យោងតាមសេចក្តីជូនដំណឹងដែលបានចុះផ្សាយក្នុងគេហទំព័ររបស់នគរបាលកាលពីម្សិលមិញបានឲ្យដឹងថា លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានចេញបទបញ្ជាឲ្យនគរបាលចាប់ផ្តើមឃ្លាំមើលតាមកន្លែងលក់គ្រឿងអលង្ការនិងកន្លែងប្តូរប្រាក់តាមទីផ្សារ២៤ម៉ោង ហើយបានព្រមានក្រុមមន្ត្រីទាំងនោះថា ពួកគេអាចត្រូវបណ្តេញចេញ ប្រសិនបើពួកគេបណ្តោយឲ្យមានអំពើប្លន់ប្រដាប់អាវុធកើតឡើងទៀតនោះ។
សេចក្តីជូនដំណឹងនៅក្នុងគេហទំព័ររបស់នគរបាលជាតិមានខ្លឹមសារថា បទបញ្ជានេះត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញ គឺថ្ងៃតែមួយដែលបុរសបីនាក់ប្រដាប់ដោយកាំភ្លើងអាកា-៤៧ កាំភ្លើងខ្លី និងពូថៅបានប្លន់មាសនិងប្លាទីនពីផ្សារមួយក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ។
សេចក្តីជូនដំណឹងនៅក្នុងគេហទំព័រនគរបាលជាតិនេះលើកឡើងទៀតថា “ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានចេញបទបញ្ជាបន្ទាន់ដល់នគរបាលទូទាំងប្រទេសឲ្យពង្រឹង និងការពារសន្តិសុខ និងសុវត្ថិភាពនៅតាមទីប្រជុំជន ជាពិសេសនៅតាមកន្លែងលក់គ្រឿងអលង្ការ និងកន្លែងប្តូរប្រាក់។ នៅក្នុងបទបញ្ជាបន្ទាន់ដែលបានផ្សព្វផ្សាយដល់នគរបាលទូទាំងប្រទេសកាលពីថ្ងៃសៅរ៍នោះ ឧត្តមសេនីយ៍ នេត សាវឿន ក៏បានចាត់តាំងឲ្យស្នងការដ្ឋាននគរបាលទាំងអស់ដាក់កម្លាំងការពារ២៤ម៉ោងលើ២៤ម៉ោងនៅតាមទីផ្សារ និងទីប្រជុំជននានា ជាពិសេសនៅកន្លែងលក់គ្រឿងអលង្ការ និងកន្លែងប្តូរប្រាក់ដែលអាចមានអំពើប្លន់ប្រដាប់អាវុធកើតឡើង”។
សេចក្តីជូនដំណឹងនេះបានឲ្យដឹងថា “នៅក្នុងបទបញ្ជានេះ ឧត្តមសេនីយ៍ នេត សាវឿន ក៏បានព្រមានជាមុនថា នាយនគរបាលនិងកម្លាំងនគរបាលដែលទទួលខុសត្រូវនៅគ្រប់គោលដៅទាំងអស់ អាចប្រឈមការធ្វើអធិការកិច្ច ឬដកចេញពីតួនាទី ប្រសិនបើពួកគេ
ធ្វេសប្រហែស ហើយបណ្តោយឲ្យមានអំពើប្លន់ប្រដាប់អាវុធកើតឡើងដោយមិនមានការទទួលខុសត្រូវការពារសន្តិសុខ និងសុវត្ថិភាពនោះ”។
លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញកន្លែងដែលអំពើប្លន់ប្រដាប់អាវុធបានកើតឡើងកាលពីថ្ងៃសៅរ៍បានមានប្រសាសន៍ថា លោកមិនបារម្ភពីការគំរាមបាត់បង់ការងារឡើយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំស្វាគមន៍បទបញ្ជានេះ និងត្រៀមខ្លួនអនុវត្តតាមបទបញ្ជា។ វាជាការល្អ ហើយយើងបានត្រៀមខ្លួនការពារប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង ហើយបានដាក់ពង្រាយកម្លាំងរបស់យើងរួចរាល់ហើយដើម្បីទប់ស្កាត់បទឧក្រិដ្ឋ”។
លោក ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំកន្លែងដែលមានអំពើប្លន់ប្រដាប់អាវុធជាច្រើនបានកើតឡើងកាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា បទបញ្ជានេះត្រូវបានចេញដល់នគរបាលទាំងអស់កាលពីចុងសប្តាហ៍។
លោកបានមានប្រសាសន៍ថា “វាជាការល្អ ដើម្បីឲ្យកម្លាំងរបស់យើងប្រឹងប្រែងបំពេញការងារបន្ថែមទៀត ឬតែងតែគិតថា មានសភាពស្ងប់ស្ងាត់នោះ។ វាជាការក្រើនរំឭកដល់កម្លាំងរបស់យើង”៕សារុន