ព្រះសង្ឃ អ្នកភូមិ និងសកម្មជនការពារសិទ្ធិដីធ្លីប្រហែល២០០អង្គនាក់បាននិមន្តនិងមកជួបជុំគ្នានៅនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាបកាលពីថ្ងៃសៅរ៍ដើម្បីប្រារព្ធខួប៦ឆ្នាំនៃថ្ងៃដែលនគរបាលបានបើកការវាយបាញ់ប្រហារលើកសិករមួយក្រុមដែលតវ៉ាអំពីការបណ្តេញចេញពីដីធ្លី ដែលឥឡូវមិនទាន់មានការដោះស្រាយ។
បុរសបួននាក់បានរងរបួសនៅក្នុងការបាញ់ប្រហារកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៩ រីឯអ្នកភូមិចំនួន១២នាក់ទៀតត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារពីបទជាប់ពាក់ព័ន្ធនឹងល្មើសផ្សេងៗទៀត បន្ទាប់ពីការតវ៉ា។ អ្នកដែលបាញ់កសិករទាំងនេះមិនដែលត្រូវបានចាប់ខ្លួន ឬនាំមកផ្តន្ទាទោសឡើយ។
អ្នកភូមិចំនួន១៧៥គ្រួសារ ដែលត្រូវបានបណ្តេញចេញពីដីទំហំ៤៧៥ហិកតា បានអះអាងថា អាជ្ញាធរមូលដ្ឋានបានឃុំឃិតលក់ដីដែលពួកគាត់បានកាន់កាប់។ការរំឭកខួបកាលពីថ្ងៃសៅរ៍ ក៏ត្រូវបានធ្វើឡើងដើម្បីដាក់ញត្តិទាមទាររដ្ឋាភិបាលឲ្យធ្វើតាមកិច្ចសន្យាឆ្នាំ២០១០ដែលថា នឹងស្វែងរកដីថ្មីឲ្យគ្រួសារទាំងនេះផងដែរ។
លោក យី សាវង្ស ប្រធានសហគមន៍បាននិយាយកាលពីម្សិលមិញថា “ខ្ញុំសូមស្នើឲ្យអភិបាលខេត្តសៀមរាបផ្តល់ដីស្រែមកឲ្យគ្រួសាររងគ្រោះរបស់យើងវិញ”។
ព្រះតេជគុណ លួន សុវាត ដែលក្លាយជាសកម្មជនការពារសិទ្ធិមនុស្សដ៏លេចធ្លោ បន្ទាប់ពីសាច់ញាតិរបស់ព្រះតេជគុណពីរនាក់បានរងរបួសនៅក្នុងការបាញ់ប្រហារនេះ ក៏បាននិមន្តមកចូលរួមព្រឹត្តិការកាលពីថ្ងៃសៅរ៍ ជាមួយព្រះសង្ឃជាច្រើនអង្គផ្សេងទៀតផងដែរ។ ព្រះតេជគុណបានមានសង្ឃដីកាថា បន្ថែមពីលើការរំឭកខួបនៃការបណ្តេញចេញ សហគមន៍ធ្វើការតវ៉ាដើម្បីប៉ុនប៉ងទាញចំណាប់អារម្មណ៍របស់លោកស្រី មីសែល អូបាម៉ា (Michelle Obama) ស្ត្រីទី១របស់សហរដ្ឋអាមេរិក ដែលបានស្ថិតនៅក្នុងខេត្តសៀមរាបកាលពីចុងសប្តាហ៍។
ព្រះតេជគុណ លួន សុវាត បានមានសង្ឃដីកាបន្ថែមថា “ពិធីរំឭកខួប៦ឆ្នាំរបស់យើង គឺដើម្បីបង្ហាញអំពីមតិយោបល់របស់គ្រួសាររងគ្រោះរបស់យើង ហើយចង់ប្រាប់ឲ្យលោកស្រី មីសែល អូបាម៉ា ភរិយារបស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកដឹងរឿងនេះ”។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានលើកឡើងថា អាជ្ញាធរមូលដ្ឋានកំពុងតែស្វែងរកដីថ្មីជូនគ្រួសារទាំងនេះនៅឡើយ។
លោក ប៊ុនធឿន បានមានប្រសាសន៍ថា “យើងកំពុងតែធ្វើការលើករណីនេះសម្រាប់ពលរដ្ឋដែលមានវិវាទដីធ្លីនៅជីក្រែង ហើយយើងបានបញ្ជូនសំណើទៅកាន់អភិបាលខេត្តដើម្បីសុំឲ្យមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចសម្រាប់ពួកគាត់ ប៉ុន្តែ យើងនៅមិនទាន់ទទួលបានការឆ្លើយតបពីសាលាខេត្តនៅឡើយទេ”។ លោកបានមានប្រសាសន៍បន្ថែមថា “វាអាចចំណាយពេលយូរ ព្រោះវាគឺជាកាតព្វកិច្ចរបស់អភិបាលខេត្តសៀមរាប”។ គេមិនអាចទាក់ទងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានឡើយកាលពីម្សិលមិញ៕ស៊ុយឈាង