26 C
Phnom Penh

លោក កឹម សុខា មិនពេញ​ចិត្ត​នឹង​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី​២២ ខែ​កក្កដា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​សហរដ្ឋអាមេរិក​ កាលពី​សប្ដាហ៍​មុន​ថា លោក​​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​កាលពី​ឆ្នាំ​មុន​នោះឡើយ ប៉ុន្តែ​លោក​​ទ្រាំ​ “លេប​គ្រួស​លេបថ្ម” ដើម្បី​រក្សា​ការ​រួប​រួមគ្នា​ជាមួយ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​។cam-photo-kem-sokha-jump-800x525

នៅ​ក្នុង​​​វីដេអូឃ្លីប​បង្ហោះ​តាម​អុីនធើណិត​កាលពី​ម្សិលមិញ​ស្ដីពី​សុន្ទរកថា​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​​ ដែល​សុទ្ធ​តែ​ជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​ក្នុង​​រដ្ឋ​កាលីហ្វ័រញ៉ា​កាលពី​យប់​ថ្ងៃ​សុក្រ ​លោក កឹម សុខា បាន​លើក​ឡើង​ថា លោក​ប្រឆាំង​ទៅ​នឹង​លទ្ធផល​នៃ​ការ​ចរចា​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​លោក​មាន​កាតព្វកិច្ច​ត្រូវ​តែ​គាំទ្រ​ជា​សាធារណៈ​ចំពោះ​ការ​ចរចា​​នេះ​។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា “ការ​ចរចា​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ប៉ុន្តែ​ចំពោះ​ខ្ញុំ​បើ​និយាយ​ឲ្យ​ត្រង់​ទៅ​ ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ការ​ចរចា​នេះ​ឡើយ។ ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​ការចរចា​ទេ ប៉ុន្តែ​ខ្ញុំ​គោរព​តាម​គោល​​នយោបាយ និង​ជំហរ​របស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​ទទួល​យក​ការ​ចរចា​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​​”។

លោក​បានមាន​ប្រសាសន៍​បន្ថែម​ថា “យើង​មាន​កិច្ច​ព្រមព្រៀង​មួយ​ក្នុង​រយៈពេល​ខ្លី​ណាស់ ហើយ​វា​មិន​ច្បាស់​លាស់​ឬក៏​លម្អិត​ឡើយ​ ហេតុ​ដូច្នេះ កិច្ច​ព្រមព្រៀង​នេះ​​អាច​​​បក​ស្រាយ​បាន​ច្រើន​យ៉ាង​​ ប៉ុន្តែ​វា​ក៏​ជាមូលដ្ឋាន​ដើម្បី​ធ្វើ​ការ​​លើ​រឿង​ផ្សេងៗ​ផង​ដែរ។ វា​មិន​មែន​អាក្រក់ទាំង​អស់​នោះទេ ប៉ុន្តែ​​វា​មិន​បាន​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត​ទាំង​ស្រុង​ឡើយ”។

កិច្ចព្រមព្រៀង​​កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ដែល​​បាន​ឯកភាព​គ្នា​អំឡុង​កិច្ច​ប្រជុំមួយ​​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​​ក្នុង​ព្រឹទ្ធសភា​បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​​មិន​ចូល​សភា​របស់​គណបក្ស​សង្គ្រោះជាតិ​ ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៣ ដែល​មាន​ភាព​ចម្រូង​ចម្រាស​នោះ។

ដើម្បី​ជា​ថ្នូរ​​នឹង​ការ​​ឲ្យ​គណបក្ស​ប្រឆាំង​ទទួល​ស្គាល់​ជ័យ​ជម្នះ​នៃ​ការ​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​ជា​ផ្លូវ​ការ ​គណបក្ស​កាន់​អំណាច​បាន​យល់ព្រម​បោះ​បង់​ចោល​​ការ​គ្រប់​គ្រង​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​អនុញ្ញាត​​ឲ្យ​​គណបក្ស​សង្គ្រោះ​ជាតិ​មាន​តំណាង​ស្មើគ្នា​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ក្នុង​ស្ថាប័ន​នេះ​មុន​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ក្នុង​ឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៨។

លោក កឹម សុខា ទំនង​ជា​​មិន​ចាប់​អារម្មណ៍​លើ​កិច្ច​ព្រមព្រៀងឡើយ​​​ក្នុង​ថ្ងៃ​​មាន​ការ​ចុះ​ហត្ថលេខា​ ដោយ​លោក​បាន​ឈរ​នៅ​ខាង​ក្រៅ​ព្រឹទ្ធសភា​សម្ដែង​កាយ​វិការ​មិនពេញ​ចិត្ត​ ខណៈ​លោក សម រង្ស៊ី និង​មន្ត្រី​​ផ្សេងៗ​ទៀត​មកពី​​គណបក្ស​ប្រឆាំង​មាន​ភាព​រីករាយ​ និង​ចាប់​ដៃ​គ្នា​ជាមួយ​លោក ហ៊ុន សែន និង​សមាជិក​ផ្សេងៗ​ទៀត​របស់គណបក្ស​ប្រជាជន​កម្ពុជា​។

អនុប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ បាន​លើក​​ឡើង​កាលពី​ថ្ងៃ​សុក្រ​ថា លោក​​​មាន​អារម្មណ៍​​នៅ​ពេល​នោះ​ថា កិច្ចព្រមព្រៀង​នេះ​បាន​ផ្ដល់​ឲ្យ​លោក ហ៊ុន សែន នូវ​ឥទ្ធិពល​យ៉ាង​ច្រើន​លើ​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​ថា ការ​បែក​បាក់គ្នា​ជាមួយ​លោក សម រង្ស៊ី អាច​​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ត្រឡប់​ទៅ​រក​ពេល​មួយ នៅពេល​មេដឹកនាំពីរ​​រូប​​ដឹក​នាំ​គណបក្ស​ប្រឆាំង​រៀងៗ​ខ្លួន​នោះ។

លោក​ កឹម សុខា បាន​មាន​ប្រសាសន៍​ទាក់​ទិន​នឹង​លោក​ ហ៊ុន សែន​ ថា “ខ្ញុំ​ដឹង​ជាមុន​រួច​ស្រេច​ហើយ​ថា នៅពេល​យើង​ចូល​រួម​នៅ​ក្នុង​រដ្ឋសភា​អ្វីៗ​នឹង​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​។ ប្រសិន​បើ​គ្មាន​ការ​រួប​រួមគ្នា​រវាង​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ទេ​នោះ ​​គ្មាន​ថ្ងៃ​​ប្រជាពលរដ្ឋ​ក្រោកឈរ​ឡើង​ទូទាំង​ប្រទេស​ដូច​ថ្ងៃ​ [បោះឆ្នោត] ​នោះ​ឡើយ”។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “អ្វី​ដែល​គណបក្ស​កាន់​អំណាច​ខ្លាច​បំផុត​នោះ​​គឺ​ការ​រួបរួម​គ្នា​ ហើយ​ប្រសិន​បើ​យើង​មាន​ទស្សនៈ​ខ្វែង​គ្នា​​លើ​គោល​នយោបាយ ហើយ​បែក​បាក់​គ្នា​ដោយ​សារ​តែ​បញ្ហា​នេះ យើង​នឹង​ចាញ់​​មុន​ការ​ប្រកួត​។ យើង​អត់​ទ្រាំ​ ហើយ​ស៊ូ​លេប​គ្រួស​លេប​ថ្ម ដើម្បី​បន្ត​ធ្វើ​ឲ្យ​ការ​រួបរួម​គ្នា​របស់​យើង​កាន់​តែ​មានភាព​ខ្លាំង​ឡើង ហើយ​មិន​ចាញ់​ល្បិច​កល​របស់​គណបក្ស​កាន់​អំណាច​ផ្ដាច់​ការ”។

លោក កឹម សុខា បាន​លើក​ឡើង​ទៀត​ថា ការ​សម្របសម្រួល​គ្នា​គឺ​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ឆាក​នយោបាយ ប្រសិន​បើ​មេដឹកនាំ​ចង់​កុំ​ឲ្យ​កើត​មាន​ការ​​ធ្វើ​បដិវត្ត​ដ៏​បង្ហូរ​ឈាម​នោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “គោល​បំណង​របស់​យើង គឺ​ដើម្បី​ផ្លាស់​ប្ដូរអ្វីទាំង​ស្រុង ប៉ុន្តែ​យើង​ដឹង​ហើយ​ថា ការ​អភិវឌ្ឍ​នៅ​ក្នុង​ឆាក​នយោបាយ​​មិន​មែន​ចេះ​តែ​អាច​ទៅ​រួច​តាម​អ្វី​ដែល​យើង​ប្រាថ្នា​នោះឡើយ។ ជួន​កាល​​យើង​មិន​អាច​​ធ្វើ​​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​១០០​ភាគ​រយ​បានឡើយ ព្រោះ​យើង​មិន​មែន​កំពុង​​ធ្វើ​បដិវត្ត​​នោះ​ទេ​”។

លោក​បានមាន​ប្រសាសន៍​បន្ថែម​ថា “យើង​​ដឹង​ហើយ​ធ្លាប់​មាន​បទពិសោធន៍​ថា នៅ​ពេល​មាន​ការ​ធ្វើ​បដិវត្ត​ ខ្មែរ​តែង​តែ​ខាត​​បង់​។ ភាគីខ្មែរ​នីមួយៗ​ខាត​បង់​ និង​ស្លាប់ ហើយ​ប្រទេស​ជិត​ខាង​ទទួល​បាន​ផលប្រយោជន៍​”។

នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ទទួល​ស្គាល់​ថា ​លោក កឹម សុខា ពិត​ជា​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មែន​នៅពេល​ដំបូង ប៉ុន្តែ​ថា ក្រោយ​មក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បានទទួល​ស្គាល់​នូវ​សារប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​នេះ​វិញ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ” អ្វី​ដែល​ជារឿង​សំខាន់​នោះគឺ​​នៅ​ទីបញ្ចប់​យើង​ឆ្ពោះ​ទៅ​កាន់​គោល​ដៅតែ​មួយ ហើយ​យល់ព្រម​ធ្វើ​ដំណើរ​ឆ្ពោះទៅ​មុខ​ ហើយ​នេះគឺជា​រឿង​សំខាន់​បំផុត​នៅ​ក្នុង​ស្ថាប័នមួយ​”។

លោក​បានមាន​ប្រសាសន៍​បន្ថែម​ថា “រវាង​មនុស្ស​នីមួយៗ​តែង​តែ​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​ ប៉ុន្តែ​​យើង​ត្រូវ​តែ​ប្រាកដ​ថា ​យើង​បាន​ព្រមព្រៀង​គ្នា​ចាប់​តាំង​ពី​ដើមទី​មក​ម្លេ៉ះថា ប្រសិន​បើ​យើង​មាន​ការ​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន ​តែ​ទីបញ្ចប់​​យើង​​ត្រូវ​តែ​មាន​គោល​ដៅរួម​មួយ”។

បទប្បញ្ញត្តិសំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​​ដែល​​បាន​ចុះ​ហត្ថលេខា​​កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ដោយ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ត្រូវ​បាន​ស្នើ​ឡើង​ជា​​​លើក​ដំបូង​កាលពី​ខែ​មេសា បន្ទាប់ពី​​មាន​ការ​សន្ទនា​គ្នា​តាម​​​ទូរស័ព្ទ​រវាង​មេដឹកនាំទាំងពីរ។ តែ​ទោះ​ជា​យ៉ាង​ណា លោក កឹម សុខា ដែល​ក៏​បាន​ទៅ​បំពេញ​ទស្សនកិច្ច​​នៅ​សហរដ្ឋអាមេរិក​​អំឡុង​ពេល​នោះ​ដែរ​នោះ ទំនង​ជា​ជំទាស់​ទៅ​នឹង​កិច្ចព្រមព្រៀង​នេះ​។

លោក សម រង្ស៊ី បានមាន​ប្រសាសន៍​កាលពី​ថ្ងៃទី​១១ ខែ​មេសា បន្ទាប់ពី​កិច្ចព្រមព្រៀមបរាជ័យ “គណបក្ស​របស់​យើង​​​មាន​ស្នូល​ប្រជាធិបតេយ្យ ហេតុ​ដូច្នេះ​នៅ​ពេល​យើង​ចង់​ធ្វើ​អ្វី​មួយដាច់​ខាត​ត្រូវ​តែ​មាន​ហត្ថលេខា​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស និង​ខ្ញុំ​ជាប្រធាន​។ ប្រសិន​បើ​យើង​និយាយ​ទាក់​ទង​នឹង​បេះ​ដូង​វិញ​ លោក កឹម សុខា ហើយ​នឹង​​ខ្ញុំ​គឺ​ជាមនុស្ស​តែមួយទៅហើយ​”។

នៅពេល​សួរ​កាលពី​ម្សិលមិញថា តើ​អ្វីទៅ​ដែល​ជំរុញ​ឲ្យ​លោក កឹម សុខា យល់​ស្រប​នឹង​កិច្ច​ព្រមព្រៀង​​បី​ខែ​ក្រោយ ពោល​គឺ​​នៅ​ថ្ងៃទី​២២ ខែកក្កដា មួយ​សប្ដាហ៍​គត់​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​សមាជិកសភា​ជាប់​ឆ្នោត​មកពី​គណបក្ស​សង្គ្រោះជាតិ​ចំនួន​ប្រាំពីរ​រូបនោះ​ លោក សម រង្ស៊ី បាន​លើក​​ឡើង​ថា ទស្សនៈ​របស់​លោក កឹម សុខា លើសារប្រយោជន៍​នៃ​​កិច្ចព្រមព្រៀង​នេះ​បាន​ផ្លាស់​ប្ដូរ​។

លោក​ សម រង្ស៊ី បានមាន​ប្រសាសន៍​ថា “វា​គឺ​ជា​បញ្ហា​ដែល​ស្ថិត​នៅ​ត្រង់​ការ​ថ្លឹង​ថ្លែង​គុណ​សម្បត្តិ និង​គុណវិបត្តិ​ ហើយ​បន្ទាប់​មក​យើង​ត្រូវ​តែ​​​ថ្លឹង​ថ្លែង​ថា គុណសម្បត្តិ​​មាន​ច្រើន​ជាង​គុណវិបត្តិ​។ ជួន​កាល​គឺ​រូប​ខ្ញុំ​ទេ ដែល​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​អ្វី​មួយ ប៉ុន្តែ​​ទីបញ្ចប់​ខ្ញុំ​បាន​សម្រេច​ចូល​រួម​ធ្វើ​តាម​មតិភាគច្រើន”។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា លោក​និង​លោក កឹម សុខា ឥឡូវ​នេះ​​កំពុង​មានគំនិតដូច​អំពី​កិច្ច​ព្រមព្រៀង​នេះ ហើយ​កំពុង​តែ​ផ្ដោត​លើ​​ការ​យក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​លើក​ក្រោយ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨។

លោក សម រង្ស៊ី បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ឥឡូវ​នេះ លោក កឹម សុខា ហើយ​នឹង​ខ្ញុំ​យល់​ស្រប់​ទាំង​ស្រុង​ថា ​សម​នឹង​លេង​ហ្គេម​​នេះ។ វា​សម​នឹង​​ប្រថុយ​​ ហើយ​ឥឡូវ​យើង​ប្រាកដនិយម​ និង​ជឿជាក់​ថា យើង​អាច​ឈាន​ទៅ​ដល់​គោលដៅមួយ​ដែល​មាន​ការ​ពេញចិត្ត​ទាំង​ស្រុង​”៕ ស៊ុយឈាង​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស