ប័ណ្ណសារ

សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​​បណ្ដេញ​អ្នកភូមិ​​ចេញពី​ដីមាន​វិវាទ​

By

March 20, 2015

មន្ត្រី​និង​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​បាន​​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ កម្មករ​បានចុះ​​រុះរើ​ផ្ទះ​ចំនួន​៦២​ខ្នង​​នៅ​ក្នុង​ស្រុក​ស្ទឹងហាវ ខេត្តព្រះសីហនុ ហើយ​បាន​បណ្ដេញ​អ្នកភូមិ​ប្រហែល​៧០​គ្រួសារ​ បន្ទាប់ពី​សាលា​ដំបូង​ខេត្ត​បាន​សម្រេច​​​អនុវត្ត​សាលក្រម​ដែល​បាន​ចេញ​ជាយូរ​មក​ហើយនិង​ដែលបាន​​ចាត់​ទុក​គ្រួសារ​ទាំង​នេះ​ថា បាន​រស់​នៅ​លើ​ដី​​របស់ខ្លួន​​ដោយ​ខុស​ច្បាប់​នោះ​។

លោក ម៉ុង មុនីចរិយា ប្រធាន​សាលា​ដំបូង​ខេត្ត​​បាន​លើក​ឡើងកាលពី​ម្សិលមិញ​ថា លោក​បាន​បង្គាប់​​ឲ្យ​កម្មករ​៣០​នាក់ ដែល​អម​ដោយ​នគរ​បាល​ និង​មន្ត្រី​កង​រាជអាវុធ​ហត្ថ​ប្រហែល​១០០​នាក់ អនុវត្ត​សេចក្ដី​សម្រេច​របស់​តុលាការ​ ដើម្បី​បណ្ដេញ​សមាជិក​នៃ​សហគមន៍​​អូរ​ដំរី​ក្នុង​ឃុំ​អូត្រេះចេញ​ពីដី​របស់ខ្លួន​​​។

លោក​បានមាន​ប្រសាសន៍​ថា “ឥឡូវ​នេះ​ម្ចាស់​ដី​កំពុង​តែ​ចរចា​ជាមួយ​អ្នកភូមិ​ដែល​​កំពុង​រស់​នៅ​លើ​ដីនេះ​ ហើយ​បាន​រៀបចំ​​ផ្ដល់​​គោល​នយោបាយ​មួយ​ដល់​អ្នក​ទាំង​នោះ​”។ លោក​បាន​បន្ថែម​ថា មាន​តែ​ផ្ទះ​​ត្រឹម​តែ​៤៥​ខ្នង​ប៉ុណ្ណោះ​ ដែល​មាន​មនុស្ស​​នៅ​​។

លោកស្រី ជាប សុធារី អ្នក​សម្រប​សម្រួល​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​​បាន​លើក​ឡើង​ថា អ្នកភូមិ​​ចំនួន១៤៩គ្រួសារ​បាន​រស់​នៅ​លើ​ដីទំហំ​ជិត​២៤​ហិកតា​តាំង​ពី​ឆ្នាំ​១៩៨៩​មក​ម្លេ៉ះ ប៉ុន្តែ​ថា តុលាការ​​បាន​បង្គាប់​ឲ្យ​គ្រួសារ​ភាគច្រើន​ចេញពី​ដី​នេះ​រួច​ហើយ។

យោង​តាម​លោកស្រី សុធារី បាន​ឲ្យ​ដឹង​​ទៀត​ថា ស្ត្រី​អ្នកជំនួញ​ម្នាក់​ឈ្មោះ ហ៊ឹម សុវណ្ណារី ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន​ប្រាំមួយ​សម្រាប់​ដីនេះ​ទាំង​មូល​នៅ​ក្នុង​ឆ្នាំ​១៩៩៧​ ហើយ​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ពេល​នោះ​មក​អ្នកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ​ ដោយចោទ​ប្រកាន់អ្នកភូមិ​ថា បាន​តាំង​ទីលំនៅ​ដោយ​ខុស​ច្បាប់​លើ​អចលនទ្រព្យ​របស់​អ្នកស្រី​។

លោកស្រី​បានមាន​ប្រសាសន៍​ថា “ការ​បណ្ដេញ​ចេញគឺ​វា​អយុត្តិធម៌​ណាស់​សម្រាប់អ្នកភូមិ​​ទាំង​នោះ ព្រោះពួកគាត់​បាន​រស់​នៅ​លើ​ដីនេះ​មុនពេល​ស្ត្រីអ្នកជំនួញរូប​នេះ​ឈ្នះ​ក្ដី​ក្ដាំ ហើយ​ពួកគាត់​​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​តាម​រយៈ​សៀវភៅ​គ្រួសារ”។

លោក ឈិត សុខុម អភិបាល​ខេត្ត​នេះ​បាន​លើក​ឡើង​ថា អ្នកស្រី​ សុវណ្ណារី មាន​ទីលំនៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ថា គាត់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​​សម្រាប់​ដីនេះ​។

លោក​ សុខុម បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ច្បាស់​ឡើយថា តើ​អ្នកភូមិ​មក​​រស់​នៅ​មុន​ឬយ៉ាង​ណា​នោះ ប៉ុន្តែ​ម្ចាស់​ដី​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​​ផ្ដល់​ដំណោះ​ស្រាយ​ជូន​គ្រួសារ​មួយ​ចំនួន​រួច​ហើយ”។

លោក​ ម៉េង រិទ្ធថា អាយុ​​៤៦​ឆ្នាំ​ ដែល​​លើក​ឡើង​ថា គាត់​បាន​រស់​នៅ​​ក្នុង​ផ្ទះ​ឈើ​​មួយ​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៨៩​មក​បាន​ឲ្យ​ដឹង​ថា អ្នកស្រី សុវណ្ណារី បាន​ជួប​ជាមួយ​អ្នកភូមិ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​កាលពីម្សិលមិញ ហើយ​បាន​សន្យា​ផ្ដល់​ដី​ថ្មី​ទំហំ​៥ម៉ែត្រ​គុណ៣០​ម៉ែត្រ​​ក្នុង​តំបន់​អូរដំរី​ដដែល​នេះ​ឲ្យ​​គ្រួសារ​នីមួយៗ។

លោក​ ម៉េង​ រិទ្ធថា បាន​និយាយ​ថា “ខ្ញុំ​នៅ​មិន​ទាន់​​យល់ព្រមទទួល​យក​ដីថ្មី​នៅឡើយ​ទេ ព្រោះ​ខ្ញុំ​ចង់​បាន​ដី​ចាស់​​របស់​ខ្ញុំ​​មក​វិញ​”។ គាត់​បាន​បន្ថែម​ថា គ្រួសារ​ចំនួន​ប្រាំពីរ​បាន​យល់​ព្រម​ទទួល​យក​ដីថ្មី​រួច​ហើយ​មកទល់ពេល​នេះ៕ ស៊ុយឈាង​​​​​​​​​​