29 C
Phnom Penh

លោក ម៉ម សូណង់ដូ​ យល់​ព្រម​បើក​ប្រាក់​ខែ​ដល់​បុគ្គលិក​ដែល​ត្រូវបាន​បណ្តេញ​ចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពីកិច្ច​ប្រជុំជាមួយ​​មន្ត្រី​​ការ​ងារ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ លោក​ ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុ​សម្បុក​ឃ្មុំបាន​យល់ព្រម​បើក​ប្រាក់ខែ​ដល់​បុគ្គលិក​បួននាក់​ដែល​លោក​បាន​បណ្តេញចេញ​ដោយ​មិន​បើក​ប្រាក់ខែ​សម្រាប់​ខែ​កុម្ភៈឲ្យ​ ប៉ុន្តែ​​លោក​នៅ​តែ​បដិសេធ​ចំពោះកា​រទាម​ទារ​ប្រាក់​អតីតភាព​ការ​ងារ​របស់​ពួកគេ​ដដែល។

បុគ្គលិក​១០នាក់ក្នុង​ចំណោមបុគ្គលិក​២២នាក់​នៅ​វិទ្យុសម្បុកឃ្មុំ​បាន​ធ្វើ​កូដកម្ម​​កាលពី​ថ្ងៃទី​៦ ខែមីនា​បន្ទាប់ពី​លោក ម៉ម សូណង់​ដូ ដែល​គ្រប់គ្រង​ស្ថានីយវិទ្យុមួយ​ក្នុង​ចំណោម​ស្ថានីយ​វិទ្យុឯក​រាជ្យ​ពីរបី​​នៅក្នុង​ប្រទេស​កម្ពុជា ​បាន​បដិសេធ​មិន​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​​បួន​នាក់​កាលពី​ខែ​មុន។

លោក​បាន​មាន​ប្រសាសន៍​ថា ពួកគេ​មក​ធ្វើការ​យឺត​ជាប្រចាំ​តែម្តង។ បន្ទាប់ពី​កូដកម្ម លោក ម៉ម សូណង់ដូ បាន​សម្រេច​បណ្តេញ​ពួកគេ​ចេញ​តែម្តង។

ទោះយ៉ាងណា បន្ទាប់ពី​កិច្ច​ប្រជុំកាលពីម្សិលមិញជាមួយ​លោក ហុង ណារ៉េត​ ប្រធាន​ការិយាល័យ​ដោះស្រាយ​វិវាទការងារ​ក្នុងរាជធានី​ លោក ម៉ម សូណង់ដូ បាន​មាន​ប្រសា​សន៍ថា លោក​បាន​សម្រេច​បើក​ប្រាក់​ខែ​ចុងក្រោយ​សម្រាប់​អ្នក​ទាំង​បួន​នេះ។

លោក​បាន​មាន​ប្រសាសន៍ថា “​ខ្ញុំនឹង​​បើក​ប្រាក់ខែ​សម្រាប់​ខែ​កុម្ភៈ​ដល់​ពួកគេ​នៅ​ថ្ងៃស្អែក​ ពីព្រោះ​ខ្ញុំគ្មាន​ជម្រើស។ ខ្ញុំមិន​ចង់ឲ្យ​នរណាម្នាក់​ចោទ​ខ្ញុំ​ថារំលោភ​ច្បាប់​ការ​ងារ​ឡើយ”។

ប៉ុន្តែលោក​បាន​មាន​ប្រសាសន៍ថា លោក​នឹង​មិន​ទទួួលយក​ពួកគេ​មក​បម្រើការ​វិញឡើយ។ លោក​បានមាន​ប្រសាសន៍ថា “​ខ្ញុំមិន​អាច​​ទទួលយក​បុគ្គលិក​ទាំងនេះ​វិញ​ឡើយ ពីព្រោះ​ពួកគេ​រំខាន​ដល់​បុគ្គលិក​ផ្សេង​ទៀត។ ខ្ញុំ​ជា​និយោជក ប៉ុន្តែ​ពួកគេ​​មិន​បាន​គោរព​ខ្ញុំទេ។ ពួកគេ​មិន​គោរព​ច្បាប់​ឡើយ”។

លោក​ ម៉ម សូណង់ដូ បាន​មាន​ប្រសាសន៍ថា បុគ្គលិក​របស់លោក​ធ្វើការ​តែ​៧ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​​ជំនួស​ឲ្យ​ការ​ងារធម្មតា​៨ម៉ោង​ ហើយ​ថា អ្នក​ទាំង​បួននាក់​ដែលត្រូវបាន​បណ្តេញ​ចេញ​នេះ​​គួរ​គិតដល់​​ម៉ោង​បន្ថែម​ដែលពួកគេ​ទទួលបាន​ប្រាក់​រាល់ថ្ងៃ​ជា​ប្រាក់​អតីតភាពការងារ​។

លោក​ ណារ៉េ​ត បាន​បញ្ជាក់ថា លោក ម៉ម សូណង់ដូ បាន​យល់ព្រម​បើក​ប្រាក់ខែ​សម្រាប់​ខែ​កុម្ភៈដល់​បុគ្គលិក​វិទ្យុ​សម្បុកឃ្មុំ​បួននាក់​​ ហើយ​ថា​លោក​នឹង​ជួប​​ប្រជុំជាមួយ​ភាគី​ទាំង​ពីរ​នៅ​ថ្ងៃ​នេះ​ដើម្បី​ព្យាយាម​ដោះស្រាយ​ចំណុចខ្វែង​គំនិត​គ្នា។

យាន សុវារី បុគ្គលិក​ម្នាក់​ក្នុ​ងចំណោម​បុគ្គលិក​បួននាក់​​ដែល​ត្រូវ​បាន​បណ្តេញចេញ​បាន​ស្វាគមន៍​ប្រាក់ខែ​សម្រាប់ខែកុម្ភៈ ប៉ុន្តែ បាន​លើក​ឡើងថា វា​មិន​គ្រប់គ្រាន់ទេ។

យាន សុវារី បាន​និយាយថា “យើង​ស្វាគមន៍​ចំណុច​នេះ។ យើង​គួរ​ទទួលបាន​ ពីព្រោះ​យើង​បាន​ធ្វើការ​នៅ​ស្ថានីយ​វិទ្យុនេះ។​​ប៉ុន្តែ​​ប្រសិន​បើ​គាត់​មិន​ព្រម​បើក​ប្រាក់​អតីតភាព​ការងារ​ទេនោះ យើង​នឹង​បន្ត​តវ៉ា​ ហើយ​ដាក់ពាក្យ​បណ្តឹង​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល”៕សារុន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស