កាលពីម្សិលមិញ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានអំពាវនាវឲ្យកងកម្លាំងនគរបាលរាជធានីបង្កើតអត្រាចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញឲ្យបានដល់៧៥ភាគរយ នៃបទល្មើសដែលត្រូវបានរាយការណ៍ ហើយលោកក៏បានស្នើឲ្យចៅក្រមសាលាដំបូងរាជធានីកាត់បន្ថយការដោះលែងឲ្យនៅក្រៅឃុំផងដែរ។
ពេលថ្លែងទៅកាន់នគរបាល កងរាជអាវុធហត្ថ និងមន្ត្រីតុលាការដែលចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់នគរបាលរាជធានី ឧត្ដមសេនីយ៍ នេត សាវឿន បានលើកឡើងថា នគរបាលត្រូវតែផ្ដោតលើការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការទប់ស្កាត់ការឆក់កាបូបនៅក្នុងរាជធានី។
លោកបានមានប្រសាសន៍ថា “បញ្ហាប្រឈមទី១របស់យើងគឺអំពើចោរកម្មតូចតាច និងអំពើឆក់ ហើយខ្ញុំសូមស្នើឲ្យអភិបាលរាជធានីជួយសហការជាមួយកម្លាំង និងស្នើឲ្យអភិបាលខណ្ឌទាំងអស់ជួយលុបបំបាត់អំពើទាំងនេះ”។
បន្ទាប់មក ឧត្ដមសេនីយ៍ នេត សាវឿន បានលើកឡើងទាក់ទិននឹងមន្ត្រីតុលាការ ហើយស្នើឲ្យពួកគេកុំសូវដោះលែងចោរដែលចាប់បានឲ្យនៅក្រៅឃុំ។
លោកបានមានប្រសាសន៍ថា “ទោះបីជាមានអ្នកមកធានាពួកគេឲ្យនៅក្រៅឃុំក៏ដោយ អស់លោកមិនគួរដោះលែងពួកគេលឿនពេកនោះឡើយ។ យើងចាំបាច់ត្រូវតែចាត់វិធានការតឹងរ៉ឹងចំពោះពួកគេ។ យើងទទួលរងការរិះគន់ពីសហភាពអឺរ៉ុប និងបន្ទាប់មកទៀតពីជប៉ុនជុំវិញអំពើឆក់នេះ”។
អគ្គស្នងការនគរបាលជាតិរូបនេះបានលើកឡើងទៀតថា នគរបាលរាជធានីភ្នំពេញបានចងដៃរបស់ខ្លួនអំឡុងភាពតានតឹងផ្នែកនយោបាយចន្លោះរយៈពេលនៃការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០១៣ ដល់ខែកក្កដាឆ្នាំមុន ប៉ុន្តែឥឡូវដាច់ខាតត្រូវតែធ្វើការចាប់ខ្លួនឲ្យបានច្រើនក្នុងបទល្មើសដែលត្រូវបានរាយការណ៍ទៅឲ្យពួកគេ។
ឧត្ដមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍បន្ថែមទៀតថា “យើងធ្វើការចាប់ខ្លួនបានត្រឹមតែ៦៦ភាគរយប៉ុណ្ណោះនៃបទល្មើសដែលបានកើតឡើង ហើយថា ភាគរយនេះគឺនៅទាបនៅឡើយ ខណៈទូទាំងប្រទេសមាន [អត្រាចាប់ខ្លួន] ចំនួន៧៣ភាគរយនៃបទល្មើសដែលបានកើតឡើងទាំងអស់ ហើយបណ្ដាខេត្តមួយចំនួនបានធ្វើការចាប់ខ្លួនបាន៩០ភាគរយ”។
លោកបានមានប្រសាសន៍ទៀតថា “ហេតុដូច្នេះ រាជធានីភ្នំពេញចាំបាច់ត្រូវតែខិតខំធ្វើការបន្ថែមទៀត គឺមិនឲ្យតិចជាង៧៥ភាគរយឡើយ ហេតុដូច្នេះ យើងត្រូវតែធ្វើការចាប់ខ្លួនឲ្យបានច្រើនជាងមុននៅពេលមានករណីកើតឡើង”។
ពេលបិទអង្គប្រជុំ ឧត្ដមសេនីយ៍ នេត សាវឿន បានប្រកាសពីការផ្ដល់ជំនួយមួយចំនួនដល់កងកម្លាំងនគរបាលរាជធានី ក្នុងនោះមានរួមទាំងរូបលោកផងដែរ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឧបត្ថម្ភម៉ូតូចំនួន១០០គ្រឿង ឧត្ដមសេនីយ៍ នេត សាវឿន ឧបត្ថម្ភកាំភ្លើងបាញ់គ្រាប់បែកផ្សែងចំនួន៤០ដើម លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី និងឧត្ដមសេនីយ៍ នេត សាវឿន ដដែលបានឧបត្ថម្ភឯកសណ្ឋានការពារខ្លួនចំនួន៤.០០០សម្រាប់ ហើយលោក បា៉ សុជាតិវង្ស អភិបាលរាជធានីឧបត្ថម្ភចំនួន៥.០០០ដុល្លារ៕ ស៊ុយឈាង