29 C
Phnom Penh

ប្រធាន​គណបក្ស​សម រង្ស៊ី រិះគន់​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក គង់ គាំ ប្រធាន​​​គណបក្ស​​​សម រង្ស៊ី បាន​​​រិះគន់​​​លោក សម រង្ស៊ី អតីត​​​ប្រធាន​​​គណ​បក្ស​​​នេះ​​​ ចំពោ​​​ះ​​​ការ​​​ទុក​​​ជា​​​មោឃៈ​​​នូ​​វ​​​​សេចក្តី​​​សម្រេច​​​ដាក់​បេក្ខជន​​ជំនួស​​​លោកស្រី ថាក់​​​ ឡានី សមាជិក​​​ព្រឹទ្ធ​​​សភា​​​ពាក់​​​កណ្តាល​​​អាណត្ត​ិ​​​របស់​​​លោក​ស្រី​នោះ​​​​​។

មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិល​​​មិញ លោក គង់ គាំ ដែល​​​បាន​​​កាន់​​​តួនាទី​​​ជា​​​ប្រធាន​​​គណបក្ស​​​សម រង្ស៊ី បន្ទាប់​​​ពី​​​លោក សម រង្ស៊ី បាន​​​ជួយ​​​បង្កើត​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កាល​​​ពី​ខែ​​​កក្កដា ឆ្នាំ​​​២០១២​​​ បាន​​​មានប្រសាសន៍​​​ថា សេច​ក្តី​​​សម្រេច​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​កុម្ភៈ​​​បាន​​​បង្ហើប​ឲ្យ​ដឹង​នៅ​​ក្នុង​​​លិខិត​​​ផ្ទៃ​​​ក្នុង​​​គណបក្ស​​​ដែល​​​ទទួល​​​បាន​​​កាល​​​ពី​ម្សិល​​​មិញ​​​ អនុញ្ញាត​​​ឲ្យ​​​លោក​​​ស្រី ថាក់​​​ ឡានី បម្រើ​​​ការ​​​ក្នុង​អាណត្តិ​​​​ព្រឹទ្ធ​​​សភា​របស់​លោកស្រី​នោះ​ ផ្ទុយ​​​នឹង​​​ការ​​​សន្យា​​​​​​ដែល​​​លោក​​​ សម រង្ស៊ី ធ្លាប់​បាន​​​ធ្វើ​​​ក្នុង​​​ទី​​​ក្រុង​​​ប៉ារីស​​​នៅ​​​ចំពោះ​មុខ​​​សមាជិក​​​គណបក្ស​​​។

លោក គង់ គាំ បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ពិត​​​គឺ​​​ថា មាន​​​សមាជិក​​​តែ​​​៣​​​រូប​​​ប៉ុណ្ណោះ គឺ​​​រូប​​ខ្ញុំ លោក ហុង សុខហួរ និង​​​លោក ទាវ វ៉ាន់ណុល…ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​នៅ​ពេញ​​​មួយ​​​អាណត្តិ​​​​​​ចំពោះ​​​ករណី​​​លោក​​​ស្រី ថាក់ ឡានី  ​​​លោក សម រង្ស៊ី បាន​​​សន្យា​​​ផ្លាស់​​​ប្តូរ​​​លោកស្រី​នៅ​​​ពេល​​​លោក​​​ស្រី​​​កាន់​​​បាន​​​​​​ពាក់​​​កណ្តាល​​​អាណត្តិ​​​ ដូច្នេះ​បន្ទាប់មក​​​​បេក្ខ​​​ជន​​​បម្រុង​​​អាច​​​កាន់​​​តួនាទី​​​លោកស្រី និង​​​​មាន​​​ឱកាស​​​បម្រើ​​​ប្រទេស​​​ជាតិ​​​”។

លោក គង់ គាំ បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​មិន​​​​​​ត្រឹមត្រូវ​​​សម្រាប់​​​លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ទី​​​ក្រុង​​​ប៉ារីស​​​នោះ​​​ ឥឡូវ​​​េនះ​​​បាន​​​កែ​​​ប្រែ​​​សេច​ក្តី​​​សម្រេច​​​នោះ​។

គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក​​​ស្រី ថាក់​​​ ឡានី និ​​​ង​លោក យឹម សុវណ្ណ​​​ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​ទេ​​​កាល​​​ពី​​​ម្សិល​មិញ​​​៕សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស