33 C
Phnom Penh

លោក ហ៊ុន សែន ចេញ​បទ​បញ្ជា​​ជុំវិញ​ការ​បូម​​ខ្សាច់ ដើម្បី​បញ្ចប់​​ការ​មិន​ចុះ​សម្រុង​​របស់​ក្រសួង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា សេចក្ដី​សម្រេច​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ ដើម្បី​ដាក់​ឲ្យ​ក្រសួង​រ៉ែ និង​ថាម​ពល​ទទួល​ខុស​​ត្រូវលើ​​គ្រប់ទិដ្ឋភាព​​នៃ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សារ​តែ​អាជ្ញាធរ​មិន​ព្រមទទួល​ខុស​ត្រូវ​ចំពោះ​ដំណើរ​ការ​មួយ​ដែល​បាន​បណ្ដាល​ឲ្យ​​ស្រុត​បាក់​ច្រាំងបង្កភាព​ចម្រូង​ចម្រាស​​។

នៅ​ក្នុងសារាចរណែនាំមួយ​ចេញពី​កាលពី​ថ្ងៃសុក្រ លោក​នាយក​រដ្ឋមន្ត្រី​បាន​ដាក់​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​​ទទួល​ខុស​ត្រូវ​ភ្លាមៗ។ ដើម​ឡើយ ​គណៈកម្មការ​គ្រប់​គ្រង​ធនធាន​ខ្សាច់​នៃ​ក្រសួងធនធាន​ទឹក​ ត្រូវ​អនុម័ត​ និង​ចុះ​ហត្ថលេខា​សម្រេច​លើ​ការ​សិក្សា​អំ​ពី​ប្រព័ន្ធធារាសាស្ត្រ មុនពេល​ក្រសួង​រ៉ែ​ និង​ថាមពល​អាច​េចញ​អាជ្ញាប័ណ្ណ​ពិត​ប្រាកដ​បាន​។

កាលពី​ថ្ងៃអាទិត្យ មន្ត្រី​មួយ​រូប​មកពី​ក្រសួង​រ៉ែ​ និង​ថាមពល​ ​បាន​លើក​ឡើង​ថា សារាចរ​ណែនាំ​ថ្មី​នេះ​មាន​គោល​បំណង​ពន្លឿន​ដំណើរ​ការ​​ដែល​មាន​ការ​យឺត​យ៉ាវ​ និង​ដើម្បី​ដោះ​ស្រាយ​សំណើ​សុំ​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ជាច្រើន​ដែល​មិន​ទាន់​ដោះ​ស្រាយ​រួច។

ប៉ុន្តែ​នៅ​ក្នុង​សុន្ទរកថា​មួយ​ថ្លែង​ក្នុងពិធី​សម្ពោធ​សណ្ឋាគារ​សុខាភ្នំពេញ​ជា​ផ្លូវ​ការ​កាលពី​ម្សិលមិញ លោក ហ៊ុន សែន បាន​ពន្យល់​ថា លោក​បាន​សម្រេច​ចិត្ត​បែប​នេះ​ដើម្បី​ឲ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ​។

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះថា “ពេល​សួរ​​ទៅ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​រ៉ែថា​រដ្ឋមន្ត្រី​ធន​ធានទឹក​។ ពេល​សួរ​ទៅ​រដ្ឋមន្ត្រី​​​ធនធាន​ទឹក ​​ឆ្លើយ​ថា​ធនធាន​រ៉ែ​។ ពេល​សួរ​ទៅ​ខាង​ខេត្ត​ [ខេត្ត​] ថារដ្ឋមន្ត្រី​”។

លោក​បាន​មាន​ប្រសាសន៍សំដៅ​ទៅ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​​ក្រសួង​រ៉ែ​ និង​ថាមពល​ថា “ដល់ពេល​អញ្ចឹង​ អ្នក​ណា​ឲ្យពិត​ប្រាកដ? ​ឥឡូវ​ដាក់​ឲ្យ​លោករ៉ែ​តាហ្មងទៅ។ ត្រូវ​ទទួល​ខុស​ត្រូវ​កន្លែង​ដែល​​មាន​ការ​អនុញ្ញាត​​ឲ្យ​បូម​ខ្សាច់​ ហើយ​បង្ក​ឲ្យ​បាក់​ស្រុត​​ផ្ទះ​​ប្រជាពលរដ្ឋ​”។

លោក​ ហ៊ុន សែន បាន​ព្រមាន​ថា “បើ​ជាប់​គុក​​ជាប់​តែ​ខ្លួន​ឯង​ទៅ ព្រោះមិន​ចាំបាច់​មាន​គណៈកម្មការ​អាញ៉េ​អាញ៉ៃទេ​។ ឥឡូវ​បញ្ចប់​ករណី​នេះ​ត្រឹម​ហ្នឹង​ទៅ។ វា​ស្មុគស្មាញ​ណាស់​លោក​អើយ​”។

ដូច​មាន​ចែង​នៅ​ក្នុង​សារាចរ​ណែនាំ​នេះ លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា គណៈ​កម្មការ​ធនធាន​ខ្សាច់​នឹង​ក្លាយជា​ស្ថាប័ន​ប្រឹក្សា​យោបល់។ លោក​បាន​មាន​ប្រសាសន៍​ថា “គណៈ​កម្មការ​នេះ​នឹង​ប្រើ​សម្រាប់​ពិគ្រោះ​យោបល់ មិន​មែន​ប្រើ​​​ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​ណាមួយ​សម្រាប់​ស្ថាប័ន​ [ក្រសួង​រ៉ែ​ និង​ថាមពល] ដែលត្រូវ​បាន​​បង្កើត​ឡើង​ដោយ​ច្បាប់​នោះទេ”។

ប្រតិបត្តិការ​​បូម​ខ្សាច់​​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​កន្លែង​ផ្សេងៗ​ទៀត​​បាន​​បង្ក​ឲ្យ​មាន​ការ​​បាក់​ស្រុត​ផ្ទះ​ប្រជាពល​រដ្ឋ​ចូលទៅ​ក្នុង​ផ្ទះ​ទន្លេ។ ទោះជាយ៉ាង​ណា អាជ្ញាធរ​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទទួល​ស្គាល់​ថា វា​មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​បូម​ខ្សាច់​៕ សុខុម​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស