31 C
Phnom Penh

ករណី​​​​វាយ​​​ប្រហារ​​​​​​នៅ​​​​​​ក្នុង​​​ព្រះសីហនុ ​​​កំពុងមាន​​​ការ​​​កើន​​​ឡើង​​​គួរ​​​ឲ្យ​​​បារម្ភ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពេល​​​នេះ​​​នគរ​​​បាល​​​កំពុង​​​សើុប​​​អង្កេត​​​ករណី​​​លួច​​​ដុត​​​​រថយន្ត​​​មែក​​​សឺដេស បិន (Mercedis-Benz) មួយ​​​គ្រឿង​​​នៅ​​​ក្នុង​​​​​ក្រុង​​​ព្រះ​​​សីហនុ​​​ ដែល​​​បាន​​​ឆេះ​​​​​​មិន​​​យូរ​​​ប៉ុន្មាន​​​ក្រោយ​​​ពី​​​ម្ចាស់​​​​​​​​​ជន​​​ជាតិ​​​តួកគី ​​​ម្នាក់​​​​​​​​​ដើរ​​​ចេញ​​​ពី​​​រថយន្ត​​​នេះ​​​កាល​​​ពី​​​វេលា​​​ទៀប​​​​​​ភ្លឺ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃ​​​ម្សិលមិញ​​​។

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យដ​​​ឹង​​​ថា រថយន្ត​​​ពណ៌​​​ខ្មៅ​​​នេះ​​​​​​បាន​​​ឆេះ​​​នៅ​​​ម៉ោង​​​ជាង​​​៣ទៀប​​​​​​ភ្លឺ ប៉ុន្តែ​​​អាជ្ញាធរ​​​​​​​​បាន​​​​​​​​ប៉ាន់​​​ស្មាន​​​ខុសៗគ្នា​​​ជុំ​​វិញ​​​ថា តើ​​​ការ​​​ឆេះ​​​នេះ​​​​​​ជា​​​ឧបទ្ទវហេតុដែល​​​កើត​​​ឡើង​​​ដោយ​​​ឯកឯង​​​ ឬ​​​ជាការ​​​វាយ​​​ប្រហារ​​​ចុង​​​ក្រោយ​​​បំផុត​​​នៅ​​​ក្នុង​​​ជម្លោះ​​​ដែល​​​កាន់​​​តែ​​​សាហាវ​​​រវាង​​​ជន​​​បរទេស​​​ពីរ​​​ក្រុម​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​​​​មាត់​​​ឆ្នេរ​​​​​​មួយ​​​នេះ​​​។​​​

លោក ភុល ភ័ស្តា អធិការ​​​ក្រុង​​​ព្រះ​​​សីហនុ​​​​​​ បាន​​​មានប្រសាសន៍​​​ថា បុរស​​​ឈ្មោះ​​​ បូរ៉ា អូស្ទើក​​ (Bora Ozturk) អាយុ​​​៣៦​​​ឆ្នាំ បាន​​​ចត​​​រថយន្ត​​​​​​នេះ​​​នៅ​​​ខាង​​​ក្រៅ​​​ផ្ទះ​​​ជួល​​​របស់​​​ខ្លួន​​​ ​​​ហើយ​​​បាន​​​ដើរ​​​ចូល​​​ទៅ​​​ខាង​​​ក្នុង​​​​​​ មុន​​​ពេល​​រថយន្ត​​​​​​​​​នេះ​​​ឆេះដែល​​​ធ្វើ​​​ឲ្យ​​​ខូច​​​ខាត​​​គម្រប​​​ក្បាល​​​រថយន្ត​​​ និង​​​បែក​​​កញ្ចក់​​​ខាង​​​មុខ​​​។

លោក​​​​​មានប្រសាសន៍​​​ទៀត​​​ថា “រថយន្ត​​​នេះ​​​បាន​​​ឆេះ​​​នៅ​​​ម៉ោង​​​ជាង​​​៣​​​ទៀប​​​ភ្លឺ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃ​​​អង្គារ នៅ​​​ក្នុង​​​ភូមិ​​​​​​២​​​ សង្កាត់​​​៣។ យើង​​​មិន​​​ដឹង​​​ថា អ្វី​​​​​​​​បង្ក​​​ឲ្យ​​​រថ​​​យន្ត​​​​​​​​​​​​ឆេះ​​​​​​ទេ ហើយ​​​ពេល​​​នេះ​​​យើង​​​កំពុង​​​សើុប​​​អង្កេត​​​ករណី​​​នេះ​​​”។

ហេតុការណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​ក្រោយ​​​ពី​​​ចុង​​​​​​​​​ផ្នែក​​​ខាង​​​មុខ​​​នៃ​​​រថយន្ត​​​រ៉ង់​​​រ៉ូវើ (Range Rover) សេ៊រី​​​ថ្មី​​​មួយ​​​គ្រឿង​​​​​​​​​​​​​​​​បាន​​​​​​​​​រង​​​ការ​​​ខូច​​​ខាត​​​ដោយ​​​សារ​​​ការ​​​ផ្ទុះ​​​នៅខាង​​​ក្រៅ​​​ផ្ទះ​​​របស់​​​លោក នីកូឡៃ​​​ ដូរ៉ូសេនកូ (Nikolai Doroshenko) អាយុ​​​៥៤​​​ឆ្នាំ​​​ ជា​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​រុស្សី​​​ ​​​ដែល​​​រស់​​​នៅ​​​កម្ពុជា​​​យូរ​​​មក​​​ហើយ​​​ ​​​និង​​​ដែល​​​​​​ជាប់​​​​​​ពាក់​​​ព័ន្ធ​​​​​ជម្លោះ​​​​​​ផ្លូវ​​​ច្បាប់​​​​​​​​​​​​មួយ​​​​​​ចំនួន​​​ជា​​​មួយ​​​​​​លោក សេរហ្គេ ប៉ូលុន​​​ស្គី​​​ អាយុ​​​៤២​​​ឆ្នាំ ដែល​​​រស់​​​នៅ​​​លើ​​​កោះ​​​ឯកជន​​​មួយ​​​នៅ​​​ឯនាយឆ្នេរ​​​​​​ក្រុុង​​​ព្រះ​​​សីហនុ​​​។

កូនប្រុស​​​របស់​​​លោក នីកូឡៃ​​​ ដូរ៉ូសេនកូ ឈ្មោះ​​​ អូស្តាប ដូរ៉ូសេនកូ (Ostap Doroshenko) វ័យ​​​​​​៣៦​​​ឆ្នាំ​​​ដែល​​​​​​មាន​​​​​តំណែង​​​ជា​​​អនុសេនីយ៍ឯក​​​​ក្នុង​​​ជួរ​​​កង​​​កម្លាំង​​​​​​នគរ​​​បាល​​​អន្តោប្រវេសន៍​​​ខេត្ត​​​នេះ​​​​​​បាន​​​ចោទ​​​ប្រកាន់​​​លោក ​​​សេរហ្គេ ប៉ូលុន​​​ស្គី ថាជា​​​អ្នក​​​នៅ​​​ពីក្រោយ​​​​​ករណី​​​​​ផ្ទុះ​​​រថយន្ត​​​​​​រ៉ង់​​​រ៉ូវើ កាល​​​ពី​​​​​​ពេល​​​ទៀប​​​​​​ភ្លឺ​​​ឈាន​​ចូល​​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​ ដែល​​​​​លោក​​​​​​អះ​​​អាង​​​ថា​​​ជា​​​​​​ផ្នែក​​​មួយ​​​នៃ​​​ផែន​​​ការ​​​ធ្វើ​​​ឃាត​​​ឪពុក​​​ម្តាយ​​​របស់​​​លោក​​​។

លោក អូស្តាប ដូរ៉ូសេនកូ និយាយ​​​ថា “នៅយប់​​​នោះ ​​​មាន​​​​​​មនុស្ស​​​​​ព្យាយាម​​​សម្លាប់​​​ឪពុក​​​ម្តាយ​​​របស់​​​ខ្ញុំ​​​”។ លោក​​​បាន​​​​​​​​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា ពេល​​​នោះ​​​លោក​​​ និង​​​ឪពុក​​​របស់​​​លោក​​​ស្ថិត​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ចំណែក​​​ឯម្តាយ​​​របស់​​​លោក​​​ដែល​​​ស្ថិ​​​តនៅក្នុ​​​ងផ្ទះ ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ដោយ​​​សុវត្ថិភាព​​​​ក្នុង​​​ឈុត​​​រាត្រី​​​។

លោក​​​​​​​​​​បាន​​​​​​បន្ត​​​​​​ថា លោកជឿ​​​ថា ករណី​​​​​​ភ្លើង​​​ឆេះ​​​​​​ចុង​​​ក្រោយ​​​​​​​​​ដែល​​​ប៉ះពាល់​​​​​លោក​​ បូរ៉ា អូស្ទើក ​​​ដែល​​​ជា​​​ដៃ​​​គូ​​​ជំនួញ​​​របស់​​​លោក សេរហ្គេ ប៉ូលុនស្គី ​​​នេះ ​​​ត្រូវ​​​បាន​​​បង្ក​​​ឡើង​​​ដោយ​​​កំហុស​​​ចរន្ត​​​អគ្គិសនី​​​​​​ក្នុង​​​រថយន្ត​​​ ហើយ​​​មិន​​​ពាក់​​​ព័ន្ធ​​ការ​​​ផ្ទុះ​​​នៅ​​​ខាង​​​ក្រៅ​​​ផ្ទះ​​​ឪពុក​​​ម្តាយ​​​របស់​​​លោក​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ឡើយ​​​។

លោក សេរហ្គេ ប៉ូលុនស្គី អតីត​​​មហាសេដ្ឋី​​​​​​​​​មាន​​​ចរិត​​​ដ៏​​​ចម្លែក​​​​​​ដែល​​​ក្រុង​​​មូស្គូ កំពុង​​​តាម​​​ចាប់​​​ខ្លួនពី​​​បទ​​​បន្លំ​​​កិប​​កេង​​​ប្រាក់​​​​​​ជា​​​ច្រើន​​​លាន​​​ដុល្លារ​​​ បាន​​​បដិសេធ​​​ថា ខ្លួន​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​ណា​​​មួយ​​​​​​ក្នុង​​​ចំណោម​​​ករណី​​​ទាំង​​​នេះ​​ទេ។

លោក​​​ កាស្ប៉ាស សេកូទីន (Kaspars Cekotins) មេធាវី​​​ការ​​​ពារ​​​លោក សេរហ្គេ ប៉ូលុន​​​ស្គី ​​​បាន​​​មានប្រសាសន៍​​​ថា “មាន​​​តែ​​​ ​​​ដូរ៉ូ​​​សេន​​​កូ ខ្លួន​​​ឯង​​​ទេ​​​ដែល​​​​​អាច​​​រៀប​​​រាប់​​​​​​បាន​​​ច្បាស់​​​​​អំពី​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​នៅ​​​ទី​​​នោះ”​​​។

លោក​​​បាន​​​សរសេរ​​​នៅ​​​ក្នុង​​​សារ​​​តាម​​​ហ្វេស​​​ប៊ុក​​​ថា “​​​វា​​​ប្រហែលជា​​​​​​ជាប់​​​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​រក​​​ស៊ី​​​របស់​​​គាត់​​​ ឬ​​​ប្រហែល​​​ជារឿង​​​​​​​មួយរបស់​​​​​គាត់ ​​យើង​​​អាច​​​ត្រឹម​​​តែ​​ទាយ​​​ប៉ុណ្ណោះ។ រឿង​​​មួយ​​​គឺ​​​ច្បាស់​​​ណាស់​​​ថា ប៉ូលុនស្គី ពិតជា​​​មិន​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នេះ​​ និង​​​​​​​​​​​ហេតុការណ៍​​​ថ្មី​​​ៗ​​​នេះ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​ឡើយ​​​​​​​​​”។

ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក ណុប សារឿន នាយការិយាល័យ​​​ព្រហ្មទណ្ឌនៃ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​ព្រះសីហនុ ​​​បាន​​​មានប្រសាសន៍​​​ថា ករណីទាំង​​​ពីរ​​​នេះ​​​ទំនង​​​ជា​​​មាន​​​ការ​​​ពាក់​​​ព័ន្ធ​​​​​​គ្នា​​​។លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​សង្ស័យ​​​ថា ករណី​​​ទាំង​​​នេះ​​​បាន​​​កើត​​​ឡើង​​​ [ដោយ​​​សារ​​​] ជម្លោះ​​​​​​រវាង​​​ជន​​​បរទេស​​​” ដោយ​​​លោក​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទៀត​​​ទេ​​​។  ទោះជាយ៉ាងណា លោក សៀង កុសល ស្នង​​​ការ​​​ខេត្ត​​​ព្រះសីហនុ​​​ បាន​​​មានប្រសាសន៍​​​ថា ករណី​​​ទាំង​​​ពីរ​​​នេះ​​​គឺ​​​ “ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា” ហើយ​​​ខណៈ​​​​​​​​​​អ្នក​​​ខ្លះ​​​ប៉ាន់ស្មាន​​​ថា ការ​​​វាយ​​​ប្រហារ​​​ទាំង​​​នេះ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ក្រុមម៉ា​​​ហ្វីយ៉ា​​​​នោះ គឺគ្មាន​​​ភ័ស្តុ​​​តាង​​​ទេ​​​”។

លោក​​​បាន​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៀត​​​ទៅ​​​លោក សារ៉ាត់ វិទ្យា​​​ នាយ​​​ការិយាល័យ​​​កោសល្យ​​​វិច័យ​​​​​​នៃ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគ​​​របាល​​​ខេត្ត​​​​​​ព្រះ​​​សីហនុ​​​ ដែល​​​សុំ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទៀត​​​។

ក្រុង​​​ព្រះ​​​សីហនុ​​​​​​ មានការ​​​កើន​​​ឡើង​​​បទ​​​ល្មើស​​​ហិង្សា​​​ពាក់​​​ព័ន្ធ​​​​​​ជន​​​បរទេស​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​បី​​​ខែ​​​កន្លង​​​មក​​​នេះ​​​ ដោយ​​​រួម​​​​​​ទាំង​​​ករណី​​​ចាក់​​​មនុស្ស​​​ ករណី​​​បាញ់​​​ប្រហារ​​​ទៅ​​​លើ​​​រថយន្ត​​​ និង​​​ការ​​​ប៉ុន​​​ប៉ង​​​ធ្វើ​​​ឃាត​​​មិន​​​បាន​​​​​​សម្រេច​​​មួយ​​​ផងដែរ​​​។

អំឡុង​​​​​​​​​​សុន្ទរក​​​ថា​​​​​​ថ្លែង​​ទៅ​​​កាន់​​​មន្ត្រី​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ លោក​​​ នេត សាវឿន អគ្គស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ​​​​​​បាន​​​លើក​​​ឡើង​​​អំពីការ​​​កើន​​​ឡើង​​​នូវ​​​​​​​​​បទ​​​ល្មើស​​​ប្រព្រឹត្ត​​​ដោយ​​​ជន​​​បរទេស និង​​​ប្រឆាំង​​​ជន​​​បរទេស​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា ជា​​​ពិសេស​​​ក្រុង​​​ព្រះសីហនុ​​​។

យោង​​​តាម​​​សម្រង់​​​ពាក្យស​​​ម្តី​​​របស់​​​លោក​​​ដែល​​​​​​​​បាន​​​បង្ហោះ​​​ក្នុង​​​គេហ​​​ទំព័រ​​​របស់​​​អគ្គស្នងការ​​​ដ្ឋាន​​​នគរ​​​បាល​​​ជាតិ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក នេត សាវឿន បាន​​​មាន​​​ប្រសាសន៍​​​ថា “កម្ពុជា​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ជន​​​បរទេស​​​ដែល​​​ជា​​​ក្រុម​​​ម៉ាហ្វីយ៉ា មក​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ខុស​​​ច្បាប់​​​នៅ​​​លើ​​​ទឹក​​​ដី​​​កម្ពុជា​​​​​​ឡើយ​​​”។

