27 C
Phnom Penh

សមាជិក​សភាម្នាក់​ទាម​ទារ​ឲ្យ​មានការ​ជំនុំ​ជម្រះឡើង​វិញ​បន្ទាប់ពី​ត្រូវ​បាន​ផ្តន្ទាទោស​ ដាក់​ពន្ធនាគារ​ពីរឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​ការពារ​ក្តី​លោក ចាន់ ចេង សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​​ដាក់​ពន្ធនាគារ​ពីរឆ្នាំ​កាលពី​ថ្ងៃសុក្រ​ដោយ​សាលា​ដំបូង​ខេត្ត​កណ្តាល​ពី​បទ​ជួយ​​ឲ្យ​មានការ​រត​់ចេញពីពន្ធនាគារនោះ ​​បាន​ដាក់ពាក្យ​​បណ្តឹង​ទៅ​ត​ុលាការ​កាលពី​ម្សិលមិញ​ស្វែង​រក​ការ​ជំនុំជម្រះ​ឡើង​វិញ នេះ​បើ​តាមការលើកឡើង​របស់​​មេធាវី​លោក​ម្នាក់​។

លោកមេធាវី សម សុគង់ បានមាន​ប្រសាសន៍ថា តុលាការ​បាន​ទទួល​យក​ពាក្យ​បណ្តឹង​នេះ​កាលពី​ម្សិលមិញ។ លោក សុគង់ បាន​មាន​ប្រសាសន៍ថា “​យើង​ទាមទារ​ឲ្យ​មាន​ការ​ជំនុំ​ជម្រះ​ឡើង​វិញ ពីព្រោះ​គាត់​ត្រូវ​បាន​ផ្តន្ទាទោស​កំបាំង​មុខ”។

សាលាដំបូង​ខេត្ត​កណ្តាល​បាន​ផ្តន្ទាទោស​លោក ចាន់ ចេង​ ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​ពី​បទ​ផ្តល់​មធ្យោបាយ​ធ្វើដំណើរ​ដល់​លោក​ មាស ប៉េង សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​កៀនស្វាយ​របស់​គណបក្ស​សង្គ្រោះ​ជា​ត​ិកាលពី​ឆ្នាំ​២០១១ នៅក្នុង​​អ្វី​ដែល​​តុលាការ​ចាត​់ទុក​ថា ជា​ការ​រត់​ចេញ​ពី​ពន្ធនាគារ​។

លោក មាស ប៉េង​ ត្រូវ​បាន​ផ្តន្ទាទោស​កាលពី​ថ្ងៃសុក្រ​ឲ្យ​ជាប់​ពន្ធនាគារ​១៨ខែ​ជុំវិញ​ការ​លួច​រត​់​ចេញ​នេះ។

លោក ឡុង លន់ មេធាវី របស់លោក មាស ប៉េង​ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ការ​កាត​់​ឲ្យ​ជាប់​ទោស​នេះកាលពីម្សិលមិញ។

លោក ជូង ជូងី មេធាវីម្នាក់ដែលតែង​តែ​តំណាង​ឲ្យ​មន្ត្រីគណបក្ស​ប្រឆាំង​ ហើយក៏​ត្រូវ​បាន​ផ្ត​ន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីរឆ្នាំផងដែរ​កាលពី​ថ្ងៃសុក្រ​ពី​បទ​ជួយ​​ឲ្យ​លោក​​ មាស ប៉េង​ រត់​គេចខ្លួននោះ ​បានមាន​ប្រសាសន៍ថា លោក​បាន​ប្រាប់​មេធាវី​របស់​លោក​ឲ្យ​ដាក់ពាក្យ​បណ្តឹង​នៅ​សប្តាហ៍នេះ​ទៅ​​តុលាការ​អំពាវនាវ​ឲ្យ​មាន​ការ​ជំនុំជម្រះ​ឡើង​វិញ។

លោក លឹម សុគន្ធថា ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​បាន​មាន​ប្រសាសន៍ថា អ្នកដែល​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​មាន​សិទ្ធិ​​ស្នើសុំ​ឲ្យ​មានការ​ជំនុំជម្រះ​ឡើង​វិញ។

លោក​​បានមាន​ប្រសាសន៍ថា “​អ្នកដែល​ត្រូវ​បាន​ផ្តន្ទាទោស​កំបាំង​មុខ​​អាច​ដាក់​ពាក្យ​បណ្តឹង​ជំទាស់​នឹង​សាលក្រមនេះ​​​ ទាម​ទារ​ឲ្យ​មានការ​ជំនុំជម្រះ​ឡើង​វិញ​”៕សារុន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស