36 C
Phnom Penh

គ្រួសារ​​​របស់​​​ជនរងគ្រោះ​​​ក្នុង​​​ហេតុការណ៍​​​ឆេះ​​​ ក្លឹប​​​កម្សាន្ត​​​​​​ត្រូវ​​​​​​គេ​​​ឲ្យ​​​ប្រាក់​​​ដើម្បី​​​បិទមាត់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឪពុក​​​របស់​​​ជន​​​រងគ្រោះ​​​ចំនួន​​​ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​ជន​​​រង​​​គ្រោះ​​​ចំនួន​​​ប្រាំ​​​នាក់​​​ដែល​​​បាន​​​ស្លាប់​​​ក្នុង​​​ហេតុការណ៍​​​ឆេះ​​​ក្លឹប​​​កម្សាន្ត​​​ក្នុង​​​ក្រុង​​​បាវិត​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា តំណាង​​​របស់​​​ម្ចាស់​​​ក្លឹប​​​កម្សាន្ត​​​​​​បាន​​​ឲ្យ​​​ប្រាក់​​​មក​​​ខ្លួន​​​ដើម្បី​​​កុំ​​​ឲ្យដាក់​​​ពាក្យ​​​ប្តឹង​​​ទៅ​​​កាន់​​​នគរ​​​បាល​​​។

ស្រប​​​ពេល​​​នេះ​​​ដែរ​​​ អធិការ​​​នគរ​​​បាល​​​ក្រុង​​​បាវិត​​​េនះ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​មិន​​​បញ្ជូន​​​ករណី​​​េនះ​​​ទៅ​​​កាន់​​​សាលា​​​ដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ឡើយ​​​លុះ​​​ត្រា​​​តែ​​​លោក​​​ទទួល​​​បាន​​​ពាក្យ​​បណ្តឹង​​​ជា​​​ផ្លូវ​​​ការ​​​ពី​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​។

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យដ​​​ឹង​​​ថា ការ​​​ទុស្សេ​​​ខ្សែ​​​ភ្លើង​​​ទំនង​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ធ្វើ​​​ឲ្យ​​​កើត​​​មាន​​​​​​​​​​​​អគ្គិភ័យ​​​នៅ​​​ក្នុង​​​ក្លឹប​​​កម្សាន្ត​​​ស្តារ​​​​​​ ដែល​​​មាន​​​ទី​​​តាំង​​​ស្ថិត​​​នៅ​​​ក្នុង​​​សង្កាត់​​​បាវិត នា​​​វេលាម៉ោង​​​៣​​​ទៀប​​​ភ្លឺ​​​ឈាន​​​ចូល​​​ថ្ងៃ​​​ច័ន្ទ​​​ ដោយ​​​បណ្តាល​​​ឲ្យ​​​បុគ្គលិក​​​ចំនួន​​​ប្រាំ​​​នាក់​​​បាន​​​ស្លាប់​​​ និង​​​បុគ្គលិក​​​ម្នាក់​​​ទៀត​​​រង​​​របួស​​​ធ្ងន់​​​។

លោក ប្រាក់ វ៉ន អាយុ​​​៥៥​​​ឆ្នាំ​​​ជា​​​ឪពុក​​​របស់​​​ជន​​​រង​​​គ្រោះ ប្រាក់​​​ ប៉េង អាយុ​​​១៨​​​ និង​​​ ប្រាក់ ឡយ អាយុ​​​១៩​​​ឆ្នាំ ដែល​​​សុទ្ធ​​​តែ​​​ស្លាប់​​​ក្នុង​​​អគ្គិភ័យ​​​​​​បាន​​​លើក​​​ឡើង​​​ថា កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ តំណាង​​​របស់​​​ម្ចាស់​​​ក្លឹប​​​កម្សាន្ត​​​បាន​​​ឲ្យ​​​ប្រាក់​​​សម្រាប់​​​កូន​​​ប្រុស​​​របស់​​​លោក​​​ក្នុង​​​ម្នាក់​​​ៗ ១លាន​​​រៀល​​ [ប្រហែល​​​២៥០​​​ដុល្លារ​​​]​​​។

លោក​​​​​​បាន​​​លើក​​​ឡើងទៀត​​​ថា កាល​​​ពី​​​ម្សិល​​​មិញ​​​ពួកគេ​​​បាន​​​ត្រឡប់​​​មក​​​ម្តង​​​ទៀត​​​ដោយ​​​ផ្តល់​​​ប្រាក់​​​ច្រើន​​​ជាង​​​មុន​​​ជា​​​មួយ​​​សំណើ​​​មួយ​​​។

លោក​​​បាន​​​និយាយ​​​ថា “ក្រុមហ៊ុន​​​បាន​​​ឲ្យ​​​ប្រាក់​​​មក​​​យើង​​​ចំនួន​​​១.០០០​​​ដុល្លារ​​​សម្រាប់​​​កូន​​​ម្នាក់​​​ៗ​​​ ហើយ​​​ស្នើ​​​ឲ្យ​​​យើង​​​កុំ​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ពួក​​​គេ​​​”។

លោក ប្រាក់​​​ វ៉ន ​​​​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា លោក​​​បាន​​​ប្រាប់​​​តំណាង​​​ទាំង​​​នោះ​​​ថា លោក​​​ចង់​​​បាន​​​ប្រាក់​​​ច្រើន​​​ជាង​​​នេះ​​​ ហើយ​​​ពួកគេ​​​និយាយ​​​ថា ខ្លួន​​​នឹង​​​ទៅ​​​សួរ​​​ថៅ​​​កែ​​​សិន​​​។

លោក​​​បាន​​​និយាយ​​​ថា “ពួក​​​គេ​​​មិន​​​អាច​​​ឲ្យ​​​ប្រាក់​​​បន្តិច​​​បន្តួច​​​េនះ​​​​​​ ហើយ​​​ដើរ​​​ចេញបាន​​​​​​ឡើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា លោក​​​នឹង​​​រង់​​​ចាំ​​​រហូត​​​ដល់​​​ពេល​​​បុណ្យ​​​សព​​​កូន​​​ប្រុស​​របស់​​​លោក​​​​​ដែល​​​ធ្វើ​​​ឡើងកាល​​​ពី​​​ម្សិលមិញ ត្រូវ​​​បាន​​​បញ្ចប់​​​​​​ជាមុន​​​សិន​​​ មុន​​​នឹង​​​សម្រេច​​​ថា​​​តើ​​​ត្រូវ​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ទៅ​​​កាន់​​​នគរ​​​បាល​​​ ឬ​​​ក៏​​​អត់​​​នោះ​​​។

លោក កែវ គង់ អធិការ​​​នគរបាល​​​​​​​​ក្រុង​​​បាវិត​​​បាន​​​លើក​​​ឡើង​​​ថា ​​​មន្ត្រី​​​កំពុងតែ​​​​​​ព្យាយាម​​​កំណត់​​​ពី​​​មូល​​​ហេតុ​​​ដែល​​​បង្ក​​​ឲ្យ​​​កើត​​​មាន​​​អគ្គិភ័យ​​​នេះ​​ ឬ​​​ថា តើ​​​នរណា​​​ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​នៅ​​​ឡើយ​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​អគ្គិភ័យ​​​នេះ​​​បង្ក​​​ឡើង​​​ដោយ​​​ការ​​​ទុស្សេ​​​ខ្សែ​​​ភ្លើង​​​ ក្រុមហ៊ុន​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​ ព្រោះ​​​​​​ពួក​​​គេ​​​មិន​​​បាន​​​សាង​​​សង​​​់​​​ ក្លឹប​​​កម្សាន្ត​​​​​​ឲ្យ​​​ត្រូវ​​​តាម​​​ស្តង់​​​ដារ​​​”។

លោក​​​ កែវ គង់ បាន​​​បន្ថែម​​​ទៀត​​​ថា ករណី​​​នេះ​​​នៅ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​សាលាដំបូង​​​ខេត្ត​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​កំពុង​​​រង់​​​ចាំ​​​ជន​​​រង​​​គ្រោះ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​។​​​ នៅ​​​ពេល​​​យើង​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​របស់​​​ពួកគេ​​​ យើង​​​នឹង​​​ចាត់​​​វិធានការ”។

លោក​​​ ជា ឧត្តម អភិបាល​​​​​​ក្រុង​​​បាវិត​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ប្រសិនបើ​​​រក​​​ឃើញ​​​ថា ការ​​​ទុស្សេ​​​ខ្សែ​​​ភ្លើង​​​ជាមូល​​​ហេតុ​​​​​​បង្ក​​​ឲ្យកើត​​​​​​មាន​​​អគ្គិភ័យ​​​នោះ​​​ អ៊ីចឹង​​​ម្ចាស់​​​ក្លឹប​​​គួរ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​។

លោក ជា ឧត្តម​​​ បាន​​​មានប្រសាសន៍​​​ថា “ជា​​​ទូទៅ​​​ ក្រុម​​​ហ៊ុន​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​បញ្ហា​​​េនះ​​​ ពីព្រោះ​​​ពួកគេ​​​គ្រប់​​​គ្រង​​​ទីតាំង​​​េនះ​​​”។លោក​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ប្រសិន​​​បើ​​​អ្នក​​​សើុប​​​អង្កេត​​​រក​​​ឃើញ​​​ថា បុគ្គលិក​​​ ក្លឹប​​​ជា​​​អ្នក​​​បង្ក​​​ឲ្យ​​​កើត​​​មាន​​​អគ្គិភ័យ​​​ អ៊ីចឹង​​ម្ចាស់​​​ក្លឹប​​​ត្រូវ​​​តែ​​​ចរចា​​​ជាមួយ​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ ដើម្បី​​​រក​​​ដំណោះ​​​ស្រាយ​​​ដ៏​​​សមរម្យ​​​មួយ។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ និង​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​ដែល​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​មិន​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​របស់​​​ម្ចាស់​​​ក្លឹប​​​ឡើយ​​​។

កាល​​​ពីថ្ងៃ​​​ច័ន្ទ ​​​មន្ត្រី​​​នគរ​​​បាល​​​សង្កាត់​​​​​​បាវិត​​​ម្នាក់​​​ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​សើុប​​​អង្កេត​​​ និង​​​ដែល​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ព្រោះ​​​ខ្លួន​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​ជឿ​​​ជាក់​​​ថា ជន​​​រង​​​គ្រោះ​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ ក្លឹប​​​កម្សាន្ត​​​នេះ​​​មាន​​​ច្រក​​​ចេញ​​​តែ​​​មួយ​​​។

លោក ម៉ៅ ម៉ានិត អាយុ​​​៣០​​​ឆ្នាំ ដែល​​​បាន​​​រង​​​របួស​​​នៅ​​​ក្នុង​​​អគ្គិភ័យ​​​ និង​​​ដែល​​​ត្រូវ​​​បាន​​​បញ្ចូន​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​កាល​​​ពីព្រឹក​​​ថ្ងៃ​​​ច័ន្ទ បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​ ក្លឹប​​​កម្សាន្ត​​​នេះ​​​មាន​​​​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ​​​ប៉ុណ្ណោះ​​​។

លោក ម៉ៅ ម៉ានិត​​​ បាន​​និយាយ​​​ថា “មាន​​​ច្រក​​​តែ​​​មួយ​​​ប៉ុណ្ណោះ​​​ ហើយ​​​អ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​មិន​​​អាច​​​គេច​​​ចេញ​​​បាន​​​ ព្រោះ​​​អគ្គិភ័យ​​​ឆាប​​​ឆេះ​​​ត្រង់​​​ច្រក​​​ចេញ​​​”។ លោក​​​បាន​​​បន្ត​​​ថា លោក​​​នឹង​​​មិន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ម្ចាស់​​​ក្លឹប​​​កម្សាន្ត​​​​​​ទេ ព្រោះ​​​អគ្គិភ័យ​​​បាន​​​កើត​​​ឡើង​​​ដោយ​​​យថាហេតុ​​​។

លោក​​​ ជា ឧត្តម បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​ទៀត​​​ថា វា​​​មិន​​​មែន​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ក្រុង​​​បាវិត​​​ឡើយ​​​​​​​​ក្នុង​​​ការ​​​ធានា​​​ឲ្យ​​​បាន​​​ថា អគារ​​​ត្រូវ​​​បាន​​​សាង​​​សង់​​​ឡើង​​​តាម​​​ស្តង់ដារ​​​សុវត្ថិភាព​​​នោះ​​​។​​​លោក​​​​​​បាន​​​មានប្រសាសន៍​​​ថា “វាគឺ​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​ នគរូបនីយកម្ម​​​ និង​​​សំណង់ ដែល​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​សាង​​​សង់​​​អគារ​​​នេះ​​​ ហេតុ​​​ដូច្នេះ​​​យើង​​​គ្មាន​​​សិទ្ធិ​​​ធ្វើ​​​កិច្ច​​​ការ​​​នេះ​​​ឡើយ​​​”។ លោក សេង ឡូត អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​នេះ​​​បាន​​​បដិសេធ​​​​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​៕ស៊ុយឈាង​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស