31 C
Phnom Penh

កសិករ​ដាំដំឡូង​​មី​តវ៉ា​ការដែលស្ត្រី​ជា​ពាណិជ្ជករម្នាក់​មិនផ្តល់​ប្រាក់​ដល់​ពួកគាត​់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ស្រុក​បន្ទាយ​អំពិល​បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា ការ​តវ៉ា​កាលពី​ចុង​សប្ដាហ៍​ពី​សំណាក់​កសិករ​ដាំដំឡូង​មី​ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មានជ័យ ដែល​បាន​ចោទ​ប្រកាន់​ស្ត្រី​ជា​ពាណិជ្ជករ​ក្នុង​មូលដ្ឋាន​ម្នាក់​ថា មិន​បាន​​ផ្ដល់​ប្រាក់​ដល់ពួកគាត់​សម្រាប់​ថ្លៃ​ផល​ដំណាំ​របស់​ខ្លួន​នោះ​ បាន​​អំពាវនាវ​ឲ្យ​អាជ្ញាធរ​នាំយក​​វិវាទ​នេះទៅ​សាលាដំបូង​ខេត្ត​កាល​ពី​ថ្ងៃអាទិត្យ​​​។

កសិករ​ប្រហែល​៧០​នាក់​បាន​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​​កាលពី​ថ្ងៃ​សៅរ៍ អំពាវ​នាវ​ឲ្យ​ក្រុម​មន្ត្រី​ចាត់​វិធានការ​ប្រឆាំង​អ្នកស្រី ញាណ រិទ្ធ ជាពាណិជ្ជករម្នាក់​​ដែល​ពួកគាត់​លើក​ឡើង​ថា បាន​បោក​ប្រាស់​ពួកគាត់​យក​ដំឡូង​មី​អស់​៣០០​តោន​។

លោក​ ម៉ម រឿន អាយុ​៥២​ឆ្នាំ ដែល​អះអាង​ថា អ្នកស្រី រិទ្ធ បាន​ជំពាក់​ប្រាក់​គាត់​១៣០​ដុល្លារ​ថ្លៃ​ដំឡូង​មី​ប្រហែល​៨០០​គីឡូក្រាម​នោះ​បាន​និយាយ​ថា “ខ្ញុំ​បាន​ចូល​រួម​ការ​តវ៉ា​​ទាម​ទារ​ឲ្យ​ឈ្មួញកណ្ដាល​​សង​ប្រាក់​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​លក់​ដំឡូង​មី​ ​ប៉ុន្តែ​មិន​ដែលទទួល​បាន​ប្រាក់​ឡើយ”។

លោក​បាន​បន្ថែម​ថា “យើង​បន្ត​តវ៉ា​ប្រឆាំង​ស្ត្រី​រូប​នេះ​រហូត​ដល់​យើង​ទទួលបាន​ប្រាក់​ថ្លៃ​ដំឡូង​មី​ទាំងអស់​”។

លោក ហាំង ម៉េង អភិបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​ស្នើ​ឲ្យ​សាលា​ដំបូង​ខេត្ត​ឧត្តរមានជ័យ​ដោះ​ស្រាយ​វិវាទ​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ទុក​ឲ្យ​តុលាការ​ធ្វើ​ការ​លើ​ករណី​នេះ ពីព្រោះ​យើង​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ឡើយ​”។

ផ្ទុយទៅវិញ អ្នកស្រី រិទ្ធ បាន​ចោទ​ប្រកាន់​លោក អ៊ុន សំអេច ជា​ពាណិជ្ជករ​​ដែល​អ្នកស្រី​បាន​លក់​ដំឡូង​មី​ឲ្យ​ថា បាន​ជំពាក់​ប្រាក់​គាត់​​៣៥.០០០​ដុល្លារ​ក្នុង​ចំណោម​ប្រាក់​៤៨.០០០​ដុល្លារ​ ដែល​ពួកគេ​បាន​យល់​ព្រមសម្រាប់​ដំឡូងមី​ចំនួន​៣០០​តោន​នេះ ដោយ​លើក​ឡើង​ថា អ្នកស្រី​នឹង​ដាក់​​ពាក្យ​បណ្ដឹង​ប្ដឹង​បុរស​រូប​នេះ​ ប្រសិន​បើ​គាត់​មិន​ព្រម​​សង​ប្រាក់ដែល​ជំពាក់​ទេ​នោះ​។

ទោះ​យ៉ាង​ណា លោក សំអេច បាន​និយាយ​ថា លោក​បាន​​​ផ្ដល់​ប្រាក់​​ដល់​អ្នកស្រី​ រិទ្ធ ពេញ​ដោយ​ចោទ​ស្ត្រី​រូប​នេះ​​ថា មិន​​​បាន​ផ្គត់ផ្គង់​ដំឡូង​មី​បន្ថែម​ចំនួន​៥០​តោនដល់លោក ដែល​ក្នុង​នោះ​លោក​បាន​ផ្តល់​ប្រាក់​ចំនួន​៧.៦២០​ដុល្លារ​។ លោក​បាន​និយាយ​ថា “ខ្ញុំ​ជាជន​រងគ្រោះម្នាក់​ ពីព្រោះ​អ្នកស្រី ញាណ រិទ្ធ បាន​បោក​ប្រាស់​ខ្ញុំ”៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស