31 C
Phnom Penh

លោក ងួន នន្ទ និពន្ធនាយក​កាសែត​​ដំណឹង​ពេល​ព្រឹក​បាន​ទទួល​មរណភាព​ក្នុង​អាយុ​៧៦​ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ងួន នន្ទ និពន្ធនាយក​កាសែត​ដែល​ត្រូវ​បាន​ចាប់​ដាក់ពន្ធនាគារ​កាលពី​ឆ្នាំ​១៩៩៤ ពីបទ​ភ្ជាប់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជាទៅ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាលពី​ពេល​នោះ បាន​ទទួល​មរណភាព​នៅ​ផ្ទះ​របស់​លោក​ក្នុង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ​។ លោក​មាន​អាយុ​៧៦​ឆ្នាំ​។

លោក ម៉ាសល​ ងួន ជា​កូន​ប្រុស​ពៅ​ក្នុង​ចំណោមកូន​​ចំនួន​បី​នាក់​របស់​លោក ងួន នន្ទ បាន​មាន​ប្រសាសន៍​តាម​​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា “ឪពុក​របស់​ខ្ញុំ​បាន​ទទួល​មរណភាព​ដោយ​សារ​ជរាពាធ​។ សមាជិក​គ្រួសារ​របស់​យើង​កំពុង​ធ្វើពិធី​បុណ្យសព​នៅ​ក្នុង​វត្ត​ខ្មែរ​ដ៏​ចំណាស់​មួយ​​ក្នុង​ក្រុងឡូវែល [រដ្ឋម៉ាសាឈូសេត]។ សព​ឪពុក​ខ្ញុំ​នឹង​បូជា​នៅ​ថ្ងៃ​សៅរ៍”។

លោក ងួន នន្ទ គឺ​ជា​មន្ត្រី​មួយ​រូប​​នៅ​ក្នុង​សាធារណរដ្ឋប្រជាមានិត​កម្ពុជា និង​សម័យ​រដ្ឋ​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ប៉ុន្តែ​ក្រោយ​មក​លោក​បាន​ចូល​រួម​ជាមួយ​គណបក្ស​ហ្វុ៊នស៊ិន​ប៉ិច​របស់​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​​ឆ្នាំ​១៩៩៣ ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ។

កាសែត​របស់​លោក​ដែល​មានឈ្មោះ​ថា ដំណឹង​ពេល​ព្រឹក គឺ​ស្ថិត​ក្នុង​​​ចំណោម​កាសែត​ខ្មែរ​ដ៏មាន​ប្រជាប្រិយភាព​ និង​ជោគជ័យ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ ហើយ​កាសែត​នេះ​មាន​ការ​ល្បី​ឈ្មោះ​ដោយ​សារ​ចុះផ្សាយ​បញ្ហា​រសើបៗ​ដូចជា អំពើ​ពុក​រលួយ​ជាដើម​។

បន្ទាប់ពី​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារឆ្នាំ​១៩៩៤​ ​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​នាំ​ឲ្យ​មាន​ការ​និរទេស​ព្រះអង្គម្ចាស់​ នរោត្តម ចក្រពង្ស់ កាសែត​ដំណឹង​ពេល​ព្រឹក​បាន​ចុះ​ផ្សាយអត្តបទ​ដ៏ចម្រូងចម្រាស​មួយ​​ដោយ​ភ្ជាប់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​នឹង​ការ​ប៉ុន​ប៉ង​នេះ​។ ក្នុង​ចំណោម​មន្ត្រីទាំង​នោះ​មាន​លោក ស៊ិន សុង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​អំឡុង​ពេល​នោះ លោក ជា ស៊ីម ប្រធាន​រដ្ឋ​សភា​កាលពី​ពេល​នោះ និង​ឧត្ដម​សេនីយ៍​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ទៀត​។

លោក ងួន នន្ទ បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​១ខែ ដោយ​សារ​ការ​ចុះ​ផ្សាយ​អត្តបទ​ដ៏រសើប​នេះ។

លោក ម៉ាសល ងួន បាន​ឲ្យ​ដឹង​ទៀត​ថា លោក ងួន នន្ទ ​បាន​ភៀស​ខ្លួន​ចេញពី​ប្រទេស​កម្ពុជា​ បន្ទាប់ពី​​ការ​ប្រយុទ្ធគ្នា​មួយ​ប្រាវ​ក្នុង​ឆ្នាំ​១៩៩៧ រវាង​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ និង​កង​កម្លាំង​ដែល​ស្មោះ​ស្ម័គ្រ​នឹង​លោក ហ៊ុន សែន ហើយ​លោក​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០០១​ជាមួយ​កូន​ប្រុស​ចំនួនពីរ​នាក់ ខណៈ​កូនស្រី​របស់​លោក​​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញនោះ​”៕ ស៊ុយឈាង​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស