មន្ត្រីមួយរូបបាននិយាយថា កាលពីម្សិលមិញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនបុរសអ្នកបើកបររថយន្តក្រុងវ័យ៣៥ឆ្នាំម្នាក់នៅក្នុងខណ្ឌជ្រោយចង្វា បន្ទាប់ពីត្រូវមិត្តស្រីប្តឹងថា ខ្លួនបានដាក់ថ្នាំនាង រួចលួចថតសកម្មភាពរួមរ័ករបស់ពួកគេ ហើយបន្ទាប់មកយកវីដេអូនោះមកគំរាមនាង។
លោក ផាន់ តារាវុធ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីបានមានប្រសាសន៍ថា ស្ត្រីវ័យ៣២ឆ្នាំរូបនេះបានប្រាប់កងរាជអាវុធហត្ថថា នាងបានស្គាល់គ្នាជាមួយបុរសឈ្មោះ ម៉ុល សីហា លើកដំបូងនៅក្នុងឆ្នាំ២០១៣ ហើយមិនយូរប៉ុន្មានពួកគេក៏ចាប់ផ្តើមដេកជាមួយគ្នា។ ប៉ុន្តែ ជនរងគ្រោះបានអះអាងថា មានមួយលើកនោះមិត្តប្រុសរបស់នាងបានដាក់ថ្នាំនាង ហើយថតសកម្មភាពខ្លួនរួមរ័កជាមួយនាង។
លោកបានមានប្រសាសន៍ទៀតថា “ទី១ ឈ្មោះសីហា ត្រូវបានចោទប្រកាន់ពីបទចាប់រំលោភជនរងគ្រោះដោយការដាក់ថ្នាំក្នុងភេសជ្ជៈរបស់នាង ហើយថតសកម្មភាពខ្លួនរួមរ័កជាមួយនាង។ ទី២ជននេះត្រូវបានចោទប្រកាន់ពីបទគំរាមជំរិតទារប្រាក់។ នាងមិនបានដឹងថា ជននេះលួចថតនាងទេ ប៉ុន្តែជននេះបានលាក់វាទុក ហើយក្រោយមកបានយកវាមកគំរាមទារប្រាក់ពីនាង”។
ជនរងគ្រោះបានប្រាប់កងរាជអាវុធហត្ថថា នាងបានធ្វើតាមការគំរាមកំហែងរបស់បុរសឈ្មោះ ម៉ុល សីហា ចំនួនប្រាំលើកដែលគំរាមបញ្ចេញវីដេអូនោះជាសាធារណៈ ហើយបានឲ្យប្រាក់ទៅជននេះក្នុងមួយលើកៗចន្លោះពី១.០០០ដុល្លារទៅ៥.០០០ដុល្លារ។ ប៉ុន្តែ នៅពេលជននេះប៉ុនប៉ងជំរិតទារប្រាក់លើកចុងក្រោយចំនួន៨០.០០០ដុល្លារ នាងក៏បង្ខំចិត្តប្តឹងសមត្ថកិច្ច។
លោក ផាន តារាវុធ បានមានប្រសាសន៍ថា “លើកចុងក្រោយ ជននេះគំរាមទារប្រាក់៨០.០០០ដុល្លារពីស្ត្រីរងគ្រោះ ជាហេតុធ្វើឲ្យនាងគ្មានជម្រើសក្រៅពីប្តឹងមកកងរាជអាវុធហត្ថរបស់យើង”។
កងរាជអាវុធហត្ថបានសុំឲ្យជនរងគ្រោះរៀបចំណាត់ជួបជាមួយឈ្មោះ ម៉ុល សីហា នៅក្បែរផ្ទះរបស់នាងក្នុងសង្កាត់ជ្រោយចង្វា ហើយនៅពេល ជននេះបង្ហាញមុខ សមត្ថកិច្ចក៏ធ្វើការចាប់ខ្លួនតែម្តង។
លោក ផាន់ តារាវុធ បានមានប្រសាសន៍ថា ជនសង្ស័យដែលបច្ចុប្បន្នជាអ្នកបើកបរឲ្យក្រុមហ៊ុនរថយន្តក្រុងទេសចរណ៍មួយនៅក្នុងរាជធានីភ្នំពេញរូបនេះនឹងត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីនៅព្រឹកនេះដើម្បីធ្វើការចោទប្រកាន់ពីបទដាក់ថ្នាំ ចាប់រំលោភ លួចថតវីដេអូ និងជំរិតទារប្រាក់៕សុខុម