ចាងហ្វាងភាពយន្ត គ្រិសស្តូហ្វឺ រ៉ុមព្រេ ដែលបានចាប់ផ្តើមសម្ភាសស្ថាបត្យករដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជាកាលពីឆ្នាំមុន បាននិយាយថា អង្គុយក្នុងផ្ទះរបស់លោកនៅក្រុងភ្នំពេញជុំវិញដោយឯកសារស្នាដៃរបស់លោក លោក វណ្ណ មូលីវណ្ណ បានមានប្រសាសន៍មួយៗ ប៉ុន្តែដោយអារម្មណ៍ក្រៀមក្រំ។

ផលិតករ ហាគ បាលាន បានបន្ថែមថា “គាត់ជាមនុស្សដែលពិបាកយល់”។
លោក រ៉ុមព្រេ និង លោក បាលាន កំពុងថតរឿង “បុរសដែលកសាងកម្ពុជា” ជាខ្សែភាពយន្តដំបូងគេស្តីអំពីមនុស្សដ៏ល្បីល្បាញសម័យទំនើបវ័យចំណាស់ ដែលគ្រោងបញ្ចប់នៅខែឧសភា។
កើតនៅខេត្តកំពតក្នុងឆ្នាំ១៩២៦ លោក មូលីវណ្ណ បានទៅសិក្សានៅប្រទេសបារាំង មុនពេលលោកបានចូលរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្មខ្មែរទំនើប នៅចន្លោះពេលកម្ពុជាទទួលបានឯករាជ្យពីបារាំងក្នុងឆ្នាំ១៩៥៣ និងសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
ដារីល ខូលីន ប្រវត្តិវិទូផ្នែកសិល្បៈ និងជាអ្នកនិពន្ធសៀវភៅ”កសាងកម្ពុជាៈ ស្ថាបត្យកម្មខ្មែរថ្មី ១៩៥៣-១៩៧០” ដែលសំដែងក្នុងភាពយន្តនេះ បាននិយាយថា “គាត់ជាឥស្សរជនសំខាន់បំផុតក្នុងស្ថាបត្យកម្មសហសម័យក្នុងប្រទេសកម្ពុជា”។ “គាត់មិនត្រឹមតែបានគូរប្លង់អគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបដែលគេគិតអំពីរចនាសម្ព័ន្ធនៃទីក្រុងនានាទៀតផង”។
ទទួលបានការតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជាក្នុងរបបរាជានិយមរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ លោក មូលីវណ្ណ ជាឥស្សរជននាំមុខគេម្នាក់លេចធ្លោក្នុងស្ថាបត្យកម្មខ្មែរថ្មី ជាស្ថាបត្យកម្មមានសោភ័ណច្បាស់ដែលរួមបញ្ចូលទំនើបកម្មជាមួយប្រពៃណីអង្គរនិងជនបទ។
លោក វណ្ណ មូលីវណ្ណ បានគូរប្លង់ស្ថាបនាអគារល្បីៗជាច្រើននៅទីក្រុងភ្នំពេញ ក្នុងនោះរួមមានមហោស្រពជាតិ សាលសន្និសីទចតុមុខ និងសំណង់កីឡដ្ឋានជាតិជាដើម។
ប៉ុន្តែទោះជាមានកិត្តិនាមរបស់លោកក៏ដោយ ក៏អ្នកមានគំនិតហួសវិស័យវ័យ៨៨ឆ្នាំរូបនេះនៅតែស្ថិតក្នុងភាពអាថ៌កំបាំង។
លោក រ៉ុមព្រេ បាននិយាយថា “គាត់ជាមនុស្សឯកជន។ មនុស្សជាច្រើនបានស្គាល់សំណង់អគាររបស់គាត់ច្បាស់លាស់ ហើយនៅជាមួយសំណង់នេះយ៉ាងយូរ ប៉ុន្តែមិនបានស្គាល់ថាគាត់ជានរណាទេ។ “យើងចង់ប្រាប់ប្រវត្តិរបស់គាត់។ យើងចង់ដឹងថាគាត់មកពីណា អ្វីដែលជំរុញទឹកចិត្តគាត់ គាត់រកឃើញគំនិតរបស់គាត់របៀបណា”។
អ្នកថតភាពយន្តកាណាដាពីរអ្នក ដែលកាលពីឆ្នាំ២០១២បានបង្កើតក្រុមហ៊ុនផលិតកម្មមានមូលដ្ឋាននៅភ្នំពេញ ឈ្នោះថា LittleBig Films បានចេញនូវអ្វីដែលជាភាពយន្តឯកសារប្រវត្តិសាស្ត្រលើកដំបូងរបស់ខ្លួននៅចុងឆ្នាំ២០១៣។ ពួកគេបានទទួលប្រាក់ជំនួយ១៥.០០០ដុល្លារពីអង្គការ អាស៊ី ហ្វោនដេសិន ហើយបានចាប់ផ្តើមធ្វើយុទ្ធនាការតាមអីុនធឺណិត ដើម្បីប្រមូលមូលនិធិបន្ថែម។
ខ្សែភាពយន្តនេះនិយាយអំពីបទសម្ភាសជាមួយកូនស្រី ដេលហ្វីន របស់លោក មូលីវណ្ណ ព្រមទាំងលោក ខូលីន និងស្ថាបត្យករ ប៊ិល ហ្គ្រីវ ដែលបានបង្កើតគម្រោង វណ្ណ មូលីវណ្ណ ដែលប្រមូលនិងរក្សាទុកស្នាដៃរបស់លោក មូលីវណ្ណ។ ការសុន្ទនានេះរួមបញ្ចូលគ្នាជាមួយនឹងការថតសំណង់ដ៏គួរឲ្យចាប់អារម្មណ៍របស់គាត់ និងការថតទីក្រុងពីលើអាកាស គឺថតដោយប្រើយន្តហោះបញ្ជា មុនពេលសាលាក្រុងហាមប្រាមការប្រើវាក្នុងក្រុងភ្នំពេញកាលពីដើមខែនេះ។
ប៉ុន្តែ ខ្សែភាពយន្តឯកសារមានរយៈពេល២៥នាទីនេះ ចាប់ផ្តើមរៀបរាប់យ៉ាងច្រើនអំពីបុរសម្នាក់នេះជាងបុរសនេះបង្ហាញខ្លួនឯងទៅទៀត។
និយាយដល់សង្គ្រាមស៊ីវិលនិងសម័យខ្មែរក្រហម លោក បាលាន បាននិយាយថា “ប្រវត្តិរបស់គាត់ស្ទើរតែជាប្រវត្តិរបស់ទីក្រុងនេះ និងរបស់ប្រទេសនេះដែរ ពោលគឺសេចក្តីសង្ឃឹមទាំងអស់ និងការសន្យានេះ ដែលបានកើតឡើងបន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យនៅទសវត្សរ៍ឆ្នាំ១៩៥០និងឆ្នាំ១៩៦០ ដែលត្រូវបំផ្លាញនៅទសវត្សរ៍ឆ្នាំ៧០”។
លោក រ៉ុមព្រេ បានបន្ថែមថា “ស្ថាបត្យកម្មរបស់លោក វណ្ណ មូលីវណ្ណ តំណាងសម័យកាលនោះទាំងស្រុងក្នុងប្រទេសកម្ពុជា ដែលជួបការពិសោធន៍នេះជាមួយគំនិតថ្មីនិងទំនើបទាំងនេះ”។
ដើម្បីស្វែងរកការសន្យាដែលបាត់បង់នោះមកវិញ ផលិតករភាពយន្តបានចាប់ផ្តើមធ្វើប័ណ្ណសារ ស្រាវជ្រាវរកឯកសារដែលអាចរៀបជាអត្ថបទស្នាដៃរបស់លោក មូលីវណ្ណ ឲ្យមើលឃើញនឹងភ្នែក។ ប៉ុន្តែ ពួកគេដឹងថា នេះជាការងារដែលត្រូវមានការតាំងចិត្តសម្បើមណាស់។
លោក រ៉ុមព្រេ បាននិយាយថា “ការស្រាវជ្រាវប័ណ្ណសារគឺផ្ចិតផ្ចង់ណាស់ ផ្ចិតផ្ចង់មែនទែន”។
លោក បាលាន បាននិយាយថា “យើងមានអារម្មណ៍ដូចយើងស្ថិតនៅក្នុងទឹកដីមួយដែលគ្មាននៅលើផែនទីអ៊ីចឹង។ ពិតជារំជួលចិត្តណាស់ មានការរារែកចិត្តបន្តិច ប៉ុន្តែសប្បាយច្រើន”។
ហើយការស្វែងរកឯកសារប័ណ្ណសារដែលអាចប្រើបានមិនងាយស្រួលទេ ឬក៏មិនថោកដែរ។
លោក រ៉ុមព្រេ បាននិយាយថា “វាពិបាក ពីព្រោះវាថ្លៃ ហើយវាពិបាករកបានទៀតផង។ ក្រៅតែពីភាពយន្តសម្តេច សីហនុ ដែលគេមើលឃើញជាទូទៅ ពិបាករកបានរបស់ថ្មីណាស់”។

យោងតាមលោក ជា សុភាព នាយករងនៅមជ្ឈមណ្ឌលបូផាណា បានឲ្យដឹងថា ផលិតករភាពយន្តទាំងពីរនាក់កំពុងជួបបញ្ហាប្រឈមជាច្រើន ដោយចាប់ផ្តើមជាមួយនឹងការពិតដែលម៉ាស៊ីនថតភាពយន្តក្នុងទសវត្សឆ្នាំ១៩៦០ នៅថ្លៃណាស់នៅឡើយ ហើយថ្វីបើមានឧស្សាហកម្មភាពយន្តសម័យរីកចម្រើនក្នុងប្រទេសនេះក៏ដោយ ក៏រូបភាពឯកសារពីសម័យកាលនោះគឺកម្រមានណាស់។
លោក សុភាព បាននិយាយថា “តាមពិត មិនមានមនុស្សច្រើនទេដែលមានលទ្ធភាពទិញម៉ាស៊ីនថតមួយសម្រាប់ការថតជីវិតប្រចាំថ្ងៃនោះ”។
ក្នុងចំណោមការថតមួយចំនួនតូចដែលផលិតបាន ថែមទាំងនៅសល់តិចតួចក្រោយរបបខែ្មរក្រហម នៅពេលដែលសិល្បករត្រូវបានសម្លាប់ចោល ហើយវត្ថុបុរាណត្រូវបំផ្លាញចោល។
លោក សុភាព បាននិយាយថា “ខ្មែរក្រហមបានបំផ្លាញអ្វីៗជាច្រើន។ ផលិតករខ្សែភាពយន្តបានបាត់បង់ហ្វិលរបស់គេ។ មានមនុស្សតិចតួចណាស់ដែលអាចគេចខ្លួនពីប្រទេស។ អ្នកដទៃទៀតបានគេចខ្លួនពីប្រទេស ប៉ុន្តែមិនអាចយកហ្វិលទៅជាមួយបានទេ”។
ផែនហ្វិលដែលនៅសេសសល់ ឥឡូវនេះនៅរាយពាយនៅក្នុងប្រទេសបារាំង សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត។ ហើយសូម្បីតែនៅពេលដែលគេរកឃើញក៏ដោយ ក៏វាមានបញ្ហាបច្ចេកទេសជាច្រើន។
លោក រ៉ុមព្រេ បានពន្យល់ថា “មានសម្ភារជាច្រើនមានទម្រង់ផ្សេងៗគ្នា”។ លោក រ៉ុមព្រេ និងលោក បាលាន បានស្វែងរកកន្លែងប្រមូលទុកឯកសារជាច្រើនកន្លែង។ បន្ថែមទៅនឹងការអាចចូលមើលឯកសារឯកជនដ៏ច្រើនរបស់លោក មូលីវណ្ណ និងពិគ្រោះយោបល់ជាមួយប័ណ្ណសារជាតិ និងមជ្ឈមណ្ឌលបូផាណា ពួកគេមានសម្ភារដែលមានការអនុញ្ញាតពីវិទ្យាស្ថានបារាំង ប័ណ្ណសារ អេភី និង សោតទស្សន៍ (A.P. Archive and France’s Institut national de l’audiovisuel Media Pro)។
ពួកគេក៏ទទួលបានការអនុញ្ញាតឲ្យប្រើរូបថតពីការប្រមូលដោយលោក ឆាលមេអឺ (Charles Meyer) ដែលជាទីប្រឹក្សាព័ត៌មានរបស់ព្រះមហាក្សត្រ នរោត្តម សីហនុ រយៈពេលជាច្រើនឆ្នាំ។
នៅពេលដែលរូបថតទាំងនោះរួមបញ្ចូលគ្នា ផលិតករភាពយន្តនិយាយថា ពួកគេទទួលបាននូវទំហំដ៏ធំនិងសារសំខាន់នៃគម្រោងនេះ។ ការគាស់កកាយប្រវត្តិនេះមិនអាចធ្វើឡើងក្នុងពេលដ៏សំខាន់ជាងនេះបានទេ ក្នុងពេលដែលប្រទេសនេះកំពុងប្រឈមនឹងនគរូបនីយកម្មដ៏ឆាប់រហ័ស។
លោក រ៉ុមព្រេ បាននិយាយថា “ផ្នែកចុងក្រោយនៃភាពយន្តគឺពិតជាអំពីការសម្លឹងមើលអគាររបស់លោក វណ្ណ មូលីវណ្ណ ធ្លាក់ក្នុងសភាពទ្រុឌទ្រោម។ គាត់ត្រូវគេផាត់ចេញពីការចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជានិងក្រុងភ្នំពេញនៅក្នុង[ទសវត្សរ៍ឆ្នាំ១៩៩០]។ ហើយបន្ទាប់ពីនោះ យើងឈានមកដល់សព្វថ្ងៃនេះ”។
“មានព្រឹត្តិការណ៍ជាច្រើនកើតឡើង មានភោគទ្រព្យច្រើន មានការផ្លាស់ប្តូរច្រើន ប៉ុន្តែជាការផ្លាស់ប្តូរទីទៃពីគ្នា”។
ថ្វីបើអគារទាំងឡាយរបស់លោក មូលីវណ្ណ គង់នៅសល់ពីសង្គ្រាមជាច្រើនទសវត្សរ៍ និងការផ្លាស់ប្តូរដ៏ចលាចលទៅរកសន្តិភាពក៏ដោយ ក៏អគារទាំងនោះឥឡូវនេះទទួលរងការគំរាមកំហែងដោយសារតែការអភិវឌ្ឍខ្លាំងក្លាក្នុងក្រុងភ្នំពេញ។
អ្នកប្រវត្តិសាស្ត្រសិល្បៈ លោក ខូលីន បានមានប្រសាសន៍ថា “អគារជាច្រើនរបស់លោកបានបាត់បង់ដោយសារការមិនយកចិត្តទុកដាក់ និងការប្តូរទម្រង់”។
ក្នុងឆ្នាំ២០០៨ មហោស្រពជាតិរបស់លោក មូលីវណ្ណ ត្រូវបានបំផ្លាញចោល។ ក្នុងពេលជាមួយគ្នានោះ បរិវេណពហុកីឡដ្ឋានជាតិរបស់លោក កំពុងត្រូវហ៊ុមព័ទ្ធជ្រោងច្រាងដោយអគារខ្ពស់ៗជាច្រើនយ៉ាងឆាប់រហ័ស។ ខណៈដែលស្នាដៃបង្កើតឡើងរបស់លោកស្ថិតក្នុងសភាពទ្រុឌទ្រោម មនុស្សមួយចំនួនងឿងឆ្ងល់ ថាតើកេរដំណែលរបស់លោកនឹងក្លាយទៅជាយ៉ាងណា?។
លោក រ៉ុមព្រេ បាននិយាយថា “[ពលរដ្ឋកម្ពុជា]មានប្រវត្តិសាស្ត្រអស្ចារ្យទាំងនេះដើម្បីធ្វើជាការរៀនសូត្រ។ តើពួកគេនឹងទទួលយកអតីតកាលនេះ ហើយកែច្នៃឡើងវិញ ដើម្បីបង្កើតទស្សនវិស័យថ្មីមួយនៃកម្ពុជានៅក្នុងអនាគត ឬវានឹងបន្តទុកចោលឲ្យនៅមួយកន្លែង និងចាត់ទុកថា មិនសូវមានប្រយោជន៍”៕ និត