25 C
Phnom Penh

បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​យក​កាំបិត​ចាក់​ពីរ​នាក់​ម្ដាយ និង​កូន​ស្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ នគរ​បាល​ក្នុង​ក្រុង​ប៉ៃលិន​បាន​ចាប់​ខ្លួន​បុរស​ម្នាក់ពីបទ​​សង្ស័យ​ថា បាន​ប្រើ​កាំបិត​វាយ​ប្រហារ​លើ​ពីរ​នាក់​ម្ដាយ​ និង​កូនស្រី​​​នៅ​ក្នុង​ផ្ទះ​របស់​ស្ត្រី​​រងគ្រោះ​ក្នុង​សង្កាត់​បរយ៉ាខា កាលពី​ថ្ងៃសុក្រ​។

លោក លឹម វាសនា ​អធិការ​នគរ​បាល​ក្រុង​ប៉ៃលិន​បាន​លើក​ឡើង​ថា ជន​សង្ស័យ​រូប​នេះ​បាន​ចូល​ក្នុង​ផ្ទះ​ជន​រងគ្រោះ​ក្រោយពេល​ពាក់​កណ្ដាល​អធ្រាត្រ​កាលពី​ថ្ងៃសុក្រ ហើយ​បាន​ចាក់​ស្ត្រី​រងគ្រោះ និង​កូនស្រី​របស់​គាត់​ខណៈ​កំពុង​ដេក​។

លោក វាសនា បានមាន​ប្រសាសន៍​ថា “ស្ត្រី​ជា​ម្ដាយ​ឈ្មោះ ទាវ សុខលី អាយុ​២៩ឆ្នាំ និង​កូនស្រី​អាយុ​៣ឆ្នាំរបស់​គាត់​​​ត្រូវ​របួស​ក្បាល​ជាច្រើន​កន្លែង​។ យើង​កំពុង​តែ​ស៊ើបអង្កេត​លើ​ករណី​នេះ ហើយ​មក​ទល់ពេល​នេះ​យើង​នៅ​មិន​ទាន់​​ដឹង​ពីមូលហេតុ​នៃ​ការ​វាយ​ប្រហារ​នេះ​នៅ​ឡើយ​ទេ”។

លោក​ ឈ ម៉ាញ់ នាយ​ប៉ុស្តិ៍​​នគរ​បាល​សង្កាត់​នេះ​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ថា មាន​ឈ្មោះ មឿន ម៉ៃ អាយុ​២១​ឆ្នាំ ដែល​លោក​បាន​លើក​ឡើង​ថា បាន​ចាក់​អ្នកស្រី សុខលី ចំនួន​ប្រាំពីរ​កាំបិត និង​កូនស្រី​របស់​គាត់​បី​កំាបិត​។

លោក ឈ ម៉ាញ់ បានមាន​ប្រសាសន៍​ថា “យើង​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ព្រោះ​ជន​នេះ​ហាក់​បី​ដូច​ជា​មានជាប់​ពាក់​ព័ន្ធ​ ហើយ​មិន​អាច​ឆ្លើយ​សំណួរ​របស់​យើង​ឲ្យ​បាន​ត្រឹម​ត្រូវ”។

លោក ជា ឌឿន នាយ​រង​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​បរយ៉ាខា​នេះ​បាន​​លើក​ឡើង​ថា ដោយ​សារ​មាន​អាវ​យឺត​ប្រឡាក់ឈាម​មួយ​ ទើប​នគរ​បាល​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ជន​សង្ស័យ ប៉ុន្តែ​ថា លោក​មិន​ដឹង​ថា អាវ​នេះ​ត្រូវ​គេ​ប្រទះឃើញ​នៅ​កន្លែង​ណាឡើយ​។

លោក ជា​ ឌឿន បានមាន​ប្រសាសន៍​ថា “នគរ​បាល​បាន​យក​អាវ​របស់​ជន​សង្ស័យ​ ហើយ​ដើរ​សួរ​អ្នកភូមិ​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ហ៊ាន​និយាយ​អ្វី​ឡើយ”។ លោក​បាន​បន្ថែម​ថា ជន​រងគ្រោះ​កំពុង​ត្រូវ​បានព្យាបាល​​​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត៕ ស៊ុយឈាង​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស