29 C
Phnom Penh

ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ និង​គ្រួសារ​រង​គ្រោះ​​​កំណត់​វិធាន​សម្រាប់​ការ​ចរចា ដែល​សម្រុះ​​សម្រួល​ដោយ IFC

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយ​ឆ្នាំ​ក្រោយពី​ប្រជាពលរដ្ឋ​ប្រមាណ​​២.០០០​គ្រួសារ​បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ហៅកាត់​ថា IFC ចំពោះ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ដែលពួកគាត់​ចោទ​ប្រកាន់​ថា ​បាន​ចាប់យក​ដី​ចម្ការ​​របស់​ខ្លួន​ និង​កាប់​បំផ្លាញ​ព្រៃ​ពិសិដ្ឋ​របស់​ខ្លួន​​នោះ នៅ​ទីបំផុត​ភាគី​ទាំងអស់​​បាន​ព្រមព្រៀង​គ្នា​លើ​​វិធាន​​គោល​​សម្រាប់​ការ​ចរចា​ ហើយ​សង្ឃឹម​ថា នឹង​អាច​ដោះស្រាយ​វិវាទ​នេះ​បាន​នៅ​​​ត្រឹម​ខែធ្នូ​។

ជាសាខា​​វិស័យ​ឯកជន​របស់​ធនាគារ​​ World Bank Group (WBG) ​​IFC បាន​បោះទុន​យ៉ាង​ហោច​ណាស់​១២លាន​ដុល្លារ​លើ​ហិរញ្ញប្បទាន​​​វិនិយោគ​មួយ​របស់​វៀតណាម​ ​​ជា​ថ្នូរ​នឹង​​ការ​​ទទួល​បាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​ ហួង អាញ់ យ៉ាឡៃ (Hoang Anh Gia Lai) ហៅកាត់​​ថា HAGL ​​ជា​ម្ចាស់​ចម្ការ​កៅស៊ូ​នៅ​ក្នុង​ខេត្ត​រតនគិរី ដែល​ជា​​ចំណុច​​ស្នូល​នៃ​វិវាទ​នេះ​។

គ្រួសារ​ដែលមក​ពី​សហគមន៍​សរុប​ចំនួន​១៧​​នៅទូទាំង​ខេត្ត​នេះ​ បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​ IFC កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤។ កាលពី​ខែ​ឧសភា ពួកគាត់​បាន​យល់ព្រម​អនុញ្ញាត​ឲ្យអ្នក​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ IFC សម្រុះ​សម្រួល​ការ​ចរចា​ជាមួយ​​ក្រុម​ហ៊ុន​ ហួង អាញ់ យ៉ាឡៃ។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ចេញ​កាលពី​សប្ដាហ៍​មុន​បាន​ឲ្យ​ដឹង​ថា ​នៅទីបំផុត​ភាគី​ទាំង​នេះ​បាន​ព្រមព្រៀង​គ្នា​​​កាលពី​ខែ​មករា លើ​​វិធាន​គោល​សម្រាប់​ការ​ចរចា​ទាំង​នេះ​ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ពិភាក្សា​យ៉ាង​ទូលំទូលាយ​លើ​បញ្ហា​វិវាទ​នេះ​។

លោកស្រី​ អេមីលី ហ័រហ្គែន (Emily Horgan) អ្នកនាំពាក្យ​​របស់​អ្នក​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​​នោះ​បាន​មាន​ប្រសាសន៍​ថា ” ដំណើរ​ការ​​សម្រុះ​​សម្រួល​ត្រូវ​​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន​រវាង​ភាគីពាក់​ព័ន្ធ​។ ទោះជាយ៉ាង​ណា ពាក់​ព័ន្ធ​នឹង​វិធាន​គោល​ទាំង​នេះ​ ភាគី​បាន​ព្រមព្រៀង​​ទទួល​ខុស​ត្រូវ​រួម​គ្នា​”។

យោង​តាម​ច្បាប់​ចម្លង​មួយ​នៃ​វិធានទាំង​នោះ​បាន​​ឲ្យ​ដឹង​ថា​ ភាគី​មាន​បំណង​ដោះស្រាយ​វិវាទ​នេះ​ឲ្យ​បាន​ត្រឹម​ដំណាច់​ឆ្នាំ​នេះ ប៉ុន្តែ​អាចជ្រើស​រើស​​ពន្យារ​ពេល​ចរចា​បាន​។

វិធាន​ទាំង​នេះ​​ចង​ភ្ជាប់​កាតព្វ​កិច្ច​ភាគី​ទាំង​ពីរ​​ឲ្យ​រក្សា​ការ​សម្ងាត់​។ វិធាន​ទាំង​នេះ​​​ចែង​ថា​ ការ​ពិភាក្សា​​ និង​ឯកសារ​ទាំង​អស់​ដែល​ត្រូវ​បាន​ចែក​រំលែក​ដោយ​សម្ងាត់ ត្រូវ​តែ​​​រក្សា​​ការ​សម្ងាត់​​ ហើយ​ថា អ្វី​ក៏ដោយ​ដែលភាគី​ណាមួយ​ចង់​បញ្ចេញ​ជាសាធារណៈ ចាំបាច់​ត្រូវ​តែ​មានការ​ព្រមព្រៀង​ពីភាគី​ម្ខាង​ទៀត។

លោក អា៊ង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ដែល​ជួយ​ដល់​គ្រួសារ​ទាំង​នេះ​ បាន​មាន​ប្រសាសន៍​ថា ជំនួប​ពីរ​ត្រូវ​បាន​ធ្វើ​ឡើង​រួច​ហើយ ដោយ​ប្រើ​ប្រាស់​វិធាន​ថ្មីទាំង​នេះ​ចាប់​តាំងពី​មាន​ការ​ព្រមព្រៀង​គ្នា​​​កាលពី​ខែ​មករាមក។ លោក​មិន​អាច​បរិយាយ​លម្អិត​​​អំពី​អ្វីដែល​គេ​​លើក​ឡើង​បាន​ទេ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ការ​សម្ងាត់​នេះ​អាច​មាន​ប្រយោជន៍​។

លោក​បានមាន​ប្រសាសន៍​ទៀត​ថា ” ដំណើរ​ការ​នេះ​តម្រូវ​ឲ្យភាគ​ីអង្គុយ​ចុះជាមួយ​គ្នា​។ ពេល​ខ្លះ​នៅ​ពេល​អស់​លោក​លើក​ឡើង​ពីបញ្ហា​ផ្សេងៗ​ជា​សាធារណៈ​ វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា”។

លោក សល់ នឿយ អ្នកនាំពាក្យ​គ្រួសារ​ទាំង​នេះ​បាន​លើក​ឡើង​ថា លោក​ពេញ​ចិត្ត​នឹង​វិធាន​គោល​ទាំង​នេះ ប៉ុន្តែ​លោក​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត​ចំពោះ​ការ​ឈាន​ដល់​ដំណោះ​ស្រាយ​ណាមួយ​​ជាមួយ​ក្រុម​ហ៊ុន​ ហួង អាញ់ យ៉ាឡៃ។ ទោះបីជា​ចម្ការ​​ទាំង​នេះ​បាន​គោរព​តាមពាក្យ​សន្យា​មួយ​ដែលពួកគេ​បាន​សន្យា​កាលពី​ឆ្នាំ​មុន​ថា នឹង​ផ្អាក​ឈូស​ឆាយ​នៅ​ក្នុង​តំបន់​មាន​វិវាទ​ក្ដី ក៏​លោក​​និយាយ​ថា ពី​មុន​ពួកគេ​ធ្លាប់​បាន​ល្មើស​ពាក្យ​សន្យា​មួយ​ចំនួន​រួច​មក​ហើយ។

លោក​និយាយ​ទៀត​ថា “ខ្ញុំ​ពេញ​ចិត្ត​នឹង​ឯកសារ​នេះ ប៉ុន្តែ​​ខ្ញុំ​មិន​ប្រាកដ​ថា ក្រុម​ហ៊ុន​នឹង​អាច​ផ្ដល់​ដំណោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋដែល​រង​ផលប៉ះពាល់​​បាន​​ទេ។ យើង​បារម្ភហើយ​ខ្លាច​​ក្រុម​ហ៊ុន​មិនគោរព​កិច្ច​ព្រមព្រៀង​”។

ចំណែក​ឯ​ក្រុម​ហ៊ុន​ ហួង អាញ់ យ៉ាឡៃ បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​និយាយ​ថា ខ្លួន​បាន​​អនុវត្ត​តាម​ច្បាប់​​ជា​ធរមាន និង​បទប្បញ្ញត្តិ​​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕ សុខុម (រាយការណ៍​បន្ថែម​ដោយ អូន ភាព​)​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស