លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថានឹងចាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រសិនបើលោកហ៊ានដឹកនាំបាតុកម្មដើម្បីរំដោះមន្ត្រីព័ត៌មានគណបក្សសង្គោះជាតិ លោក មាជ សុវណ្ណរ៉ា ដែលកំពុងជាប់ពន្ធនាគារ។
លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីព្រឹកមិញក្នុងពិធីប្រគល់ប័ណ្ណជ័យលាភីអាហារូបករណ៍ដល់និស្សិត នៅឯវិទ្យាស្ថានជាតិអប់រំថា “ឥឡូវខ្ញុំសួរសំណួរទៅលោក បើសិនជាលោក មាជ សុវណ្ណរ៉ា មិនអាចចេញពីគុកក្រោយចូលឆ្នាំ តើលោកនឹងធ្វើអ្វី? លោកនឹងដឹកនាំមនុស្សតាមចិញ្ចើមថ្នល់ទៀត ឬអី? ធាតុផ្សំកំពុងរង់ចាំលោកហើយ អាវុធហត្ថ នគរបាល ត្រៀមខ្លួន ខ្នោះលាបពណ៌ឲ្យស្អាតបន្តិច”។
លោក ហ៊ុន សែន បានមានប្រសាសន៍បន្តថា “ឥឡូវខ្ញុំចង់សួរលោកឯង លោកឯងត្រៀមធ្វើអ្វី ព្រោះលោកឯងកំពុងតែស្ថិតក្នុងពិរុទ្ធភាពជាមេដឹកនាំនៃការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ឥឡូវបើសិនជាលោកឯងដឹកនាំបាតុកម្មដើម្បី ឬក៏ដឹកនាំទៅរំដោះអ្នកទោស ឬលោកឯងធ្វើអីទៀត?”។
កាលពីសប្តាហ៍មុន លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានជួបសួរសុខទុក្ខលោក សុវណ្ណារ៉ា នៅឯពន្ធនាគារព្រៃស ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចហិង្សាមួយនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំមុន។ នៅពេលនោះលោក សុខា បានមានប្រសាសន៍ថា លោកសង្ឃឹមថា លោក សុវណ្ណារ៉ា នឹងត្រូវដោះលែងពីពន្ធនាគារ នៅពេលដែលច្បាប់បោះឆ្នោត និងច្បាប់រៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានអនុម័តនោះ។
គណបក្សប្រឆាំង បានអះអាងថា ការចាប់ខ្លួនរបស់លោក សុវណ្ណារ៉ា គឺពាក់ព័ន្ធនឹងរឿងនយោបាយ៕