31.8 C
Phnom Penh

កូន​ប្រុស​របស់​មន្ត្រីគយ​ត្រូវ​បាន​សាកសួរ​ជុំវិញ​ការ​បាញ់​បោះ​​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា កូន​ប្រុស​របស់​មន្ត្រី​គយ​មាន​បុណ្យ​ស័ក្ដិ​ខ្ពស់​​ម្នាក់ ដែល​ជាប់​សង្ស័យ​នៅ​ក្នុង​ការ​បាញ់​បោះ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​​ត្រូវ​បាន​សាក​សួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​ ប៉ុន្តែ​នៅ​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​នៅឡើយ​ទេ។

លោក កែវ វិទូ អាយុ​២៤​ឆ្នាំ​​ ​ដែល​ជា​កូន​ប្រុស​​របស់​លោក កែវ សុខឃាង ​មន្ត្រីគយ​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ គឺ​ស្ថិត​ក្នុង​ចំណោម​បុរស​បី​នាក់​​ក្នុង​ក្រុម​មួយ ដែល​ជាប់​សង្ស័យ​ពីបទ​បាញ់​បោះ​អស់​ជាច្រើនគ្រាប់​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក កាលពី​ពេល​​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​អាទិត្យ មុន​ពេល​បើក​រថយន្ត​ចេញទៅ​បាត់​។

រថយន្ត​មា៉ក​លុចស៊ីស​មួយ​គ្រឿង និង​កាំភ្លើង​អាកា​៤៧​មួយ​ដើម​ត្រូវ​បាន​រឹបអូស​​នៅ​ក្នុង​ផ្ទះ​របស់​លោក សុខឃាង តាម​ក្រោយ​នៅ​ថ្ងៃ​ដដែល​។

លោក អេង សោភា នាយ​ការិយាល័យ​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​នគរបាល​រាជធានី​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ លោក សុខឃាង ដែល​ជា​ប្រធាន​អង្គភាព​ត្រួត​ពិនិត្យ​ចល័ត​នៃ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករនៅ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​ បាន​នាំកូន​ប្រុស​របស់​លោក​ទៅ​កាន់​ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានី​។

លោក សោភា បាន​មាន​ប្រសាសន៍​ថា ” កែវ វិទូ ត្រូវ​បាន​​ឪពុក​របស់​ខ្លួន​នាំ​មក​កាន់​ស្នង​ការដ្ឋាន​នគរ​បាល​របស់​យើង ដើម្បី​សារភាព​”។ លោក​បាន​បន្ថែម​ថា បន្ទាប់​មក​លោក វិទូ ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​សាលា​ដំបូង​រាជធានី។

លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា​​​អម​សាលា​ដំបូង​​រាជធានី​បាន​លើក​ឡើង​ថា លោក​បាន​សាកសួរ​លោក វិទូ ប៉ុន្តែ​លោក​នៅ​មិនទាន់​សម្រេច​ថា តើ​ត្រូវ​ដាក់​ការ​ចោទ​ប្រកាន់​ណាមួយ​នៅឡើយ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នៅ​មិន​ទាន​់​បញ្ចប់​ការ​សាកសួរ​របស់​យើង​នៅឡើយ​ទេ។ យើង​នឹង​បន្ត​ការ​សាកសួរ​នៅ​ថ្ងៃ​ស្អែក​ទៀត​”៕ ស៊ុយឈាង​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស