មន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជាបានចុះហត្ថលេខាយល់ព្រមលើសេចក្តីព្រាងកិច្ចព្រមព្រៀង ដែលនឹងលែងដាក់បម្រាមលើការបញ្ជូនស្ត្រីអ្នកបម្រើទៅប្រទេសម៉ាឡេស៊ី ដែលបានដាក់៤ឆ្នាំមុននេះ ក្នុងពេលមានសេចក្តីរាយការណ៍ច្រើនអំពីការរំលោភបំពាន ហើយកំពុងរង់ចាំការសម្រេចយល់ព្រមពីរដ្ឋាភិបាលម៉ាឡេស៊ី។
អនុស្សរណៈនៃការយោគយល់គ្នាដែលរង់ចាំជាយូរមកហើយនេះរួមបញ្ចូលការការពារប្រសើរជាងមុនដើម្បីការពារស្ត្រីអ្នកបម្រើខ្មែរពីការរំលោភបំពាន ជំពាក់បំណុល និងការរំលោភផ្លូវភេទ ដែលមានកាន់តែច្រើនរហូតដល់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បិទសេវាកាងារនេះក្នុងឆ្នាំ២០១១។
ទោះជាយ៉ាងនេះក្តី អ្នករិះគន់និយាយថា ដោយសារទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋាភិបាលកម្ពុជានិងទីភ្នាក់ងារជ្រើសរើសពលករដែលគេបន្ទោសចំពោះការរំលោភបំពានជាច្រើននោះ វានៅតែត្រូវគេមើលឃើញ ថាតើកិច្ចព្រមព្រៀងថ្មីនេះនឹងមានប្រសិទ្ធភាពក្នុងការការពារស្ត្រីដែលបញ្ជូនទៅប្រទេសម៉ាឡេស៊ីឬយ៉ាងណាទេ។
លោក ជួប ណារ័ត្ន អនុប្រធាននាយកដ្ឋានមុខងារនិងហត្ថកម្មនៃក្រសួងការងារ បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា តាមលោកដឹង រដ្ឋាភិបាលម៉ាឡេស៊ីកំពុងស្ថិតក្នុងដំណើរការពិនិត្យសម្រេចសេចក្តីព្រាងចុងក្រោយនេះ។
លោកមានប្រសាសន៍ថា “មែនហើយ ខាងយើងបានព្រមព្រៀង ហើយយើងទទួលបានការយល់ព្រមពីរដ្ឋមន្ត្រីរបស់យើង ប៉ុន្តែឥឡូវបញ្ហានេះស្ថិតនៅខាងភាគីម៉ាឡាស៊ី។ យើងរង់ចាំអស់រយៈពេលបីឬបួនខែ ដូច្នេះយើងមិនទាន់អាចធ្វើអ្វីបាននៅឡើយទេ”។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប៉ាន់ប្រមាណថា ការបើកសេវានេះឡើងវិញទៅប្រទេសម៉ាឡេស៊ី អាចនាំមកនូវប្រាក់បញ្ញើមកកម្ពុជា១២០លានដុល្លាររាល់ឆ្នាំ។ ក្រសួងបានទទួលការគាំទ្រខាងបច្ចេកទេសពីអង្គការពលករអន្តរជាតិ (ILO) របស់អង្គការសហប្រជាជាតិ ក្នុងកិច្ចប្រឹងប្រែងដើម្បីធានាបានការការពារសិទ្ធិមនុស្សគ្រប់គ្រាន់ មុនពេលបើកទ្វារឲ្យមនុស្សរាប់ពាន់នាក់ចេញពីប្រទេសទៅធ្វើជាស្ត្រីអ្នកបម្រើជាថ្មីទៀត។
លោកបានមានប្រសាសន៍ទាក់ទិននឹងអនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះថា “គ្រប់គ្នារីករាយ។ យើងមានការពិគ្រោះយោបល់ច្រើនលើសេចក្តីព្រាងនេះជាមួយអង្គការ ILO ហើយគេតែងតែចូលរួម និងរីករាយ យើងមិនអាចធ្វើអ្វីលើសនេះទេឥឡូវនេះ”។
ទោះជាយ៉ាងនេះក្តី លោក ទុន សុភ័ណ្ឌ អ្នកសម្របសម្រួលថ្នាក់ជាតិរបស់អង្គការ ILO នៅកម្ពុជា បានមានប្រសាសន៍ថា លោកមិនប្រាកដ ថាតើមានអ្វីនៅក្នុងសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ដែលក្រសួងការងារបានចុះហត្ថលេខាយល់ព្រមនោះទេ។
លោកមានប្រសាសន៍ថា “ខ្ញុំមិនបានឃើញសេចក្តីព្រាងនេះទេ មានសេចក្តីព្រាងជាច្រើន ហើយយើងមិនបាន[ទាក់ទងជាមួយក្រសួងការងារ]ពីរបីសប្តាហ៍មកហើយ ដូច្នេះខ្ញុំមិនដឹងថា ក្រសួងនិយាយអំពីសេចក្តីព្រាងមួយណាទេ”។
សមាគមជាតិនៃទីភ្នាក់ងារការងារម៉ាឡេស៊ី (Pikap) បានបញ្ជូនប្រតិភូមួយក្រុមមកទីក្រុងភ្នំពេញកាលពីសប្តាហ៍មុនដើម្បីរៀបចំឲ្យមានការបន្តសេវាស្ត្រីបម្រើតាមផ្ទះ។ តំណាងសមាគមបាននិយាយថា ពួកគេប្រាកដថា កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខានៅត្រឹមចុងខែក្រោយ។
លោក អាយហ្សាន ឡាណា អនុប្រធានសមាគមជាតិនៃទីភ្នាក់ងារការងារម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃសុក្រថា “តាមតែយើងដឹងអនុស្សរណៈនៃការយោគយល់គ្នា នេះមានការព្រមព្រៀង បញ្ចប់រួចរាល់ ហើយនៅចាំតែការសម្រេចយល់ព្រម និងបន្ទាប់មកចុះហត្ថលេខាតែប៉ុណ្ណោះ”។
សំដៅដល់ជំនួបកំពូលអាស៊ានលើកទី២៦ដែលគ្រោងធ្វើនៅទីក្រុងកូឡាឡាំពួ លោកបាននិយាយថា “ខ្ញុំជឿថា វានឹងត្រូវចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ាននាខែមេសា”។ នេះនឹងជាឱកាសល្អសម្រាប់ពលរដ្ឋកម្ពុជា ដែលចង់មកប្រទេសរបស់យើង និងល្អសម្រាប់សមាជិករបស់យើង ដែលមានការងារច្រើនត្រូវបំពេញ”។
សមាគមជាតិនៃទីភ្នាក់ងារការងារម៉ាឡេស៊ី បាននាំតំណាងជិត៩០នាក់មកប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃកាលពីសប្តាហ៍មុន ដែលរួមមានកិច្ចប្រជុំជាមួយក្រសួងការងារ សមាគមនៃទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា និងអង្គការសិទ្ធិមនុស្សអាដហុក។
លោក ដាតូ រ៉ាចា ហ្សុលខេប្លី ដាហាឡាន ប្រធានសមាគមជាតិនៃទីភ្នាក់ងារការងារម៉ាឡេស៊ី បាននិយាយថា ខ្លឹមសារពេញលេញនៃអនុស្សរណៈនៃការយោគយល់គ្នានេះមិនទាន់បញ្ចេញឲ្យដឹងទេ ប៉ុន្តែដល់ពេលភ្ជាប់ទំនាក់ទំនងជាថ្មីជាមួយសមភាគីកម្ពុជា ដូច្នេះការចាប់ផ្តើមជាថ្មីនៃការងារអាចលឿន ពេលណាចុះកិច្ចព្រមព្រៀង។ លោកបាននិយាយថា “ហេតុអ្វីយើងត្រូវរង់ចាំ ពីព្រោះតែយើងមិនដឹងថា នីតិវិធីថ្មីនោះបែបណាទេ?”។
“យើងមិនអាចធានាឲ្យច្បាស់ថា នឹងមានការការពារទាំងស្រុងទេ ប៉ុន្តែយើងបានឮថា ក្នុងអនុស្សរណៈនៃការយោគយល់គ្នានោះ នឹងមានការបណ្តុះបណ្តាលការងារជាមុន ការការពារប្រាក់ខែ ការចំណាយលើសុខភាព និងការធានារ៉ាប់រង ហើយនេះនឹងជាមូលដ្ឋានមួយល្អគ្រប់គ្រាន់”។
លោក ដាហាឡាន បានបន្ថែមថា ការលែងហាមប្រាមមានសារៈសំខាន់ណាស់ ដោយលោកលើកឡើងនូវរបាយការណ៍ថ្មីៗទាក់ទិននឹងស្ត្រីដែលចូលប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ ហើយត្រូវគេរំលោភបំពាន ឬ បាត់ខ្លួន។ លោកបានមានប្រសាសន៍ថា “នៅទីបំផុត មាន[ស្ត្រីខ្មែរបម្រើតាមផ្ទះ]ច្រើននាក់មក ហើយអ្នកដែលមកមិនមានឯកសារត្រឹមត្រូវ និងមិនអាចទទួលបានការការពារទេ”។
កាលពីខែមករា អង្គការអាដហុកបានរាយការណ៍ថា ចាប់តាំងពីខ្លួនបានចាប់ផ្តើមស៊ើបអង្កេតនៅឆ្នាំ២០១១មក ស្ត្រីបម្រើតាមផ្ទះខ្មែរ១២២នាក់នៅប្រទេសម៉ាឡេស៊ី បានបាត់ខ្លួន ធ្វើការតាមកិច្ចសន្យាបន្តទាំងបង្ខំ រងការបំពានធ្វើបាប ឬមិនបានទទួលប្រាក់ខែទេ។
ហើយយោងតាមបណ្តាញព័ត៌មាននិងវិបសាយឧស្សាហកម្មម៉ាឡេស៊ីបានឲ្យដឹងថា អ្នកបម្រើបរទេសជាង៨០០នាក់ក្នុងប្រទេសនេះត្រូវគេជឿថា បានរត់ចោលនិយោជករាល់ខែ ដោយសារលក្ខខណ្ឌការងារមិនល្អ ការបំភិតបំភ័យ ឬការរំលោភបំពាន។
លោក ដាហាឡាន បាននិយាយថា សមាគមអាដហុក បានផ្តល់ឲ្យលោកនូវបញ្ជីនៃស្ត្រីខ្មែរបាត់ខ្លួន ហើយថា សមាគមនេះកំពុងខិតខំស្វែងរកពួកគេ ប៉ុន្តែបានកត់សម្គាល់ថា កម្មករដែលគ្មានឯកសារត្រឹមត្រូវពិបាកនឹងតាមរកឃើញណាស់។
លោកបាននិយាយថា “អំឡុងពេលមានបម្រាមបណ្តោះអាសន្ន មានតែមនុស្សទទួលផលប្រយោជន៍ទេ ដែលជាភ្នាក់ងារខុសច្បាប់ ទោះជាយ៉ាងនេះក្តី ស្ត្រីបម្រើតាមផ្ទះនៅតែធ្វើដំណើរមក។ ដូច្នេះឥឡូវដល់ពេលហើយ យើងត្រូវឲ្យមានការគ្រប់គ្រងវិញ”។
លោក ធន សារ៉ាយ ប្រធានអង្គការអាដហុក បានទទួលស្គាល់ថា បម្រាមនេះបាននាំមកនូវផលវិបាកអវិជ្ជមានមួយចំនួន ប៉ុន្តែបានមានប្រសាសន៍ថា កំណែទម្រង់គឺចាំបាច់ណាស់ដើម្បីនាំមកនូវដំណើរការស្របតាមបទដ្ឋានការងារអន្តរជាតិ។ លោកមានប្រសាសន៍ថា “ពិតមែនហើយ មានទាំងវិជ្ជមាន ទាំងអវិជ្ជមាន ដូចជាការផ្តល់កម្រៃជើងសារ[ខុសច្បាប់]ជាដើម។ ប៉ុន្តែចាំបាច់ត្រូវធ្វើឲ្យត្រឹមត្រូវ មុនពេលចាប់ផ្តើមជ្រើសរើសពលករជាថ្មីនោះ”៕ និត