុង​កាំភ្លើង​របស់​ខ្លួន” ដោយ​បាញ់​គ្រាប់​ពិត​។

យោង​តាម​លោក ស៊ឹម ភួន ចៅសង្កាត់​បាន​ឲ្យ​ដឹង​ថា លោក ប៉ុល ពន្លឺ អាយុ​៤៣​ឆ្នាំ ជា​ទាហាន​នៅ​កង​ពល​​​តូច​លេខ​៧០នៃកងយោធពល​​​ខេមរភូមិន្ទ​​​​​បាន​ផឹក​​​ស្រា​ស្រវឹង​យ៉ាង​ខ្លាំង​​​កាលពី​ថ្ងៃសៅរ៍ ហើយ​បាន​រង់ចាំ​យក​សាច់​ជ្រូក​នៅ​ក្រៅ​តូប​លក់​សាច់​ជ្រូក​មួយ​នៅ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង នៅ​ម៉ោង​ប្រហែល​៦និង​៤៥​នាទី​ល្ងាច នៅ​ពេល​នោះ​គាត់​បាន​​បាញ់​កាំភ្លើង​ភ្ជុច​ដី​មួយ​គ្រាប់​។

លោក​បាន​​​មាន​ប្រសាសន៍​ថា “បុរស​រូប​នេះ​ស្រវឹង​ស្រា ហើយ​គាត់​បាន​បាញ់​កាំភ្លើង​ភ្ជុច​ដី​មួយ​គ្រាប់​។ បន្ទាប់មក​​​គាត់​ភ័យ​ស្លន់ស្លោ​ ហើយ​បាន​ព្យាយាម​រត់គេច​ខ្លួន​តាម​ម៉ូតូ ប៉ុន្តែ​កម្លាំង​សន្តិសុខ​របស់​យើង​​ក្នុង​ភូមិ​បាន​ដេញ​តាម​ ហើយ​ឃាត់​បាន​នៅ​ចម្ងាយ​ប្រហែល​៤គីឡូ​ម៉ែត្រ​​​ពី​កន្លែង​កើត​ហេតុ​”។

លោក ស៊ឹម ភួន បាន​មាន​ប្រសាសន៍​ថា គ្រាប់​កាំភ្លើង​របស់​វរ​​​សេនីយ៍​ត្រី​រូប​នេះ​បាន​បាញ់​ភ្ជុច​ដី ហើយ​ប្លាត​ទៅ​ត្រូវ​​ភ្លៅ​ស្ដាំ​របស់​ក្មេង​​ប្រុស​ តុល ចន្ថា ដែល​កំពុង​ទិញ​​ទឹក​កក​ពី​អ្នក​លក់​នៅ​​​ជាប់​​​​តូបលក់​​​​សាច់​ជ្រូក​នោះ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា “យើង​បាន​បញ្ជូន​ក្មេង​ប្រុស​នេះ​ទៅ​គ្លី​​​និក​មួយ​ក្នុង​សង្កាត់​ចោម​ចៅ​ភ្លាម​​​ៗ បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​កុមារ​​​ជាតិ​​ដើម្បី​​​ធ្វើ​ការ​វះកាត់”។

លោក​បាន​បន្ថែម​ថា លោក ពន្លឺ ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ ដើម្បី​ធ្វើ​ការ​សាក​​​សួរ។

លោក យឹម សារ៉ន អធិការ​នគរ​បាល​​ខណ្ឌ​បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​រូប​នេះ​បាន​ប្រាប់​​​​មន្ត្រី​​​ទាំង​​​នោះថា គាត់​បាន​បាញ់​កាំភ្លើង​​​នោះ ​ពីព្រោះ​​​​គាត់​ចង់​ស្ដារ​​កាណុង។

លោក​បាន​មាន​ប្រសាសន៍​ថា “គាត់​បាន​ប្រាប់​យើង​ថា គាត់​បាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ ហើយ​បាញ់​ភ្ជុច​ដី​មួយ​គ្រាប់​ដើម្បី​​ស្ដារ​កាណុង”។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​សួរ​សាក្សី​មួយ​ចំនួន ហើយ​ពួកគាត់​បាន​ប្រាប់​យើង​ថា បុរស​រូប​នេះ​ស្រវឹង​ស្រា ហើយ​មិន​បាន​​ឈ្លោះ​ទាស់​ទែង​ជាមួយ​នរណា​ទេ​មុន​ពេល​ការ​​​បាញ់​នោះ​​​”។ លោក​បាន​បន្ថែម​ថា ជន​សង្ស័យ​រូប​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ។

អង្គុយ​នៅ​ជាប់​កូន​ប្រុស​របស់​គាត់​ដែល​កំពុង​ដេក​នៅ​មន្ទីរពេទ្យ​​​​កុមារ​​​ជាតិ​កាលពី​ម្សិលមិញ អ្នកស្រី សឿ សុភា អាយុ​៣៦​ឆ្នាំ​បាន​និយាយ​ថា គ្មាន​ហេតុ​ផល​ដែល​​​អ្នក​​​ស្រី​ជឿ​ថា ទាហាន​រូប​​នេះ​​​មាន​​​បំណង​​​​បាញ់​កូន​ប្រុស​របស់​គាត់​ឡើយ។

អ្នកស្រី​បាន​និយាយ​ថា “ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរ​បាល​សង្កាត់​នៅ​ថ្ងៃ​នេះ ដើម្បី​ទាមទារ​សំណង​”។ អ្នកស្រី​បាន​បន្ថែម​ថា អ្នកស្រី​បាន​ចំណាយ​ប្រាក់​ព្យាបាល​របួស​កូន​ប្រុស​របស់​អ្នកស្រី​អស់​​​ប្រាក់​​​ប្រហែល​៦០០​ដុល្លារ​ហើយ៕សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស