33 C
Phnom Penh

លោក​នាយក​រដ្ឋមន្ត្រី​បង្កើន​ការ​គំរាម​លើ​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ការ​រិះគន់​របស់​លោក​លើ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​គំរាម​ថា​នឹង​ចាប់​ខ្លួន​គាត់ និង​ប្រើ​យោធា ប្រសិនបើ​គាត់​ហ៊ាន​ដឹកនាំ​ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង លោក មាជ សុវណ្ណារ៉ា មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ។

លោក ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ បាន​គំរាម “ចាត់​វិធានការ​ច្បាប់” លើ​លោក សុខា ទាក់ទិន​នឹង​ការ​ថ្លែង​នៅ​អាមេរិក​កាលពី​សប្តាហ៍​មុន ដែល​លោក​នាយក​រដ្ឋមន្ត្រី បាន​ចាត់ទុក​ថា​ជា​ការ​សារភាព​អំពី​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល។

ថ្លែង​នៅ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ហ៊ុន សែន បាន​ចាប់​យក​ផ្នែក​មួយ​នៃ​សម្តី​របស់​លោក សុខា ដោយ​រិះគន់​សម្តី​របស់​លោក សុខា ដែល​ថា​លោក​មិន​អាច​ទទួល​យក​ការ​បន្ត​ជាប់​ឃុំ​របស់​លោក សុវណ្ណារ៉ា បាន​ទេ។

លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “លោក​ឯង​បាន​និយាយ​ថា ‘ខ្ញុំ​មិន​អាច​ទទួល​យក​បាន’។ ឥឡូវ​​​ខ្ញុំ​​​សួរ​​​​​​សំណួរ​​​ទៅលោក បើសិន​​​ជា​លោក​​​ មាជ សុវណ្ណារ៉ា ​​​ មិន​អាច​ចេញ​​​ពី​​​គុក​​​​​​ក្រោយ​​​ចូល​​​ឆ្នាំ​​​​​​ តើ​​​លោក​​​នឹង​ធ្វើ​​​អ្វី?​​​ លោក​​​នឹង​​​ដឹក​​​នាំ​​​មនុស្ស​​​​​តាម​​​ចិញ្ចើម​​​​​​ថ្នល់​​​ទៀត​​​​​​ ឬ​​​អី?។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា “ធាតុ​​​ផ្សំ​​​កំពុង​​​រង់ចាំ​​​លោកហើយ។ អាវុធ​​​ហត្ថ​​​ នគរ​​​បាល ត្រៀម​​​ខ្លួន ខ្នោះ​ធើ​លាប​ពណ៌​ឲ្យ​ស្អាត​តិច”។

លោក ហ៊ុន សែន បាន​បន្ត​ការ​វាយប្រហារ​លើ​លោក សុខា ពី​ថ្ងៃ​ពុធ ដោយ​ចោទ​ជាថ្មី​លើ​មេដឹកនាំ​បក្ស​ប្រឆាំង ថា​បាន​សារភាព​ថា គាត់​បាន​ព្យាយាម​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ឥឡូវ​​​ខ្ញុំ​​​ ចង់សួរ​​​លោក​ឯង លោក​ឯង​​​ត្រៀម​​​ធ្វើ​​​អ្វី​​​ ព្រោះ​​​លោក​​​ឯង​​​ កំពុង​​​តែ​​​ស្ថិត​​​ក្នុង​​​ពិរុទ្ធ​​​ភាព​​​ជា​​​មេដឹក​​​នាំ​​​នៃការ​ផ្តួល​​​​​​​​​រំលំ​​​រដ្ឋា​​​ភិបាល​​​ស្របច្បាប់?។ តើ​លោក​ឯង​នឹង​ធ្វើ​អ្វី ដឹក​​​នាំ​​​បាតុ​​​កម្ម​​​ដើម្បី​​​ទៅ​រំដោះ​​​អ្នក​​​ទោស ឬ​​​លោក​​​ឯង​​​ធ្វើ​​​អី​​​ទៀត?”។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា លោក​មិន​អាច​អន្តរាគមន៍​ក្នុង​រឿង​ក្តី​តុលាការ​របស់​លោក សុវណ្ណារ៉ា បាន​ទេ ក្នុង​នាម​ជា​សមាជិក​នៃ​អង្គនីតិ​ប្រតិបត្តិ​របស់​រដ្ឋាភិបាល ប៉ុន្តែ​បាន​លើក​ឡើង​ថា តួនាទី​របស់​លោក​អនុញ្ញាត​ឲ្យ​លោក​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​លើ​លោក សុខា។

លោក​មាន​ប្រសាសន៍​ថា “ខ្ញុំ​សូម​ជម្រាប​ថា ច្បាប់​បោះ​ឆ្នោត ឬ​ច្បាប់​រៀបចំ​​ជ.គ.ប. អត់​ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរការ​ក្តី​នៅ​តុលាការ របស់​អ្នក​មាន​ពិរុទ្ធភាព​ទៅ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​១៥​កក្កដា​២០១៤​នោះ​ទេ”។

លោក​មាន​ប្រសាសន៍​ថា “បើ​លោក​ឯង​ហ៊ាន​ធ្វើ​ ខ្ញុំ​ក៏ហ៊ាន​លេង​លោក​ឯង​ដែរ។ លោក​ឯង​ប្រថុយ​ល​មើល។ រដ្ឋបាល​នេះណា រដ្ឋ​អំណាច​ណា ហើយ​កុំ​ថា​នាយក​រដ្ឋមន្ត្រី​ត្រួតត្រា​កម្លាំង​ប្រដាប់​អាវុធ អ្វី​ដែល​ខ្ញុំ​មិន​អាច​ត្រួតត្រា​បាន​ គឺ​តុលាការ សភា ព្រឹទ្ធ​សភា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ តែ​កម្លាំង​ប្រដាប់​អាវុធ​ខ្ញុំ​អាច​ត្រួតត្រា​បាន”។

លោក ហ៊ុន សែន ក៏​បាន​ទម្លាយ​ឲ្យ​ដឹង​នូវ​ការ​បដិសេធ​ជាច្រើន​ខែ ដែល​ថា​លោក​មាន​តួនាទី​ក្នុង​ការ​បញ្ជា​ការ​ចាប់​ខ្លួន​សមាជិក​សភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​៧​នាក់ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​មាន​ការ​តវ៉ា​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៥​​ខែ​កក្កដា​ឆ្នាំ​មុន។

លោក​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា លោក​បាន​ធ្វើ​ការ​ប្រជុំ​មួយ​នៅ​យប់​នោះ ដើម្បី​ពិភាក្សា ថាតើ​ធ្វើ​យ៉ាងណា​ដោះស្រាយ​ការ​តវ៉ា​នេះ ហើយ​បាន​សម្រេច​ចាប់​ខ្លួន​អ្នក​ដែល​មាន​វត្តមាន​ជាក់ស្តែង​ប៉ុណ្ណោះ​នៅ​កន្លែង​បាតុកម្ម ហើយ​មិន​មែន​លោក សុខា ដែល​នៅ​ពេល​នោះ​ជា​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា “នឹង​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​ល្ងាច​ថ្ងៃ​ទី​១៥​កក្កដា។ ឯកឧត្តម និង​លោក ជំទាវ និង​ឧបនាយក​រដ្ឋមន្ត្រី​បាន​ប្រជុំ​នៅ​ផ្ទះ​របស់​ខ្ញុំ​នៅ​ម៉ោង​៥​ល្ងាច​[នៅ​ថ្ងៃ​នោះ] ហើយ​ស្ទើរតែ​សម្រេច​ចាប់​ខ្លួន កឹម សុខា នៅ​ពេល​នោះ​ទៅ​ហើយ”។

លោក​បាន​មាន​ប្រសាសន៍​ថា “ប៉ុន្តែ ខ្ញុំ​ខ្លួន​ឯង​បាន​និយាយ​ថា៖ យើង​ត្រូវតែ​ឲ្យ​ច្បាស់ ហើយ​បេសកកម្ម​របស់​យើង​គឺ​ចំពោះ​អ្នក​ដែល​ឈរ​នៅ​សមរភូមិ​ជាក់ស្តែង​ប៉ុណ្ណោះ ហើយ កឹម សុខា មិន​នៅ​ឯ​សមរភូមិ​នោះ​ទេ”។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំាពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ថា លោក សុខា ដែល​ស្ថិត​នៅ​អាមេរិក​នៅ​ឡើយ មិន​បារម្ភ​នឹង​ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន ​ថា​នឹង​ចាប់​ខ្លួន ឬ​ដាក់​គុក​គាត់​នោះ​ទេ ត្បិតអី​គណបក្ស​ប្រឆាំង​ធ្វើ​តាម​តែ​ច្បាប់​ប៉ុណ្ណោះ។

លោក បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា “មិន​មាន​បញ្ហា​អ្វី​ទាំង​អស់ ព្រោះ​យើង​បាន​ធ្វើ​អ្វីៗ​ឈរ​លើ​វប្បធម៌​សន្ទនា​គ្នា។ យើង​មិន​មាន​បញ្ហា​ទេ”។

ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​កាលពី​យប់​ថ្ងៃ​ពុធ លោក សុខា បាន​បដិសេធ​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ដែល​ថា​សម្តី​របស់​លោក​នៅ​អាមេរិក ដែល​លោក​បាន​សុំ​ទោស​ព្រោះ​មិន​សម្រេច​បាន​ការ​ផ្លាស់​ប្តូរ​ទាំងស្រុង​នោះ គឺជា​ការ​សារភាព​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្យាយាម​ផ្តួល​រំលំ​រដ្ឋាភិបាល។

មុន​ពេល​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ស្តាប់​សម្តី​របស់​លោក​ម្តងទៀត លោក សុខា បាន​និយាយ​ថា “ខ្ញុំ​មិន​បាន​និយាយ​ពាក្យ ‘ផ្តួល​រំលំ​’ ហើយ​មិន​ដែល​បាន​គិត​អំពី​រឿង​ហ្នឹង​ទេ។ ប្រហែល​នរណា​ម្នាក់​បកស្រាយ​វា​ឲ្យ​គាត់​ច្រឡំ​ហើយ”។

“ក្នុង​ខ្សែ​អាត់​សំឡេង​…​ខ្ញុំ​មិន​បាន​ប្រើ​ពាក្យ ‘ផ្តួល​រំលំ’ ហើយ​ខ្ញុំ​ក៏​បដិសេធ​ដែរ​ ថា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​រូប​ខ្ញុំ​និង សម រង្ស៊ី មិន​មាន​នយោបាយ​ផ្តួល​រំលំ​និង​ប្រើ​ហិង្សា​ឡើយ”។

លោក សុខា ក៏​បាន​ចោទ​លោក ហ៊ុន សែន ថា​ព្យាយាម​បំបែក​បំបាក់​លោក​និង​លោក រង្ស៊ី ដែល​គណបក្ស​ប្រជែង​គ្នា​ទាំង​ពីរ​បាន​រួម​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១២ ដោយ​បាន​ផ្តោត​លើ​លោក​ថា​ជា​មេ​គំនិត​នៃ​ការ​”ផ្តួល​រំលំ”​រដ្ឋាភិបាល។

លោក​បាន​មាន​ប្រសាសន៍​ថា “វា​មិន​មែន​ជា ‘បញ្ហា កឹម សុខា ទេ’ [ប៉ុន្តែ] បញ្ហា​ទាំង​អស់​និង​បាតុកម្ម​មិន​មែន​ដឹកនាំ​ដោយ កឹម សុខា [ប៉ុណ្ណោះ]​ទេ។ ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ កឹម សុខា និង សម រង្ស៊ី”។

ក្នុង​ការ​ថ្លែង​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ហ៊ុន សែន នៅ​តែ​រិះគន់ ការ​បកស្រាយ​របស់​លោក សុខា ដែលថា​លោក​មិន​ដែល​ប្រើ​ពាក្យ “ផ្តួល​រំលំ” និង​ចង់​ឲ្យ​មាន​ការ​កែប្រែ​ការ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​រំឭក​អនុប្រធាន​បក្ស​រូប​នេះ​ថា ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់​ផ្តើម​ក្នុង​ពេល​ប៉ុន្មាន​ខែ បន្ទាប់ពី​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៣។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទាក់ទិន​នឹង​សម្តី​របស់​លោក សុខា ថា “មិន​មាន​ន័យ​ថា​លោក​ឯង​ចង់​ប្តូរ​តាម​រយៈ​ការ​បោះ​ឆ្នោត​ទេ។ លោក​ឯង​ធ្វើ​បាតុកម្ម​ក្រោយពី​ការ​បោះ​ឆ្នោត។

ដោយ​លើក​ឡើង​នូវ​ការ​ស្រែក​ដដែលៗ​ដ៏​ពេញ​និយម​ក្នុង​ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​បាន​មាន​ប្រសាសន៍​ថា “ទាំង​អស់​គ្នា​នៅ​ចាំ​រឿង​នេះ​ទេ៖ ‘ហ៊ុន សែន អើយ​ចុះ​ចេញ​​​ទៅ ហ៊ុន សែន អើយ​ចុះ​ចេញ​​​ទៅ’។ លោក​ឯង​ចង់​និយាយ​ថា​ប្តូរ ប៉ុន្តែ​ពាក្យ ‘ប្តូរ’ របស់​លោក​ឯង​មាន​ន័យ​ថា “ផ្តួល​រំលំ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស