31 C
Phnom Penh

តំណាង​​​គ្រួសារប្រជា​​​ពល​​​រដ្ឋ​​​រង​​​គ្រោះ​​​នៅ​​​ខណ្ឌ​​​សែន​​​សុខ​​​ស្នើសុំ​​​ជួប​​​ជា​​​មួយ​​​រដ្ឋមន្ត្រី​​​ក្រសួង​​​កសិកម្ម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​ប្រជា​​​ពល​​​រដ្ឋ​​​ចំនួន​​​១៦៣​​​គ្រួសារ​​​មក​​​ពី​​​ខណ្ឌ​​​សែន​​​សុខ រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​ដាក់​​​សំណើ​​​ទៅក្រសួង​​​កសិកម្ម​​​កាល​​​ពីម្សិលមិញ ដើម្បី​​​សុំ​​​ជួប​​​ជា​​​មួយ​​​លោក អ៊ុក​​​ រ៉ាប៊ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​កសិកម្ម​​​ជុំ​​​វិញស​​​ំណើ​​​របស់​​​លោក​​​ ដែល​​​​សុំ​​​ឲ្យ​​​សាលា​​​ដំបូង​​​​​​រាជ​​​ធាន​​ី​​​ភ្នំពេញ​​​ពន្យារ​​​ពេល​​​បែង​​​ចែក​​​​​​ដី​​​ជិត​​​មួយ​​​ហិកតា​​​ដែល​​​គ្រួសារ​​​ទាំង​​​េនះ​​​ត្រូវ​​​ទទួល​​​បាន​​​ បន្ទាប់​​​ពី​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​ដ៏​​​អូស​​​បន្លាយ​​​មួយ​​​។

កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ព្រះរាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ គ្រោង​​​នឹង​​​បែង​​​ចែក​​​ដី​​​នោះ​​​ឲ្យទៅ​​​គ្រួសារ​​​ទាំង​​​នេះ ប៉ុន្តែ ក្រសួង​​​កសិកម្ម​​​បាន​​​ចេញ​​​លិខិត​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ដោយ​​​ស្នើ​​​សុំ​​​ឲ្យ​​​តុលាការ​​​ពិនិត្យ​​​មើល​​​ស្ថាន​​​ភាព​​​ដី​​​នោះ ​​​មុន​​​ពេល​​​កំណត់​​​ព្រំប្រទល់​​​ដី។

លិខិត​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក អ៊ុក​​​ រ៉ា​​​ប៊ុន​​​ នេះ​​​លើក​​​ឡើ​​​ង​​​ថា ក្រសួង​​​កសិកម្ម​​​បាន​​​ដោះ​​​ដូរ​​​ដី​​​​​​មួយ​​​ឡូតិ៍​​​ទំហំ​​​១១​​​.៧០១ម៉ែត្រក្រឡា​​​ កាល​​​ពី​​​ឆ្នាំ​​​២០០៩ ជា​​​មួយ​​​ក្រុមហ៊ុន​​​ គីម ហាប់​​​ ដែល​​​បាន​​​សាង​​​សង់​​​អគារ​​​ថ្មី​​​មួយ​​​​​សម្រាប់​​​ក្រសួង​​​ជា​​​ថ្នូរ​​​ដោះ​​​ដូរ​​​។

លោក​​​ ឡោ រស្មី អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​កសិកម្ម​​​បាន​​​មានប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា រដ្ឋមន្ត្រី​​​ក្រសួង​​​កសិកម្ម​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​ពន្យារ​​​ពេល​​​ដោយសារ​​​តែ​​​មិន​​​ទាន់​​​មាន​​​ភាព​​​ច្បាស់​​​លាស់​​​ថា តើ​​​អ្នក​​​ណា​​​ជា​​​ម្ចាស់​​​កម្មសិទ្ធិ​​​លើ​​​ដី​​​នោះ​​​នៅ​​​ឡើយ ប៉ុន្តែ បាន​​​បដិសេធ​​​ថា ក្រសួង​​​មិន​​​បាន​​​លក់​​​ដី​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​គ្រួសារ​​​ទាំង​​​នេះ​​​ទេ​​​។

អ្នកស្រី​​​ អឿង សៀង​​​ប៉ាង​​​ អាយុ​​​៦២​​​ឆ្នាំ​​​ជា​​​តំណាង​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​​​តំណាងប្រហែល​​​១២នាក់​​​ដែល​​​បាន​​​ដាក់​​​សំណើ​​​សុំ​​​ជួប​​​លោក អ៊ុក​​​​​​​​​​​​ រ៉ាប៊ុន កាល​​​ពីម្សិលមិញ បាន​​​និយាយ​​​ថា ដី​​​នោះ​​​ជា​​​កម្ម​​​សិទ្ធិ​​​របស់​​​គ្រួសារ​​​ទាំង​​​នេះ​​​ច្បាស់​​​ណាស់​​​។

អ្នកស្រី​​​និយាយ​​​ទៀត​​​ថា “យើង​​មាន​​​ឯកសារ​​​គ្រប់​​​​​​គ្រាន់​​​ដើម្បី​​​បញ្ជាក់​​​ថា វា​​​ជា​​​ដីរបស់​​​អ្នក​​​ភូមិ​​​​​​យើង។ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​កសិកម្ម​​​ត្រូវ​​តែ​​​បក​​​ស្រាយ​​​ចំពោះ​​​​​​ពួក​​​យើង​​​​​​”។

លោក ម៉ាន់ សុផល មេធាវី​​​ការ​​​ពារ​​​គ្រួសារ​​​ទាំង​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​ពី​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ប្រគល​​​់​​​ដី​​​នោះ​​​ឲ្យ​​​មក​​​គ្រួសារ​​​ទាំង​​​នេះ​​​ក្នុង​​​ឆ្នាំ​​​២០០៧​​​ ក្រសួង​​រៀប​​​ចំ​​​ដែន​​​ដី​​​បាន​​​អនុម័ត​​​បញ្ជី​​​ឈ្មោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​១៦៣​​​គ្រួសារនេះ​​​ដែល​​​អាច​​​បង្ហាញ​​​បាន​​​ថា ពួក​​​គាត់​​​ជា​​​ម្ចាស់​​​កម្មសិទ្ធិ​​​លើក​​​ដី​​​នោះ ។ លោក​​​ថ្លែង​​​ថា “ខ្ញុំ​​​គិត​​​ថា ក្រសួង​​​កសិកម្ម​​​កំពុង​​​តែ​​​បំពាន​​​សាល​​​ក្រម​​​របស់​​​តុលាការហើយ​​​”។

ទោះ​​​ជាយ៉ាង​​​ណា​​​ តំណាង​​​របស់​​​ក្រសួង​​​កសិកម្ម​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ៕សុខុម​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស