សាលាដំបូងរាជធានីភ្នំពេញបានកោះហៅព្រះសង្ឃប្រាំអង្គគង់នៅវត្តសាមគ្គីរង្សីក្នុងរាជធានីភ្នំពេញមកសាកសួរជុំវិញពាក្យបណ្តឹងដែលបានប្តឹងកាលពីខែមុនដោយព្រះសង្ឃមួយអង្គដែលបានចោទប្រកាន់ព្រះសង្ឃទាំងនេះថា បានវាយខ្លួនដោយហិង្សា។
ព្រះសង្ឃដាក់ពាក្យបណ្តឹងនោះព្រះនាម សុត ឆាយា បានអះអាងថា ព្រះតេជគុណ ថាច់ ហា សំអាង ព្រះចៅអធិការស្តីទីបានបញ្ជាឲ្យព្រះសង្ឃបួនអង្គវាយព្រះអង្គ និងព្រះសង្ឃប្រាំមួយអង្គទៀតដោយកាំបិតនិងដុំថ្មជុំវិញអធិករណ៍នៅក្នុងវត្តកាលពីខែមករា។
ព្រះតេជគុណ ថាច់ វណ្ណា ព្រះសង្ឃមួយអង្គក្នុងចំណោមព្រះសង្ឃដែលត្រូវបានកោះហៅបានមានសង្ឃដីកាថា លិខិតដែលចុះហត្ថលេខាដោយលោក គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងបានណែនាំឲ្យព្រះអង្គបង្ហាញខ្លួនដើម្បីធ្វើការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធ។
ព្រះតេជគុណ ថាច់ វណ្ណា បានមានសង្ឃដីកាថា ព្រះសង្ឃដែលរងការចោទប្រកាន់ផ្សេងទៀតព្រះនាម លីវ ណេង ថាច់ ដែន និង លីវ នឿ។ ព្រះអង្គបានមានសង្ឃដីកាថា “យើងមិនបារម្ភពីពាក្យបណ្តឹងនេះទេ ពីព្រោះយើងមិនបានធ្វើអ្វីខុសឡើយ”។
ព្រះតេជគុណ ថាច់ វណ្ណា បានមានសង្ឃដីកាថា ព្រះសង្ឃទាំងអស់នឹងធ្វើពហិការមិនចូលរួមការសាកសួរនោះទេ ពីព្រោះព្រះអង្គជឿថា ដីកាកោះនោះមិនមានសុពលភាពទេ ពីព្រោះដីកានោះសរសេរខុសច្រើន និងមានកំហុសផ្សេងៗទៀត។
ព្រះអង្គបានបន្ថែមថា ជនជាតិវៀតណាមមិនចេញឈ្មោះទំនងជានៅពីក្រោយពាក្យបណ្តឹងនេះ។ ព្រះអង្គបានមានសង្ឃដីកាថា “ប្រាកដជាមានយួននៅពីក្រោយព្រះសង្ឃអង្គនេះ ពីព្រោះវត្តរបស់យើងតែងតែក្រោកឈរតស៊ូប្រឆាំងនឹងយួន ហេតុនេះហើយពួកគេចង់លុបបំបាត់វត្តនេះតែម្តង”៕សារុន