ប័ណ្ណសារ

អ្នកនាំពាក្យ​​​រដ្ឋសភា​​​​​​លើក​​​ឡើង​​​ថា អភ័យ​​​ឯក​​​សិទ្ធិ​​​របស់​​​សមាជិក​​​សភា​​​ម្នាក់ ​​​នឹង​​​អស់​​​សុពល​​​ភាព

By

March 16, 2015

លោក ឈាង វុន អ្នក​នាំ​​​ពាក្យ​រដ្ឋសភា​បាន​មាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​ថា សមាជិក​សភា​គណបក្ស​ប្រឆាំង​ម្នាក់​​​ដែល​​​​កាលពី​ថ្ងៃ​សុក្រ​​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ថា​​​បាន​​​ជួយ​​​បុរស​ម្នាក់​​ចេញ​​ពី​ពន្ធនាគារ​​​នោះ​​​​​ អាច​ត្រូវ​បាន​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​​នៅ​​​ពេល​​​អស់​​​​​​អភ័យ​​​ឯកសិទ្ធិ​​​ជា​​​សមាជិក​​​សភា។

លោក ចាន់ ចេង សមាជិក​សភា​គណ​​​ប​ក្ស​​​​សង្គ្រោះ​​​ជាតិ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ពីរ​នាក់ ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​កំបាំង​​​​មុខ​​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ បន្ទាប់ពី​ត្រូវ​បាន​រក​ឃើញ​​​ពិរុទ្ធភាព​​ថា បាន​ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​របស់​គណបក្ស​សង្គ្រោះ​​​ជាតិ ដែល​ជាប់​ចោទ​ថា បាន​រត់​គេច​ខ្លួន​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល​កាលពី​ឆ្នាំ​២០១១។

សមាជិក​ក្រុម​ប្រឹក្សា​រូប​នេះ​ឈ្មោះ មាស ប៉េង ក៏​ត្រូវ​បាន​​​សាលាដំបូង​ខេត្ត​​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ​ផង​ដែរ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​សមាជិក​គណបក្ស​ប្រឆាំង​បី​រូប​​​បាន​ជាប់ពន្ធនាគារ​ ឬ​​​ចាប់​ខ្លួន​ឡើយ​។

លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា អភ័យ​ឯកសិទ្ធិ​របស់​លោក ចាន់ ចេង រួច​ផុ​ត​​​ពី​ការ​ផ្ដន្ទាទោស​ក្នុង​នាម​ជា​សមាជិក​សភា ​​នឹង​រារាំង​មិន​ឲ្យ​​មាន​ការ​ចាប់​ខ្លួន​រូប​លោក​រហូត​ដល់​ដំណើរ​ការ​ប្តឹង​​​ទាស់​​​ចប់​រួច​រាល់ ត្រង់​ចំណុច​នេះ​ហើយ​អភ័យ​ឯកសិទ្ធិ​របស់​លោក​នឹង​អស់​សុពល​ភាព ​ប្រសិន​បើ​​សាល​ក្រម​​​មិន​ត្រូវ​បាន​កែ​​​ប្រែ​​​ទេ​​​នោះ។

រដ្ឋ​​​ធម្មនុញ្ញ​​​ចែង​ថា អភ័យ​ឯកសិទ្ធិ​របស់​សមាជិក​សភា​​អាច​ត្រូវ​បាន​ដក​ដោយ​សំឡេង​ឆ្នោត​ពីរ​ភាគ​​​បី​នៃ​សមាជិក​សភា​ ឬ​ក្នុង​ករណី​ “បទល្មើស​ជាក់​ស្ដែង” ​នៅ​ពេល​ពួកគេ​តាម​ទាន់​ពេល​កំពុង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​។

លោក​ ឈាង វុន ដែល​ជា​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ” ឥឡូវ​នេះ​គ្មាន​នរណា​ម្នាក់​អាច​ចាប់​ខ្លួន​គាត់​បាន​ទេ ពីព្រោះ​គាត់​នៅ​មាន​អភ័យ​ឯកសិទ្ធិនៅឡើយ​។ គាត់​នឹង​បាត់​បង់​​​អភ័យ​ឯកសិទ្ធិ​នៅ​ពេល​សាល​ដីកា​​​ចូល​ជាធរមាន​”។

លោក​បាន​​​មាន​ប្រសាសន៍​ថា “ឧទាហរណ៍ ​នៅ​​​ពេល​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល​បើកសវនាការ​​​ជំនុំជម្រះ​រឿង​ក្ដី​នេះ…​វា​​​នឹង​មាន​ប្រសិទ្ធ​​​ភាព​នៅ​​​ពេល​នោះ​តែម្ដង​”។

លោក ឈាង វុន ក៏​បាន​បន្ទរ​ការ​អត្ថាធិប្បាយ​របស់​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​កាលពី​សប្ដាហ៍​មុន​ថា ការ​ចរចា​នយោបាយ​អាច​អន្តរាគមន៍​ឲ្យ​មាន​ការ​កែប្រែ​ការ​ផ្ដន្ទាទោស​​។លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​គិត​ថា មេដឹកនាំ​ទាំងពីរ​អាច​សម្រប​សម្រួល​បញ្ហា​នេះ​បាន​តាម​រយៈ​វប្បធម៌​នៃ​ការ​ពិភាក្សា​​”។

លោក លឹម សុគន្ធថា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា តុលាការ​ត្រូវ​បាន​អនុញ្ញាត​តាម​​​ផ្លូវ​​​ច្បាប់​​​ឲ្យ​​​ផ្ដន្តា​​​ទោស​សមាជិក​សភា​ បើ​ទោះ​ជា​ពួកគាត់​មាន​អភ័យ​ឯកសិទ្ធិ​ក៏ដោយ ហើយ​គ្រាន់​​​តែ​​​តម្រូវ​​ឲ្យ​ដក​អភ័យ​ឯកសិទ្ធិ​​ដើម្បី​​​ចាប់​ខ្លួន​សមាជិក​​​សភា​​​តែប៉ុណ្ណោះ។

កាលពី​ម្សិលមិញ​លោក​បាន​បញ្ជាក់​ពី​ការ​បក​ស្រាយ​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក ឈាង វុន ហើយ​បាន​លើ​ក​ឡើង​ថា លោក ចាន់ ចេង នឹង​ត្រូវ​ចាប់​ខ្លួន​ប្រសិន​បើ​សាល​ក្រម​របស់​​​​តុលាការ​ត្រូវ​បាន​តម្កល់​។

លោក​បាន​មាន​ប្រសាសន៍​ថា “មិន​ទាន់​មាន​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ទេ។ ពួកគេ​បាន​សម្រេច​ផ្ដន្ទាទោស​គាត់​បន្ទាប់ពី​សាល​ក្រម​ចូល​ជាធរមាន​​គឺក្នុង​រយៈពេល​៣០​ថ្ងៃ ប្រសិន​បើ​គាត់​មិន​ប្ដឹង​ទាស់​​​”។

លោក សុគន្ធថា បាន​មាន​ប្រសាសន៍​ថា “តុលាការ​បាន​ផ្ដន្ទាទោស​គាត់ ប៉ុន្តែ​រាប់​​​ចំនួន​​ថ្ងៃ​ដែល​សាល​ក្រម​​ចូល​ជា​ធរមាន​ ដូច្នេះ​យើង​ត្រូវ​រង់ចាំ​រហូត​ដល់​តុលាការ​ចុងក្រោយ​​​ចេញ​​​​សេច​​​ក្តី​​​សម្រេច​​​ គឺ​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល​។ ប្រសិន​បើ​សាល​ដីកា​​​ចូល​ជា​ធរមាន​ ព្រះរាជ​អាជ្ញា​នឹង​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​”។

លោក​ មាស​ ប៉េង​ ដែល​ជា​បុរស​ម្នាក់​រង​ការ​ចោទ​ប្រកាន់​ថា បាន​រត់​គេច​ពី​ពន្ធនាគារ​បាន​លើក​​ឡើង​ថា ​លោក​បាន​​ដើរ​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល​​​ដោយ​​​មាន​​​សេរីភាព​​នៅ​ថ្ងៃ​​ដែល​លោក​ត្រូវ​បាន​ឃុំខ្លួន ​តាម​ការ​ចោទ​ប្រកាន់​​​ពី​បទ​ញុះញង់​អ្នកភូមិ​ក្នុង​​​​វិវាទ​ដីធ្លី​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១១ បន្ទាប់ពី​មេធាវី​របស់​លោក និង​លោក​ ចាន់ ចេង បាន​ចរចា​ឲ្យ​​ដោះលែង​រូប​លោក​៕ សារុន​​​​​​​​