កាលពីម្សិលមិញ គ្រួសារដែលរស់នៅលើដីមានវិវាទក្នុងតំបន់ជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវបានផ្ដល់ឲ្យនូវជម្រើសថ្មីមួយដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ គឺបោះបង់ចោលដី៩០ភាគរយរបស់ខ្លួន ហើយរស់នៅលើដីដែលនៅសេសសល់ ឬក៏លក់ដីនេះទាំងអស់ក្នុងតម្លៃ៤០ដុល្លារក្នុងមួយមែត្រក្រឡា។
លោក ប៉ា សុជាតិវង្ស បានចុះទៅតំបន់មានជម្លោះដើម្បីព្យាយាមបញ្ចុះបញ្ចូលអ្នកភូមិប្រហែល១៥០គ្រួសារមកពីសង្កាត់ចំនួនបី ដែលស្ថិតនៅចំផ្លូវនៃគម្រោងអចលនទ្រព្យមានទឹកប្រាក់៣.០០០លានដុល្លារ និងចំកន្លែងពង្រីកផ្លូវជាតិលេខ៦ ដែលអភិបាលរាជធានីរូបនេះលើកឡើងថា នឹងមានដំណើរការទៅមុខនោះ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍នៅផ្សារមួយសាងសង់ក្នុងតំបន់ជ្រោយចង្វានេះដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលត្រូវបានផ្ដល់សិទ្ធិឲ្យទទួលបានការជួលតំបន់ដីសើមនេះ ដើម្បីអភិវឌ្ឍក្នុងរយៈពេល៩៩ឆ្នាំនោះថា ” [អ្នកភូមិ] បងប្អូនអាចយល់ព្រមយក១០ភាគរយនៃដីនេះ ដោយមានការចេញប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យដោយសាលារាជធានី ឬយើងអាចផ្ដល់ឲ្យបងប្អូនក្នុងតម្លៃ៤០ដុល្លារក្នុងមួយម៉ែត្រក្រឡា”។
លោក ប៉ា សុជាតិវង្ស បានទទួលស្គាល់ថា គ្រួសារមួយចំនួនបានទទួលសំណងរួចហើយសម្រាប់ដីដែលពួកគាត់បានរស់នៅតាំងពីទសវត្សរ៍ឆ្នាំ១៩៧០ និងទសវត្សរ៍ឆ្នាំ១៩៨០ មិនយូរប៉ុន្មានក្រោយពេលខ្មែរក្រហមបានបំផ្លាញឯកសារបញ្ជាក់កម្មសិទ្ធិដីធ្លីទាំងអស់ ប៉ុន្តែលោកបានលើកឡើងទាក់ទិនគ្រួសារដែលនៅសេសសល់ថា ឥឡូវនេះពួកគាត់អាចទទួលបានប្រាក់ចំណេញ ដោយលក់ដីរបស់ខ្លួនមកឲ្យសាលារាជធានី។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា បងប្អូនទាំងអស់ដឹងរួចមកហើយថា ដីនេះនឹងត្រូវអភិវឌ្ឍ ហើយថា បងប្អូនទិញវាក្នុងតម្លៃត្រឹមតែ៤ឬ៥ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រក្រឡា។ ឥឡូវបងប្អូនអាច [សម្រេចទទួលយកការផ្ដល់នេះពីសាលារាជធានី] ដើម្បីទទួលបានផលចំណេញ”។
ដីមានវិវាទនេះដែលភាគច្រើនត្រូវបានគេបូមខ្សាច់ពីចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាបមកចាក់បំពេញ អាចត្រូវបានបែងចែកជាបីផ្នែក គឺសង្កាត់ជ្រោយចង្វាដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកតាសេកដែលស្ថិតនៅតាមបណ្ដោយច្រាំងភាគខាងកើតទន្លេសាប និងសង្កាត់ព្រែកលាបដែលស្ថិតនៅចុងប៉ែកឦសាននៃតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ។
អ្នកភូមិរាប់រយគ្រួសារបានបើកផ្លូវរួចហើយសម្រាប់គម្រោងនេះ ប៉ុន្តែគ្រួសារដែលនៅសេសសល់ក្រាញននាលមិនព្រមចាកចេញឡើយ។
អ្នកស្រី ភិន ឃិញ ជាអ្នកភូមិម្នាក់ដែលទាមទារជាង៣០០ដុល្លារសម្រាប់ដីក្នុងមួយមែត្រក្រឡានៅក្នុងសង្កាត់ព្រែកលាបបាននិយាយថា “ប្រសិនបើខ្ញុំយល់ស្របនឹងផែនការមេនេះ ហើយជ្រើសរើសយក១០ភាគរយ តើខ្ញុំនៅសល់ដីប៉ុន្មានសម្រាប់រស់នៅ។ ហើយប្រសិនបើខ្ញុំយល់ព្រមទទួលយក៤០ដុល្លារក្នុងមួយមែត្រក្រឡា លុយនេះវាមិនគ្រប់គ្រាន់សម្រាប់ទិញដីថ្មីឡើយ”៕ ស៊ុយឈាង