អ្នកនាំពាក្យនគរបាលម្នាក់បានឲ្យដឹងកាលពីម្សិលមិញថា ដោយបទល្មើសតូចតាចមានការកើនឡើងនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃសុក្រនគរបាលជាតិបានធ្វើសេចក្ដីព្រាងផែនការមួយ ដើម្បីការពារជនបរទេស និងវិនិយោគិននៅទូទាំងប្រទេស។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានលើកឡើងថា សេចក្ដីព្រាងផែនការនេះត្រូវបានបញ្ចប់កាលពីថ្ងៃសុក្រ ហើយបញ្ជូនទៅកាន់ស្ថានទូតទាំង២៧នៅក្នុងរាជធានីភ្នំពេញ។
ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា “គោលបំណងគឺដើម្បីការពារជនបរទេសទាំងអស់ ជាពិសេសវិនិយោគិន និងភ្ញៀវទេសចរណ៍ ជាផ្នែកនៃផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។ ការវិនិយោគ និងវិស័យទេសចរណ៍គឺមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ”។
ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានលើកឡើងទៀតថា អំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃកាលពីខែមុន នគរបាលបានរាយការណ៍ថា បទល្មើសទូទៅបានធ្លាក់ចុះនៅទូទាំងប្រទេស ប៉ុន្តែមានការកើនឡើងនៃបទល្មើសតូចតាច។
លោកបានមានប្រសាសន៍ថា “បទល្មើសតូចតាចដូចជា ការលូកហោប៉ៅ និងការឆក់កាបូបមានការកើនឡើងបន្តិច ហើយវាបានធ្វើឲ្យប៉ះពាល់ដល់ជនបរទេស។ វាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិយើង”។
ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ មិនបានបញ្ជាក់ឡើយថា តើពេលណាឬក៏វិធានការជាក់លាក់អ្វីដែលនឹងត្រូវចាត់ឡើងដើម្បីការពារជនបរទេស ប៉ុន្តែលោកបានលើកឡើងថា ផែនការនេះនឹងត្រូវអនុវត្តគ្រប់ខេត្តទាំងអស់។
នៅពេលថ្លែងសុន្ទរកថាទៅកាន់មន្ត្រីនៅក្រសួងមហាផ្ទៃកាលពីថ្ងៃសុក្រ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានលើកឡើងថា ប្រទេសកម្ពុជាស្វាគមន៍ជនបរទេសទាំងអស់ឲ្យតែពួកគេគោរពច្បាប់របស់ប្រទេសកម្ពុជា។
យោងតាមការបង្ហោះមួយនៅលើគេហទំព័ររបស់នគរបាលជាតិកាលពីម្សិលមិញ ឧត្ដមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ថា ” ប៉ុន្តែកម្ពុជានឹងមិនអនុញ្ញាតឲ្យក្រុមមា៉ហ្វីយ៉ាបរទេសមកប្រព្រឹត្តបទល្មើសខុសច្បាប់នៅក្នុងទឹកដីកម្ពុជាឡើយ។ ប្រសិនបើបញ្ហានេះកើតឡើង កងកម្លាំងនគរបាលនឹងស៊ើបអង្កេតអ្នកទាំងនោះ ហើយនឹងផ្ដន្ទាទោសពួកគេតាមច្បាប់”។
ឧត្ដមសេនីយ៍ នេត សាវឿន បានបន្ថែមថា “លោកក៏កត់សម្គាល់ឃើញថា មានការកើនឡើងនៃបទល្មើសដែលបង្កឡើងដោយជនបរទេសនៅក្នុងខេត្តព្រះសីហនុផងដែរ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ជនបរទេសបានបង្កបទល្មើសមួយចំនួនដូចជា រឿងគំនុំ ការបាញ់ប្រហារដោយមានគោលដៅសម្លាប់ ស្នេហាត្រីកោណ និងជម្លោះក្នុងការរកស៊ីជាដើម”។
នៅក្នុងប៉ុន្មានខែថ្មីៗនេះ ជនជាតិរុស្ស៊ីដែលរស់នៅក្នុងក្រុងព្រះសីហនុ មានការជាប់ពាក់ព័ន្ធនៅក្នុងអំពើហិង្សាមួយចំនួន ក្នុងនោះមានដូចជា ជម្លោះរវាងអ្នកជំនួញជនជាតិរុស្ស៊ីដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភចំនួនពីរនាក់ជាដើម។
កាលពីខែធ្នូ លោក នីកូឡៃ ដូរ៉ូសិនកូ (Nicolai Doroshenko) ដែលរស់នៅក្នុងក្រុងព្រះសីហនុជាយូរមកហើយបានចោទប្រកាន់គូប្រជែងរបស់លោកឈ្មោះ សេរហ្គេ ប៉ូលុនស្គី (Sergei Polonsky) ពីបទបញ្ជាឲ្យមានការវាយប្រហារលើកូនប្រុសរបស់លោកឈ្មោះ អូសថេប ដូរ៉ូសិនកូ (Ostap Doroshenko) ដែលជាមេក្រុមម្នាក់ក្នុងកងកម្លាំងនគរបាលមូលដ្ឋានក្នុងខេត្តព្រះសីហនុ។
លោក ប៉ូលុនស្គី ជាអតីតមហាសេដ្ឋីដែលរដ្ឋាភិបាលក្រុងមូស្គូតាមចាប់ខ្លួនពីបទកិបកេងប្រាក់រាប់លានដុល្លារ បានបដិសេធថា លោកមិនបានរៀបចំផែនការវាយប្រហារនេះឡើយ។
កាលពីម្សិលមិញ លោក កុល ផល្លី ស្នងការរងនគរបាលខេត្តនេះបានលើកឡើងថា រថយន្តមួយគ្រឿងដែលចតនៅខាងក្រៅផ្ទះរបស់លោក ដូរ៉ូសិនកូ ក្នុងក្រុងព្រះសីហនុ បានផ្ទុះឡើងពេលទៀបភ្លឺឈានចូលព្រឹកថ្ងៃសុក្រ។
លោក ផល្លី បានមានប្រសាសន៍ទាក់ទិននឹងការស៊ើបអង្កេតដែលកំពុងបន្តលើករណីផ្ទុះរថយន្តនេះថា “ឥឡូវនេះ យើងមិនទាន់សង្ស័យអ្វីនៅឡើយទេ យើងត្រូវរង់ចាំលទ្ធផលរបស់ក្រុមបច្ចេកទេសសិន”។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ការវាយតប់គ្នាមួយបានកើតឡើងរវាងបុរសពីរក្រុមនៅសណ្ឋាគារ និងកាស៊ីណូ Queenco ក្នុងក្រុងព្រះសីហនុ ដោយបណ្ដាលឲ្យបុរសយ៉ាងតិចពីរនាក់រងរបួស ក្នុងនោះមានម្នាក់ត្រូវគេចាក់ឲ្យរបួសធ្ងន់។ សាក្សីបាននិយាយនៅពេលនោះថា ជម្លោះនេះបានចាប់ផ្ដើមកើតឡើងនៅពេលបុរសមួយក្រុមបានទាមទារប្រាក់ចំណេញពីក្រុមហ៊ុនទេសចរណ៍ Lotus Tours ដែលជាអ្នកលក់សំបុត្រសម្រាប់ការប្រគុំតន្ត្រី Kazantip នៅលើកោះពស់ ដែលក្រោយមកត្រូវអាជ្ញាធរមូលដ្ឋានបញ្ជាឲ្យលុបចោលនោះ។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រ ឧត្ដមសេនីយ៍ នេត សាវឿន បានលើកឡើងថា ជនបរទេសក៏បង្កឲ្យមានភាពអាសអាភាសនៅក្នុងផ្នែកផ្សេងៗទៀតនៃប្រទេសកម្ពុជាផងដែរ។
លោកបានលើកឡើងពីករណីមួយក្នុងខែមករា ដែលភ្ញៀវទេសចរមកពីអឺរ៉ុបចំនួនបីនាក់ត្រូវបាននិរទេសខ្លួនបន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទជិះម៉ូតូទាំងអាក្រាតកាយនៅក្នុងខេត្តកណ្ដាល ក៏ដូចជាការចាប់ខ្លួន និងការនិរទេសបងប្អូនស្រីជនជាតិអាមេរិកចំនួនពីរនាក់ ដែលត្រូវបានចាប់ខ្លួនពេលថតរូបស្ថាតឲ្យគ្នាទៅវិញទៅមកនៅឧទ្យានបុរាណអង្គរ ក្នុងក្រុងសៀមរាបកាលពីខែកុម្ភៈផងដែរ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ អ៊ូច សូនី)