38.1 C
Phnom Penh

រដ្ឋាភិបាល​អនុម័ត​កិច្ច​ព្រមព្រៀង​បញ្ជូន​អ្នក​បម្រើ​តាម​ផ្ទះ​ទៅ​ម៉ាឡេស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​យល់​ព្រម​លើ​សេចក្តី​ព្រាង​កិច្ច​ព្រមព្រៀង ដែល​នឹង​លែង​ដាក់​បម្រាម​លើ​ការ​បញ្ជូន​ស្ត្រី​អ្នក​បម្រើ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ដាក់​៤​ឆ្នាំ​មុន​នេះ ក្នុង​ពេល​មាន​សេចក្តី​រាយការណ៍​ច្រើន​អំពី​ការ​រំលោភ​បំពាន ហើយ​កំពុង​រង់ចាំ​ការ​សម្រេច​យល់​ព្រម​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី។

អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ដែល​រង់​ចាំ​ជា​យូរ​មក​ហើយ​នេះ​រួម​បញ្ចូល​ការ​ការពារ​ប្រសើរ​ជាងមុន​ដើម្បី​ការពារ​ស្ត្រី​អ្នក​បម្រើ​ខ្មែរ​ពី​ការ​រំលោភ​បំពាន ជំពាក់​បំណុល និង​ការ​រំលោភ​ផ្លូវ​ភេទ ដែល​មាន​កាន់តែ​ច្រើន​រហូត​ដល់​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បិទ​សេវា​កាងារ​នេះ​ក្នុង​ឆ្នាំ​២០១១។

ទោះជា​យ៉ាងនេះ​ក្តី អ្នក​រិះគន់​និយាយ​ថា ដោយសារ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ដែល​គេ​បន្ទោស​ចំពោះ​ការ​រំលោភ​បំពាន​ជាច្រើន​នោះ វា​នៅតែ​ត្រូវ​គេ​មើល​ឃើញ ថាតើ​កិច្ច​ព្រមព្រៀង​ថ្មី​នេះ​នឹង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ស្ត្រី​ដែល​បញ្ជូន​ទៅ​ប្រទេស​ម៉ាឡេស៊ី​ឬ​យ៉ាងណា​ទេ។

លោក ជួប ណារ័ត្ន អនុប្រធាន​នាយកដ្ឋាន​មុខ​ងារ​និង​ហត្ថកម្ម​នៃ​ក្រសួង​ការងារ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា តាម​លោក​ដឹង រដ្ឋាភិបាល​ម៉ាឡេស៊ី​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ពិនិត្យ​សម្រេច​សេចក្តី​ព្រាង​ចុង​ក្រោយ​នេះ។

លោក​មាន​ប្រសាសន៍​ថា “មែន​ហើយ ខាង​យើង​បាន​ព្រមព្រៀង ហើយ​យើង​ទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋមន្ត្រី​របស់​យើង ប៉ុន្តែ​ឥឡូវ​បញ្ហា​នេះ​ស្ថិត​នៅ​ខាង​ភាគី​ម៉ាឡាស៊ី។ យើង​រង់ចាំ​អស់​រយៈ​ពេល​បី​ឬ​បួន​ខែ ដូច្នេះ​យើង​មិន​ទាន់​អាច​ធ្វើ​អ្វី​បាន​នៅ​ឡើយ​ទេ”។

ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​ប៉ាន់​ប្រមាណ​ថា ការ​បើក​សេវា​នេះ​ឡើង​វិញ​ទៅ​ប្រទេស​ម៉ាឡេស៊ី អាច​នាំ​មក​នូវ​ប្រាក់​បញ្ញើ​មក​កម្ពុជា​១២០​លាន​ដុល្លារ​រាល់​ឆ្នាំ។ ក្រសួង​បាន​ទទួល​ការ​គាំទ្រ​ខាង​បច្ចេកទេស​ពី​អង្គការ​ពលករ​អន្តរជាតិ (ILO) របស់​អង្គការ​សហ​ប្រជាជាតិ ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ធានា​បាន​ការ​ការពារ​សិទ្ធិ​មនុស្ស​គ្រប់គ្រាន់ មុន​ពេល​បើក​ទ្វារ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ចេញពី​ប្រទេស​ទៅ​ធ្វើ​ជា​ស្ត្រី​អ្នក​បម្រើ​ជា​ថ្មី​ទៀត។

លោក​បាន​មាន​ប្រសាសន៍​ទាក់​ទិន​នឹង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ថ្មី​នេះ​ថា “គ្រប់​គ្នា​រីករាយ។ យើង​មាន​ការ​ពិគ្រោះ​យោបល់​ច្រើន​លើ​សេចក្តី​ព្រាង​នេះ​ជាមួយ​អង្គការ ILO ហើយ​គេ​តែងតែ​ចូលរួម និង​រីករាយ យើង​មិន​អាច​ធ្វើ​អ្វី​​លើស​នេះ​ទេ​ឥឡូវ​នេះ”។

ទោះជា​យ៉ាង​នេះ​ក្តី លោក ទុន សុភ័ណ្ឌ អ្នក​សម្រប​សម្រួល​ថ្នាក់​ជាតិ​របស់​អង្គការ​ ILO នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​មិន​ប្រាកដ​ ថា​តើ​មាន​អ្វី​នៅ​ក្នុង​សេចក្តី​ព្រាង​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ ដែល​ក្រសួង​ការងារ​បាន​ចុះ​ហត្ថលេខា​យល់​ព្រម​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​បាន​ឃើញ​សេចក្តី​ព្រាង​នេះ​ទេ មាន​សេចក្តី​ព្រាង​ជាច្រើន ហើយ​យើង​មិន​បាន​[ទាក់ទង​ជាមួយ​ក្រសួង​ការងារ]​ពីរ​បី​សប្តាហ៍​មក​ហើយ ដូច្នេះ​ខ្ញុំ​មិន​ដឹង​ថា ក្រសួង​និយាយ​អំពី​សេចក្តី​ព្រាង​មួយ​ណា​ទេ”។

សមាគម​ជាតិ​នៃ​ទីភ្នាក់ងារ​ការងារ​ម៉ាឡេស៊ី (Pikap) បាន​បញ្ជូន​ប្រតិភូ​មួយ​ក្រុម​មក​ទីក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន​ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​បន្ត​សេវា​ស្ត្រី​បម្រើ​តាម​ផ្ទះ។ តំណាង​សមាគម​បាន​និយាយ​ថា ពួកគេ​ប្រាកដ​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ត្រឹម​ចុង​ខែ​ក្រោយ។

លោក អាយហ្សាន ឡាណា អនុប្រធាន​សមាគម​ជាតិ​នៃ​ទីភ្នាក់ងារ​ការងារ​ម៉ាឡេស៊ី បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា “តាមតែ​យើង​ដឹង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ នេះ​មាន​ការ​ព្រមព្រៀង បញ្ចប់​រួចរាល់ ហើយ​នៅ​ចាំតែ​ការ​សម្រេច​យល់​ព្រម និង​បន្ទាប់មក​ចុះ​ហត្ថលេខា​តែ​ប៉ុណ្ណោះ”។

សំដៅ​ដល់​ជំនួប​កំពូល​អាស៊ាន​លើកទី​២៦​ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​កូឡាឡាំពួ លោក​បាន​និយាយ​ថា “ខ្ញុំ​ជឿ​ថា វា​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​អាស៊ាន​នា​ខែ​មេសា”។ នេះ​នឹង​ជា​ឱកាស​ល្អ​សម្រាប់​ពលរដ្ឋ​កម្ពុជា ដែល​ចង់​មក​ប្រទេស​របស់​យើង និង​ល្អ​សម្រាប់​សមាជិក​របស់​យើង ដែល​មាន​ការងារ​ច្រើន​ត្រូវ​បំពេញ”។

សមាគម​ជាតិ​នៃ​ទីភ្នាក់ងារ​ការងារ​ម៉ាឡេស៊ី បាន​នាំ​តំណាង​ជិត​៩០​នាក់​មក​ប្រទេស​កម្ពុជា​​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​កាលពី​សប្តាហ៍​មុន ដែល​រួម​មាន​កិច្ច​ប្រជុំ​ជាមួយ​ក្រសួង​ការងារ សមាគម​នៃ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា និង​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក។

លោក ដាតូ រ៉ាចា ហ្សុលខេប្លី ដាហាឡាន ប្រធាន​សមាគម​ជាតិ​នៃ​ទីភ្នាក់ងារ​ការងារ​ម៉ាឡេស៊ី បាន​និយាយ​ថា ខ្លឹមសារ​ពេញលេញ​នៃ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ​មិន​ទាន់​បញ្ចេញ​ឲ្យ​ដឹង​ទេ ប៉ុន្តែ​ដល់​ពេល​ភ្ជាប់​ទំនាក់​ទំនង​ជា​ថ្មី​ជាមួយ​សមភាគី​កម្ពុជា ដូច្នេះ​ការ​ចាប់ផ្តើម​ជាថ្មី​នៃ​ការងារ​អាចលឿន ពេល​ណា​ចុះ​កិច្ចព្រមព្រៀង។ លោក​បាន​និយាយ​ថា “ហេតុអ្វី​យើង​ត្រូវ​រង់ចាំ ពីព្រោះតែ​យើង​មិន​ដឹង​ថា នីតិ​វិធី​ថ្មី​នោះ​បែបណា​ទេ?”។

“យើង​មិន​អាច​ធានា​ឲ្យ​ច្បាស់​ថា នឹង​មាន​ការ​ការពារ​ទាំងស្រុង​ទេ ប៉ុន្តែ​យើង​បាន​ឮ​ថា ក្នុង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នោះ នឹង​មាន​ការ​បណ្តុះ​បណ្តាល​ការងារ​ជាមុន ការ​ការពារ​ប្រាក់​ខែ ការ​ចំណាយ​លើ​សុខភាព និង​ការ​ធានា​រ៉ាប់រង ហើយ​នេះ​នឹង​ជា​មូលដ្ឋាន​មួយ​ល្អ​គ្រប់គ្រាន់”។

លោក ដាហាឡាន បាន​បន្ថែម​ថា ការ​លែង​ហាមប្រាម​មាន​សារៈសំខាន់​ណាស់ ដោយ​លោក​លើក​ឡើង​នូវ​របាយការណ៍​ថ្មីៗ​ទាក់ទិន​នឹង​ស្ត្រី​ដែល​ចូល​ប្រទេស​ម៉ាឡេស៊ី​ដោយ​ខុស​ច្បាប់ ហើយ​ត្រូវ​គេ​រំលោភ​បំពាន ឬ បាត់​ខ្លួន។​ លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ទី​បំផុត មាន​[ស្ត្រី​ខ្មែរ​បម្រើ​តាម​ផ្ទះ]​ច្រើន​នាក់​មក ហើយ​អ្នក​ដែល​មក​មិន​មាន​ឯកសារត្រឹមត្រូវ ​និង​មិន​អាច​ទទួល​បាន​ការ​ការពារ​ទេ”។

កាលពី​ខែ​មករា អង្គការ​អាដហុក​បាន​រាយការណ៍​ថា ចាប់តាំងពី​ខ្លួន​បាន​ចាប់​ផ្តើម​ស៊ើប​អង្កេត​នៅ​ឆ្នាំ​២០១១​មក ស្ត្រី​បម្រើ​តាម​ផ្ទះ​ខ្មែរ​១២២​នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​បាត់​ខ្លួន ធ្វើការ​តាម​កិច្ច​សន្យា​បន្ត​ទាំង​បង្ខំ រង​ការ​បំពាន​ធ្វើ​បាប ឬ​មិន​បាន​ទទួល​ប្រាក់​ខែ​ទេ។

ហើយ​យោងតាម​បណ្តាញ​ព័ត៌មាន​និង​វិបសាយ​ឧស្សាហកម្ម​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹង​ថា អ្នក​បម្រើ​បរទេស​ជាង​៨០០​នាក់​ក្នុង​ប្រទេស​នេះ​ត្រូវ​គេ​ជឿ​ថា បាន​រត់​ចោល​និយោជក​រាល់​ខែ ដោយសារ​លក្ខខណ្ឌ​ការងារ​មិន​ល្អ ការ​បំភិត​បំភ័យ ឬ​ការ​រំលោភ​បំពាន។

លោក ដាហាឡាន បាន​និយាយ​ថា សមាគម​អាដហុក បាន​ផ្តល់​ឲ្យ​លោក​នូវ​បញ្ជី​នៃ​ស្ត្រី​ខ្មែរ​បាត់​ខ្លួន ហើយ​ថា សមាគម​នេះ​កំពុង​ខិតខំ​ស្វែងរក​ពួកគេ ប៉ុន្តែ​បាន​កត់​សម្គាល់​ថា កម្មករ​ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ​ពិបាក​នឹង​តាម​រក​ឃើញ​ណាស់។

លោក​បាន​និយាយ​ថា “អំឡុង​ពេល​មាន​បម្រាម​បណ្តោះ​អាសន្ន មាន​តែ​មនុស្ស​ទទួល​​ផល​ប្រយោជន៍​ទេ ដែល​ជា​ភ្នាក់ងារ​ខុស​ច្បាប់ ទោះជា​យ៉ាងនេះ​ក្តី ស្ត្រី​បម្រើ​តាម​ផ្ទះ​នៅតែ​ធ្វើ​ដំណើរ​មក។ ដូច្នេះ​ឥឡូវ​ដល់​ពេល​ហើយ យើង​ត្រូវ​ឲ្យ​មាន​ការ​គ្រប់គ្រង​វិញ”។

លោក ធន សារ៉ាយ ប្រធាន​អង្គការ​អាដហុក បាន​ទទួល​ស្គាល់​ថា បម្រាម​នេះ​បាន​នាំ​មក​នូវ​ផលវិបាក​អវិជ្ជមាន​មួយ​ចំនួន ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា កំណែ​ទម្រង់​គឺ​ចាំបាច់​ណាស់​ដើម្បី​នាំ​មក​នូវ​ដំណើរការ​ស្របតាម​បទដ្ឋាន​ការងារ​អន្តរជាតិ។​ លោក​មាន​ប្រសាសន៍​ថា “ពិតមែន​ហើយ មាន​ទាំង​វិជ្ជមាន ទាំង​អវិជ្ជមាន ដូចជា​ការ​ផ្តល់​កម្រៃ​ជើងសារ​[ខុស​ច្បាប់]​ជាដើម។ ប៉ុន្តែ​​ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​ត្រឹមត្រូវ មុន​ពេល​ចាប់ផ្តើម​ជ្រើសរើស​ពលករ​ជាថ្មី​នោះ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស