មន្ត្រីនគរបាលមួយរូបបានលើកឡើងកាលពីម្សិលមិញថា បុរសប្រាំនាក់ដែលតែងតែស្លៀកពាក់បន្លំខ្លួនធ្វើជាសមត្ថកិច្ចដើម្បីប្លន់លុយ និងរបស់របរផ្សេងៗពីជនស៊ីវិលនោះ ត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍។
លោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានី បានមានប្រសាសន៍ថា ក្រុមនេះបានធ្វើប្រតិបត្តិការនៅពេលយប់ ដោយពួកគេស្លៀកពាក់បន្លំខ្លួនធ្វើជានគរបាល និងកងរាជអាវុធហត្ថ បន្ទាប់មកធ្វើសកម្មភាពឃាត់ គំរាម និងប្លន់ជនរងគ្រោះ។
លោកមានប្រសាសន៍ទៀតថា “ក្រុមនេះបានប្រព្រឹត្តបទល្មើសអំឡុងពាក់កណ្តាលយប់ ដោយជំរិតទារប្រាក់ពីប្រជាពលរដ្ឋដែលចេញពីកន្លែងធ្វើការ ឬកន្លែងកម្សាន្ត” ។ លោកបានបន្ថែមថា ក្រុមនេះមានឯកសណ្ឋានពេញលេញ រួមទាំងខ្នោះដៃ និងអាវុធផង។
លោកបានបន្តថា “ពួកគេជំរិតយកសម្ភារផ្សេងៗរួមទាំងទូរស័ព្ទ លុយ គ្រឿងអលង្ការ ហើយបើជនរងគ្រោះគ្មានលុយ ឬគ្រឿងអលង្ការទេ ប៉ុន្តែ មានម៉ូតូ ពួកគេនឹង [បង្ខំឲ្យជនរងគ្រោះ] បញ្ចាំម៉ូតូនោះ ហើយបន្ទាប់មកដោះលែង [ជនរងគ្រោះ] ភ្លាមៗ”។
យោងតាមកំណត់ហេតុមួយរបស់នគរបាលបានឲ្យដឹងថា ជនឆបោកទាំងនេះដែលមានឈ្មោះ សេង វិមល អាយុ៣៩ឆ្នាំ ឃួន ថាវរិទ្ធ អាយុ២៣ឆ្នាំ រិទ្ធ រដ្ឋា អាយុ២៩ឆ្នាំ ប៉ែន លក្ខណ៍វុឌ្ឍីនា អាយុ២៣ឆ្នាំ និង ខាត់ រិទ្ធ អាយុ៤០ឆ្នាំ បានធ្វើប្រតិបត្តិការប្រព្រឹត្តបទល្មើសយ៉ាងហោចណាស់ក៏ចាប់តាំងពីខែវិច្ឆិកាមកដែរ។
កំណត់ហេតុនេះគូសបញ្ជាក់ពីករណីមួយចំនួនដែលធ្វើឲ្យនគរបាលមានការចាប់អារម្មណ៍រួមទាំងហេតុការណ៍មួយកើតឡើងកាលពី ថ្ងៃទី៦ ខែធ្នូ ដែលជនរងគ្រោះម្នាក់ត្រូវបានក្រុមនេះវាយប្លន់នឹងស្នាប់កាំភ្លើងផងដែរ។
ករណីមួយទៀតដែលបានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋជននេះបង្ខំឲ្យបញ្ចាំម៉ូតូរបស់ខ្លួនចំនួន៣៥០ដុល្លារ យកឲ្យពួកគេ។
លោក អេង សោភា បានថ្លែងថា ក្រុមនេះបានធ្វើប្រតិបត្តិការភាគច្រើននៅក្នុងខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ ហើយថា ពួកគេត្រូវបានសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចម្សិលមិញ។
លោកមានប្រសាសន៍ទៀតថា “ពួកគេបានសារភាពថា ខ្លួនបានជំរិតប្លន់ប្រជាពលរដ្ឋចំនួនពីរលើក ហើយយើងមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការចោទប្រកាន់ជនសង្ស័យទាំងនេះ។ ពួកគេជំរិតប្រជាពលរដ្ឋស្លូតត្រង់រួមមានស្ត្រី និងអ្នកដែលមានមាឌតូចៗ”។
លោកមានប្រសាសន៍ថា ការចាប់ខ្លួននេះគឺជាភ័ស្តុតាងបង្ហាញថា នគរបាលមានការប្តេជ្ញាចិត្តក្នុងការកែប្រែមុខមាត់របស់ខ្លួនដែលរងការចោទប្រកាន់ជាយូរមកហើយជុំវិញអំពើពុករលួយ និងការជំរិតទារប្រាក់។ លោកបានបញ្ជាក់ថា “ប្រជាពលរដ្ឋតែងតែរិះគន់អាជ្ញាធររបស់យើង ដូច្នេះហើយយើងក៏ធ្វើការបង្ក្រាប និងចាប់ខ្លួនមនុស្សទាំងប្រាំនាក់នេះតែម្តង”៕សុខុម