លោក បូរ៉ា អូស្ទើក​​​ ​​ម្ចាស់​​​រថយន្ត​​​មែកសឺដេស​​ដែល​​​ត្រូវ​​​ភ្លើង​​​ឆេះ មិន​​​អាច​​​ទាក់ទង​​​បាន​​​ទេ​​​កាល​​​ពីម្សិលមិញ។ ប៉ុន្តែ​​​ជន​​​ជាតិ​​​​​ខ្មែរ​​​ម្នាក់​​​ឈ្មោះ​​​ កាន់ ​​​ដែល​​​ជា​​​​​​អ្នក​​​​​​គ្រប់​​​គ្រង​​​មជ្ឈមណ្ឌល​​​មុជ​​​ទឹក​​​កោះ​​​រ៉ុង​​​ ជា​​​មួយ​​​លោក បូរ៉ា អូស្ទើក ដែល​​​លោក​​​បាន​​​​​​ឲ្យ​​​រថយន្ត​​​​​​ខ្ចី ​​​និយាយ​​​​​​ថា មួយ​​​ថ្ងៃ​​​ក្រោយ​​​ពី​​​នគ​​​របាល​​​សាក​​​សួរ​​​នៅ​​​លើ​​​ដី​​​គោក​​ គាត់​​​​​​បាន​​​សម្រេច​​​ចិត្ត​​មិន​​​ដាក់​​​ពាក្យ​​​​​បណ្តឹង​​​​​​។

ទាំង​​​លោក ​​​បារ៉ា​​​ អូស្ទើក និង​​​​​​លោក កាន់ គឺ​​​ជា​​​ដៃ​​​គូ​​​ពាណិជ្ជកម្ម​​​របស់​​​លោក ​​​សេរហ្គេ ប៉ូលុនស្គី​​​ ដោយ​​​លោក កាន់ ជួយ​​​​​​សាង​​​សង់​​​ “សារមន្ទីរ​​​សង្គ្រាម​​​ក្រោម​​​ទឹក​​​” (Underwater War Museum) នៅ​​​ក្នុង​​​​​​​​​ទឹក​​​​​​នៅ​​​កោះ​​​តាង​​​ ចំណែក​​​ឯលោក ​​​បារ៉ា អូស្ទើក ទើប​​​តែ​​​បញ្ចប់​​​​​​​​​ការ​​​មើល​​​ខុស​​ត្រូវ​​​​​​​​លើ​​​​​​ការសាង​​​សង់​​​បឹង​​​កាឡូនៅ​​​លើ​​​កោះ​​​ដំឡូង​​​ ដែល​​​មហាសេដ្ឋី​​​​​​រុស្សុី រូប​​​នេះ​​​កំពុង​​​អភិវឌ្ឍ។

លោក កាន់​​​ និយាយ​​​ថា “បើ​​​ខ្ញុំ​​​រាយការណ៍ទៅ​​​ប៉ូលិស ខ្ញុំ​​​មិនជឿ​​​ថា ពួក​​​គេ​​​រក​​​ឃើញ​​​អ្នក​​​ដុត​​​រថយន្ត​​​របស់​​​ខ្ញុំ​​​ឡើយ​​​  ហើយ​​​វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​ខ្ញុំ​​​អស់​​​លុយ​​​ទៅ​​​វិញ​​​ទេ​​​ ដូច្នេះ​​​ហើយ​​​ខ្ញុំ​​​ក៏​​​និយាយ​​​ថា វា​​​ជាការ​​​ឆេះ​​​ឆ្លង​​​ចរន្ត​​​អគ្គិសនី ​​​រួច​​​យក​​​រថយន្ត​​​របស់​​​ខ្ញុំ​​​ត្រឡប់​​​មក​​​វិញ​​​ ហើយ​​​បញ្ចប់​​​ករណី​​​នេះ។ ខ្ញុំ​​​មិន​​​ដឹង​​​ថា នរណា​​​នៅ​​​ពីក្រោយ​​​រឿង​​​នេះទេ ដូច្នេះ​​​​​ខ្ញុំ​​​​​​ត្រូវ​​​​​​តែ​​​ត្រឡប់​​​ទៅ​​​កោះរ៉ុង​​​វិញ​​​ទើប​​​មាន​​​សុវត្ថិភាព​​​”៕សុខុម​​​ (រាយការណ៍​​​បន្ថែម​​​ដោយ Ben Woods)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស