34 C
Phnom Penh

តុលាការ​​ពន្យារពេលកាត់​ក្ដី​ដោយ​សារ​ខ្វះ​​ម៉ាស៊ីនត្រជាក់​ ហើយ​ច្រាន​ចោល​សំណើ​សុំ​នៅក្រៅឃុំ​របស់​ស្ត្រី​ម្នាក់​ក្នុងសំណុំរឿង​ដីធ្លី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បានពន្យារពេល​​កាត់​ក្ដី​ស្ត្រី​ម្នាក់​​ ដែល​គ្រួសារ​របស់​នាង​​មាន​វិវាទ​​ដីធ្លី​​ជាមួយ​លោក ឃុន សៀ មហាសេដ្ឋី​អចលន​ទ្រព្យ​ ដោយ​សារ​តែ​មា៉ស៊ីន​ត្រជាក់​នៅ​ក្នុង​សាល​សវនាការ​មិន​ដំណើរ​ការ​ ហើយ​បាន​ច្រាន​ចោល​សំណើ​សុំនៅ​ក្រៅឃុំ​របស់ស្ត្រី​រូប​នេះ​។

កញ្ញា លី សៀវមិញ អាយុ​២៣​ឆ្នាំ និង​គ្រួសារ​របស់​នាង​​មាន​​ជម្លោះ​ក្ដី​ក្ដាំ​ជាមួយ​លោក ឃុន សៀ និង​ក្រុមហ៊ុន​របស់​លោក​អស់​រយៈពេល​៥ឆ្នាំ​មក​ហើយ​ជុំវិញ​ដីមួយ​ឡូត៍​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​ រាជធានីភ្នំពេញ។ នាង​​បាន​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​ចាប់​តាំងពី​ត្រូវ​ចាប់​ខ្លួន​កាលពី​ខែ​វិច្ឆិកា​មក ដោយ​សារ​ការ​ប្រវាយ​ប្រតប់គ្នា​កាលពី​ឆ្នាំ​២០១៣ ជាមួយ​សន្តិសុខ​របស់​លោក ឃុន សៀ ដែល​បាន​ឃ្លាំ​មើល​សកម្មភាព​គ្រួសារ​នេះ​នៅ​ពេល​កើត​ហេតុ​។

នៅ​ក្នុង​សាល​សវនាការ​កាលពី​ម្សិលមិញ គ្មាន​​ការ​ផ្ដល់​ហេតុ​ផល​ណាមួយ​​ចំពោះ​ការ​ពន្យារ​ពេល​ ឬ​ការ​ច្រានចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នេះឡើយ ប៉ុន្តែ​លោក ស្វាយ តុញ ចៅក្រម​ជំនុំជម្រះ ​បាន​មាន​ប្រសាសន៍​ថា សវនាការ​នេះ​នឹង​​ត្រូវ​ធ្វើ​ឡើង​វិញ​នៅ​ថ្ងៃទី​២៥ ខែ​មីនា។

នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​ក្រោយពី​សវនាការ​នេះ ចៅក្រម ស្វាយ តុញ បានមាន​ប្រសាសន៍​ថា ” យើង​សម្រេច​ពន្យារ​​ពេល​សំណុំរឿង​នេះ​​ ដោយ​សារ​ដាច់​ភ្លើងធ្វើ​ឲ្យ​សាល​សវនាការ​ងងឹត​ និង​ក្ដៅ​ខ្លាំង​នៅ​ក្នុង​បន្ទប់”។

អំឡុង​សវនាការ កញ្ញា លី សៀវមិញ ដែល​ប្រឈម​ការ​ចោទ​ប្រកាន់ពីបទ​ប្រើអំពើ​ហិង្សា​​លើ​ម្ចាស់​អចលនទ្រព្យ​តាម​ច្បាប់​ភូមិ​បាល​ បាន​អង្វរ​ករ​តុលាការ​ឲ្យ​ដោះលែង​នាង​​នៅ​ក្រៅឃុំ។ នាង​និយាយ​ថា “ខ្ញុំ​នឹង​មិន​រត់​ទៅណា​ចោល​ផ្ទះ​ខ្ញុំ​ទេ ព្រោះ​ខ្ញុំជា​និស្សិត​​ ហើយ​ខ្ញុំ​កើត​នៅ​ទីនោះ។ ខ្ញុំ​មាន​ការ​ងារ​​ពីមុន​ ហើយ​ថៅកែ​របស់​ខ្ញុំ​នឹង​ទទួល​យក​ខ្ញុំ​ឲ្យ​ចូល​ធ្វើ​ការ​វិញ”។

កញ្ញា សៀវមិញ ​បាន​បន្ថែម​ថា នាង​ត្រូវ​ការ​មើល​ថែទាំ​ឪពុក​ម្ដាយរបស់​នាង​ដែល​មាន​វ័យ​ចាស់​ ហើយ​ថា ប្រសិន​បើ​នៅ​តែបន្ត​ឃុំ​ខ្លួន​ទៀត​នោះ​ នាង​នឹង​បាត់​បង់អ្វីៗទាំង​អស់។ នាង​បាន​និយាយ​ថា “ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ត្រូវ​បាន​ឃុំខ្លួន​បែប​នេះ ខ្ញុំ​នឹង​បាត់បង់អ្វីៗទាំង​អស់ ទាំង​មិន​បាន​ប្រព្រឹត្តអ្វី​ខុស​ទាល់​តែសោះ​នោះ។ ខ្ញុំគឺ​ជា​មេគ្រួសារ​តែមួយ​គត់​នៅ​ក្នុង​គ្រួសារ​”។

ចៅក្រម ស្វាយ​ តុញ បាន​លើក​ឡើង​បន្ទាប់ពី​សវនាការ​ថា លោក​បដិសេធ​មិន​​ដោះ​លែង​នាង​ឲ្យ​នៅ​ក្រៅឃុំ ព្រោះ​លោក​​បាន​តម្កល់​សាល​ក្រម​មុនៗ​ និង​ដោយ​សារ​កញ្ញា សៀវមិញ ​មាន​សុខភាព​ល្អ​។

លោក ជូង ជូងី ​មេធាវី​តំណាង​កញ្ញា​ សៀវមិញ បាន​លើក​ឡើង​ថា តុលាការ​កំពុង​ឃុប​ឃិត​ជាមួយ​លោក ឃុន សៀ ដើម្បី​​ធ្វើ​ឲ្យ​គ្រួសារ​របស់​នាង​ចាក​ចេញ​ពី​ដីធ្លី​របស់​ខ្លួន​។ លោក​បាន​មាន​ប្រសាសន៍​ថា “ដោយ​សារ​តែ​កញ្ញា សៀវមិញ ជាប់ពន្ធនាគារ​ គ្រួសារ​របស់​នាង​បាន​បាត់​បង់​ប្រាក់​ចំណូល​។ ហេតុ​ដូច្នេះ ទង្វើ​បែប​នេះ​គឺ​ដើម្បី​បង្ខំ​ឲ្យ​គ្រួសារ​នេះ​យល់​ព្រម​ប្រគល់​ដី​ទៅ​ឲ្យ​លោកឧកញ៉ា [ឃុន សៀ]”។

ផ្ទះ​របស់​​កញ្ញា សៀវមិញ គឺ​ស្ថិត​នៅ​​ជាប់​នឹង​អគារ​ដែល​ធ្លាប់​ជា​ការិយាល័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​របស់​អាជ្ញាធរ​មូលដ្ឋាន​ និង​ដែល​​សាលា​រាជធានី​បាន​ប្រគល់​ទៅ​ឲ្យ​លោក ឃុន សៀ នៅ​ក្នុង​ការ​ដោះដូរ​ដីមួយ​ដែល​ត្រូវ​បាន​ព្រមព្រៀង​គ្នា​កាលពី​ឆ្នាំ​២០១០​។

លោក លី ស្រា៊ងខេង ដែល​ជាមេគ្រួសារ​នេះ​បាន​អះអាង​ថា លោក ឃុន សៀ “បាន​បោក​ប្រាស់​” ដោយ​អះអាង​សិទ្ធិ​កាន់​កាប់​ដី​នៅជុំវិញ​អគារ រួមទាំង​ដី​មួយ​កន្លែង​តូច​​ដែល​ផ្ទះ​របស់​គាត់​ស្ថិត​នៅ​​ទី​​នេះ​កាលពី​ឆ្នាំ​២០១៣ តាម​រយៈ​​​មន្ទីរ​​រៀបចំដែនដីរាជធានី។ កាលពី​សប្ដាហ៍​មុន តុលាការ​​បាន​​កាន់​ជើង​ខាង​ក្រុម​ហ៊ុន ហើយ​ទុកពេល​៣០​ថ្ងៃ​ឲ្យ​គ្រួសារ​នេះ​ប្ដឹង​​ទាស់​ចំពោះ​សេចក្ដី​​សម្រេច​របស់​ខ្លួន ដើម្បី​​​យក​ដី​នេះ​ប្រគល់​ឲ្យ​លោក ឃុន សៀ។

នៅ​ខាង​ក្រៅ​បន្ទប់​សវនាការ​បន្ទាប់ពី​បើក​សវនាការ​រួច កញ្ញា សៀវមិញ បាន​ស្រែក​ទៅ​កាន់​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​ ខណៈ​សន្តិសុខ​ពន្ធនាគារ​អូស​នាង​ចេញ​​ទៅថា ” កុំ​ព្រួយ​បារម្ភ! ខ្ញុំ​មិន​ខ្លាច​ទេ!”៕ សុខុម / ស៊ុយឈាង​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស