យោងតាមនគរបាលបានឲ្យដឹងថា កាលពីម្សិលមិញ ក្មេងប្រុសជំទង់ម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តស្ទឹងត្រែង ពីបទសង្ស័យថា បានរំលោភក្មេងស្រីចំនួនពីរនាក់ម្ដងហើយម្ដងទៀតក្នុងរយៈពេលប្រហែល៣ខែ។ នគរបាលក៏បានសង្ស័យផងដែរថា អាចមានជនរងគ្រោះច្រើនជាងនេះ។
យោងតាមលោក ឡុង សាវ៉េត នាយប៉ុស្តិ៍នគរបាលឃុំកាំងចាមបានឲ្យដឹងថា ជនសង្ស័យដែលឪពុករបស់ខ្លួននិយាយថា មានអាយុ១៤ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ បន្ទាប់ពីឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះដែលមានអាយុ៩ឆ្នាំ និង១១ឆ្នាំ បានរាយការណ៍ជូននគរបាល ហើយអះអាងថា ជនសង្ស័យរូបនេះក៏បានរំលោភក្មេងស្រីផ្សេងៗទៀតក្នុងភូមិផងដែរ។
លោក សាវ៉េត បានមានប្រសាសន៍ថា “ជនសង្ស័យត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល៣រសៀលនេះក្នុងភូមិ ហើយត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីជាច្រើននាក់”។ លោកបានមានប្រសាសន៍បន្ថែមថា “ឪពុករបស់ជននេះអះអាងថា ជននេះមានអាយុ១៤ឆ្នាំ ប៉ុន្តែបើតាមមើលទៅមានអាយុប្រហែល១៦ឆ្នាំទៅ១៧ឆ្នាំទៅហើយ”។ លោកបានបន្ថែមថា ក្មេងជំទង់រូបនេះកំពុងត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុក។
លោក ឌួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តនេះបានលើកឡើងថា ការចាប់រំលោភទាំងនេះបានកើតឡើងប្រហែល៣ខែមកហើយ ដោយចាប់ផ្ដើមពីខែធ្នូមក។
លោកបានមានប្រសាសន៍ថា “ជននេះរំលោភជនរងគ្រោះអាយុ៩ឆ្នាំ និង១១ឆ្នាំ ចន្លោះពីបីទៅបួនដងក្នុងម្នាក់ៗចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០១៤មក”។ លោកបានបន្ថែមថា ការរំលោភថ្មីៗនេះត្រូវបានគេជឿជាក់ថា កើតឡើងកាលពីដើមខែនេះ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រូបនេះបានលើកឡើងទៀតថា ជនរងគ្រោះបួនឬប្រាំនាក់ផ្សេងទៀតដែលមានអាយុក្រោម១៤ឆ្នាំនឹងទៅមន្ទីរពេទ្យបង្អែកខេត្តថ្ងៃនេះ ដើម្បីពិនិត្យថា តើត្រូវគេរំលោភឬក៏អត់។
ឪពុករបស់ក្មេងស្រីអាយុ១១ឆ្នាំបានលើកឡើងថា គាត់រាយការណ៍ទៅនគរបាលបន្ទាប់កូនស្រីរបស់គាត់ និងក្មេងស្រីផ្សេងៗទៀតនៅក្នុងភូមិក្បែរគ្នាបានប្រាប់ថា ក៏ត្រូវក្មេងជំទង់រូបនេះរំលោភដែរនោះ។
លោកបាននិយាយថា “កាលពីថ្ងៃទី១៤ ខែមីនា ខ្ញុំបានឮក្មេងស្រីពីរឬបីនាក់រួមទាំងកូនស្រីរបស់ខ្ញុំផងនិយាយថា [ជនសង្ស័យ] បានរំលោភពួកគេ។ នៅពេលប្រពន្ធរបស់ខ្ញុំសួរនាងម្ដងទៀត នាងបាននិយាយថា ជនសង្ស័យបានរំលោភនាងបីដង ប៉ុន្តែថា នាងខ្លាចជនសង្ស័យវាយធ្វើបាបប្រសិនបើនាងប្រាប់ខ្ញុំឬប្រពន្ធខ្ញុំ”។
ឪពុករបស់ក្មេងស្រីរូបនេះក៏បានលើកឡើងទៀតផងដែរថា គ្រួសាររបស់គាត់ចង់ឲ្យតុលាការចាប់ក្មេងជំទង់រូបនេះទៅផ្ដន្ទាទោស ហើយបង់ប្រាក់សំណងជំងឺចិត្តចំនួន៥.០០០ដុល្លារមកឲ្យគ្រួសារគាត់។
យោងតាមច្បាប់ក្នុងប្រទេសកម្ពុជា អាយុផ្លូវច្បាប់ដែលត្រូវទទួលខុសត្រូវចំពោះបទល្មើសគឺ១៨ឆ្នាំ ប៉ុន្តែចៅក្រមអាចផ្ដន្ទាទោសអនីតិជនអាយុ១៤ឆ្នាំឬលើសពីនេះបាន ប្រសិនបើស្ថានទម្ងន់ទោសបង្ហាញថា ពួកគេត្រូវទទួលខុសត្រូវនោះ៕ ស៊ុយឈាង