ក្រសួងការងារបានបដិសេធរបាយការណ៍ថ្មីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch (HRW) មានមូលដ្ឋាននៅអាមេរិក ដែលលើកឡើងនូវការបំពានជាច្រើនលើសិទ្ធិកម្មករពីសំណាក់រោងចក្រកាត់ដេររបស់ប្រទេសនេះ ដោយទទូចឲ្យក្រុមអធិការរដ្ឋាភិបាលឃ្លាំមើលឲ្យដិតដល់លើនិយោជក។
កាលពីថ្ងៃសៅរ៍ អង្គការសិទ្ធិមនុស្ស HRW បានចេញលទ្ធផលនៃបទសម្ភាសរបស់ខ្លួនជាមួយកម្មករកាត់ដេររាប់រយនាក់កាលពីឆ្នាំមុន ព្រមទាំងជាមួយមន្ត្រីរដ្ឋាភិបាលនិងរោងចក្រផងដែរ។ ក្នុងរបាយការណ៍មាន១៤០ទំព័រ បានឲ្យដឹងថា ការធ្វើការលើសម៉ោងដោយបង្ខំ ពលកម្មកុមារ ការបំបែកសហជីព និងការបំពានកិច្ចសន្យារយៈពេលខ្លី និងអ្នកម៉ៅការបន្តស្រមោល នៅតែកើតមានជាទូទៅ។
របាយការណ៍នេះបានហៅការត្រួតពិនិត្យមើលរបស់រដ្ឋាភិបាលលើវិស័យមានទឹកប្រាក់៥,៧៥ពាន់លានដុល្លារនេះ ជាឧស្សាហកម្មនាំចេញដ៏ធំបំផុតរបស់ប្រទេសកម្ពុជា និងជាវិស័យផ្តល់ការងារច្រើនបំផុត ថាគួរឲ្យ “ស្រងាកចិត្ត”។
ការលើកឡើងនូវតួលេខដែលផ្តល់ដោយក្រសួងការងារ របាយការណ៍ HRW និយាយថា រដ្ឋាភិបាលបានពិន័យតែ១០រោងចក្រប៉ុណ្ណោះក្នុងចំណោមរោងចក្រកាត់ដេរនាំចេញជាង៥០០របស់ប្រទេសកម្ពុជា ក្នុងរយៈពេលប្រាំឆ្នាំ ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣ និង២៥រោងចក្រផ្សេងទៀតប៉ុណ្ណោះក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០១៤។ អង្គការ HRW បានពណ៌នាតួលេខនេះថា “តិចតួចណាស់” បើធៀបនឹងចំនួនរោងចក្រទាំងអស់ និងបញ្ហាឥតឈប់ឈរនៃការរំលោភសិទ្ធិពលករ”។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញកាលពីថ្ងៃសុក្រ ក្រសួងការងារនិយាយថា ខ្លួនបានធ្វើការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) និងកម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជា (BFC) ដើម្បីធ្វើឲ្យលក្ខខណ្ឌការងារប្រសើរឡើង និងបានហៅរបាយការណ៍របស់ HRW ថា”មិនអាចទទួលយកបាន”ទេ។
សេចក្តីប្រកាសព័ត៌មាននេះនិយាយថា “ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានការសោកស្តាយយ៉ាងខ្លាំងនិងបដិសេធចំពោះរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW”។
សេចក្តីប្រកាសព័ត៌មាននេះនិយាយថា “សហគមន៍អន្តរជាតិ អ្នកបញ្ជាទិញ និងអង្គការអន្តរជាតិខាងការងារ បានគាំទ្រនិងទទួលស្គាល់ថា លក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរ ស្របតាមបទដ្ឋានអន្តរជាតិ ព្រមទាំងបានលើកទឹកចិត្តឲ្យបណ្តាប្រទេសផ្សេងទៀតយកគំរូតាមប្រទេសកម្ពុជាក្នុងការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។ ដូច្នេះ អ្វីដែលបានលើកឡើងក្នុងរបាយការណ៍របស់អង្គការនេះ គឺមិនអាចទទួលយកបានឡើយ”។
ក្រសួងនេះបានបន្ថែមថា ក្រុមអធិការកិច្ចការងារ៤៩ក្រុមបានធ្វើអធិការកិច្ចការងារចំនួន៧.១៩១លើកក្នុងចំណោម ៨០៥”សហគ្រាស”ក្នុងឆ្នាំ២០១៤ និងបានពិន័យ១២៨សហគ្រាស។ ក៏ប៉ុន្តែ សេចក្តីប្រកាសព័ត៌មាននេះមិនបានប្រាប់ឈ្មោះសហគ្រាសទាំងនោះ សហគ្រាសប៉ុន្មានជារោងចក្រកាត់ដេរ ឬ បញ្ជាក់ថាបានពិន័យពួកគេប៉ុន្មាននោះទេ។
អ្នកនាំពាក្យក្រសួងនេះមិនអាចទាក់ទងបានទេកាលពីថ្ងៃអាទិត្យ។
កាលពីថ្ងៃព្រហស្បតិ៍ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដែលតំណាងឲ្យរោងចក្រផលិតសម្លៀកបំពាក់សម្រាប់ការនាំចេញ របស់កម្ពុជា បាននិយាយថា កម្មករ២៧០នាក់ ដែល HRW បានសម្ភាសសម្រាប់របាយការណ៍របស់ខ្លួននោះ ជាចំនួនតិចតួចណាស់មិនអាចតំណាងឲ្យវិស័យមួយដែលមានមនុស្ស៦០០.០០០នាក់បានឡើយ។
សមាគមនេះក៏បានបន្ទោសកង្វះធនធានលើផ្នែកក្រុមអធិការក្រសួងការងារស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលធ្វើការជាមួយរដ្ឋាភិបាលដើម្បីឲ្យលក្ខខណ្ឌការងារបានប្រសើរនៅតាមរោងចក្រ។ ក៏ប៉ុន្តែក្នុងរបាយការណ៍របស់ខ្លួន HRW និយាយថា កម្មវិធីនេះកំពុងត្រូវបានរារាំងដោយអ្នកគ្រប់គ្រងរោងចក្រ ដែលបានណែនាំកម្មកររបស់ខ្លួនឲ្យប្រាប់ក្រុមអធិការ BFC នូវចំណុចវិជ្ជមានមុនការចុះមកពិនិត្យ ឬបានគំរាមពួកគេមិនឲ្យត្អួញត្អែរជាដើម។
HRW និយាយថា “បន្ថែមទៅនឹងត្រូវគេណែនាំឲ្យនិយាយ កម្មករត្រូវបានគេប្រាប់ឲ្យត្រៀមខ្លួនសម្រាប់ជួបអ្នកចុះមកពិនិត្យ”។
“គេបានប្រាប់កម្មករឲ្យយកគំនរខោអាវចេញពីម៉ាស៊ីនដេររបស់ខ្លួន ហើយលាក់វា និងបានផ្តល់ស្រោមដៃនិងម៉ាស់មុនក្រុមអធិការមកដល់។ ភ្លើងនិងកង្ហារដែលជាធម្មតាត្រូវគេបិទនោះ បានបើក កន្លែងទឹកផឹកត្រូវដាក់បំពេញ ហើយកម្មករក្មេងមិនគ្រប់អាយុត្រូវបានគេលាក់មិនឲ្យឃើញទេ”។
នៅពេលដែល BFC ចាត់វិធានការតបនឹងល្បិចបែបនេះ របាយការណ៍នេះនិយាយថា កម្មករនៅតែចង់បានការទាក់ទងដោយផ្ទាល់នឹងក្រុមអធិការដើម្បីធ្វើការតវ៉ា ដោយមិនមានការសងសឹកពីថៅកែរបស់ខ្លួន។
ប្រតិកម្មកាលពីថ្ងៃអាទិត្យទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ លោកស្រី អារុណា កាស៊ីយ៉ាប អ្នកស្រាវជ្រាវសិទ្ធិស្ត្រីជាន់ខ្ពស់របស់ HRW បាននិយាយថា តួលេខថ្មីរបស់ក្រសួងនេះកាន់តែធ្វើឲ្យមានការបារម្ភថែមទៀត។
កាលពីខែធ្នូ ក្រសួងការងារ ក្នុងការឆ្លើយសំណួរពី HWR បាននិយាយថា ខ្លួនបានចុះធ្វើអធិការកិច្ច១.៦៨៦លើកអំឡុងពេល១១ខែដំបូងនៃឆ្នាំ២០១៤។ លោកស្រីបាននិយាយថា ដោយបានធ្វើអធិការកិច្ច៧.១៩១លើក ដែលក្រសួងនេះឥឡូវនេះនិយាយថា ខ្លួនបានធ្វើអធិការកិច្ចតាមរោងចក្រកាត់ដេរកាលពីឆ្នាំមុននោះ ខ្លួននឹងត្រូវធ្វើអធិការកិច្ច៥.៥០៥លើកក្នុងពេលតែមួយខែប៉ុណ្ណោះ ពោលគឺជាមធ្យមធ្វើអធិការកិច្ចជិត១៧៨លើកក្នុងមួយថ្ងៃ។
លោកស្រី កាស៊ីយ៉ាប បាននិយាយថា “ដូច្នេះយើងបារម្ភណាស់ចំពោះអធិការកិច្ចដែលធ្វើឡើងតាមវិធីប្រញាប់ប្រញាល់រួសរាន់បែបនេះ”។
លោកស្រីបានបន្ថែមថា ហើយបើរដ្ឋាភិបាលច្រានចោលនូវអ្វីដែលកម្មករបានប្រាប់ HRW នោះ “ពួកគេនិយាយថា កម្មកររបស់ខ្លួនជាអ្នកកុហក…។ ហើយនោះជារឿងព្រួយបារម្ភណាស់ ហើយជាសារខកចិត្តបញ្ជូនទៅកម្មករ”។
លោកស្រី កាស៊ីយ៉ាប បាននិយាយថា រដ្ឋាភិបាលគួរបញ្ចេញឲ្យដឹងព័ត៌មានថែមទៀត ថាតើរោងចក្រណាខ្លះត្រូវទទួលពិន័យ ពួកគេត្រូវបង់ពិន័យប៉ុន្មាន ហើយថាតើពួកគេបានបង់ពិតមែនដែរឬអត់។
អ្នកស្រាវជ្រាវជាន់ខ្ពស់រូបនេះបាននិយាយថា “សាធារណជននឹងដឹងប្រាកដ ប្រសិនបើរដ្ឋាភិបាលប្តេជ្ញាឲ្យរោងចក្រទទួលខុសត្រូវមែននោះ”៕ និត