ក្រុមសិទ្ធិមនុស្សគ្រាំទ្រដោយសហរដ្ឋអាមេរិក និងអ្នកឃ្លាំមើលតុលាការខ្មែរក្រហម បានរិះគន់ដាច់ដោយឡែកពីគ្នាចំពោះរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិកាលពីម្សិលមិញ ទៅលើការខកខានមិនបានចាប់ខ្លួន បន្ទាប់ពីមានបទចោទកំបាំងមុខប្រឆាំងនឹងអតីតមេបញ្ជាការកងទ័ពជើងទឹក មាស មុត និងមេស្រុក អុឹម ចែម កាលពីថ្ងៃទី៣ ខែមីនា។
នៅក្នុងរបាយការណ៍ខ្លីមួយ អង្គការផ្តួចផ្តើមគំនិតយុត្តិធម៌សង្គមបើកចំហ បាននិយាយថា ដោយសារតែខ្វះតម្លាភាពនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នោះ វាមិនអាចដឹងថា េហតុអ្វីពុំមានការចាប់ខ្លួន ចាប់តាំងពីមានបទចោទចេញដោយ លោក ម៉ាក ហាម៉ុន សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅក្នុងសំណុំរឿង ០០៣ និង០០៤ ដែលជំទាស់ដោយរដ្ឋាភិបាលនោះទេ។
របាយការណ៍អង្គការផ្តួចផ្តើមគំនិតយុត្តិធម៌សង្គមបើកចំហ បាននិយាយថា “ជាក់ស្តែង យ៉ាងហោចណាស់មានដីកាចាប់ខ្លួនមួយ ចេញក្នុងសំណុំរឿង ០០៣ និង ០០៤ ដោយចៅក្រម ហាម៉ុន ប៉ុន្តែ មិនត្រូវគោរព ឬអនុវត្តដោយប៉ូលិសយុត្តិធម៌ទេ”។
របាយការណ៍នោះបានបន្តថា “តម្លាភាពមិនគ្រប់គ្រាន់របស់តុលាការ ដែលទាក់ទងនឹងកង្វះខាតកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តបទបញ្ជាតុលាការ មិនអាចធ្វើឲ្យដឹងថា តើប៉ូលិសយុត្តិធម៌បដិសេធទាំងស្រុងមិនអនុវត្តដីកានោះ យកលេសចំពោះការខកខានបែបហ្នឹង បានអូសបន្លាយពេលវេលា ឬរារាំងការចេញដីកាបែបហ្នឹង ដោយបញ្ជាក់ជាមុននូវភាពមិនសុខចិត្តអនុវត្តដីកាឬយ៉ាងណានោះទេ”។
របាយការណ៍នោះបន្តថា “ទោះជាយ៉ាងណាក៏ដោយ សេចក្តីពិស្តារមិនផ្លាស់ប្តូរលក្ខណៈមូលដ្ឋាន ឬផលប៉ះពាល់នៃការមិនសហការនោះទេ។ មិនមានការដោះសារ និងមិនមានដើមចមសម្រាប់ការបដិសេធរបស់ប៉ូលិសយុត្តិធម៌ក្នុងការមិនអនុវត្តបទបញ្ជាតុលាការឡើយ”។
លោក ម៉ៅ ច័ន្ទតារា ដែលទទួលបន្ទុកប៉ូលិសនៅ អ.វ.ត.ក. បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលសួរអំពីសំណុំរឿងនោះកាលពីម្សិលមិញ។ លោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ក៏បានបដិសេធមិនពន្យល់ថា ហេតុអ្វីក៏មិនមានការចាប់ខ្លួននោះដែរ។
លោកបានមានប្រសាសន៍ថា “សហចៅក្រមស៊ើបអង្កេតកំពុងធ្វើការក្នុងសំណុំរឿងនោះ ប៉ុន្តែ លើសពីនេះទៅទៀត មិនមានព័ត៌មានបច្ចុប្បន្នភាពទេ”។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchបានអំពាវនាវដល់អង្គការសហប្រជាជាតិដែលបានយល់ព្រមគ្រាំទ្រ អ.វ.ត.ក. នៅក្នុងឆ្នាំ២០០៣ ឲ្យដកខ្លួនចេញពីតុលាការ ប្រសិនបើរដ្ឋាភិបាលបន្តរារាំងការកាត់ទោសលោក មាស មុត និងអ្នកស្រី អុឹម ចែម។
លោក ប្រែ៊ត អាដាម នាយកអាស៊ីសម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchត្រូវបានដកស្រង់សម្តីនៅក្នុងរបាយករាណ៍ថា “ការបដិសេធរបស់រដ្ឋាភិបាលកម្ពុជាដោយមិនសហការនាំមេដឹកនាំខ្មែរក្រហមមកកាត់ទោសនៅតុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិ នឹងជាជម្រើសចុងក្រោយបន្ទាប់ពីការរារាំង ការពន្យារពេល និងអំពើពុករលួយ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ”។
លោក ប្រែ៊ត អាដាម បាននិយាយថា “ប្រសិនបើរដ្ឋាភិបាលខកខានមិនចាត់ការឲ្យបានឆាប់រហ័សទៅលើបទចោទរបស់ចៅក្រមទេ ដូច្នេះ ល្មមដល់ពេលអង្គការសហប្រជាជាតិបញ្ចប់ការចូលរួមរបស់ខ្លួន ហើយប្រទេសផ្តល់ជំនួយត្រូវឈប់ផ្តល់មូលនិធិដល់តុលាការនេះ។ ការបន្តគាំទ្រគឺគ្រាន់តែធ្វើឲ្យមានយុត្តិធម៌ចំអកលេងសើចសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសាររបស់គេរាប់លាននាក់ប៉ុណ្ណោះ”។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការផ្តួចផ្តើមគំនិតយុត្តិធម៌សង្គមបើកចំហ បាននិយាយថា ការខកខានរបស់អង្គការសហប្រជាជាតិ និងមន្ត្រីអន្តរជាតិរបស់តុលាការក្នុងការមិនដោះស្រាយបញ្ហាជាសាធារណៈ គឺ “គួរឲ្យហួសចិត្ត”។
សេចក្តីថ្លែងការណ៍និយាយថា “ដំណើរការទៅមុខ ហាក់ដូចជាគ្មានអ្វីខុសកើតឡើង ពួកគេលើកឡើងអំពីក្តីបារម្ភថា តើពួកគេមានឆន្ទៈ ឬសមត្ថភាពអនុវត្តកិច្ចព្រមព្រៀងនោះ និងថាតើពួកគេអាចបើកសវនាការដោយកំបាំងមុខ ដើម្បីចៀសវាងការដោះស្រាយបញ្ហាពិតប្រាកដទាក់ទងនឹងការជ្រៀតជ្រែកផ្នែកនយោបាយ ឬយ៉ាងណាទេ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងម្តងហើយម្តងទៀតអំពីការជំទាស់របស់លោកទៅនឹងសំណុំរឿង ០០៣ និង០០៤ ដោយអះអាងថា ការបន្តកាត់ទោសអតីតមន្ត្រីខ្មែរក្រហមអាចធ្វើឲ្យមានអស្ថិរភាពហិង្សាឡើងវិញ។
លោក មាស មុត ដែលជាប់ចោទពីបទសម្លាប់កម្មាភិបាលខ្មែរក្រហម ជាមួយនឹងជនជាតិវៀតណាម ថៃ និងជនបរទេសដទៃទៀត ដែលចាប់ខ្លួនបាននៅដែនសមុទ្រ និងអ្នកស្រី អឹុម ចែម ដែលជាប់សង្ស័យថា បានអនុវត្តវិសុទ្ធិកម្មនៅតំបន់ពាយព្យ បានសម្តែងការបារម្ភតិចតួចចំពោះបទចោទនោះ។
សួរកាលពីដើមខែនេះថា គាត់បានគិតយ៉ាងណាចំពោះបទចោទនោះ លោក មាស មុត បានមានប្រសាសន៍ថា លោកបារម្ភខ្លាំងនឹងការដាំដុះរបស់លោកក្នុងខេត្តបាត់ដំបង។ អ្នកស្រី អឹុម ចែម បានមានប្រសាសន៍ថា ចៅក្រម ហាម៉ុន គួរត្រូវជាប់គុកដោយសារតែចេញបទចោទនោះ៕(រាយការណ៍បន្ថែមដោយ ឃួន ណារីម) រើន