31 C
Phnom Penh

បុរស​​​បួន​​​នាក់​​​បដិសេធ​​​ការ​​​ចោទប្រកាន់​​​ពាក់​​​ព័ន្ធ​​​​​​អំពើ​​​ប្លន់​​​នៅ​​​កោះ​​​រ៉ុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា បុរស​ជនជាតិ​ខ្មែរ​បួន​នាក់​ត្រូវ​បាន​​​សាលា​ដំបូង​ខេត្ត​​​ព្រះសីហនុ​​​ធ្វើ​ការ​ចោទ​ប្រកាន់​កាលពី​ម្សិលមិញ ពី​​​បទ​វាយ​ដំ​យ៉ាង​ឃោរឃៅ និង​​​ពី​​​បទ​​​​​​​ប្លន់​​ជនបរទេស​នៅ​កោះ​​​រ៉ុង​កាលពី​សប្ដាហ៍​មុន។

លោក រស់ សារាំ ព្រះរាជ​​​អាជ្ញា​​​រង​អម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ” តុលាការ​បាន​ចោទ​ប្រកាន់​​​ពួកគេ​ពី​​​បទ​​ប្លន់​មាន​ស្ថាន​​​ទម្ងន់​​​ទោស​​តាម​មាត្រា​៣៥៣ និង​៣៥៧ នៃ​ក្រម​​​ព្រហ្មទណ្ឌ​”។

ជន​សង្ស័យ​​​ទាំង​បួន​នាក់​ឈ្មោះ​​​ ​វណ្ណ សីហវ័ន អាយុ​២២​ឆ្នាំ ជួប​ ទិត្យ អាយុ​២​៧​ឆ្នាំ ឃួន ហ៊ុន អាយុ​២៤ឆ្នាំ និង​ ជឹម រតនា អាយុ​២៧​ឆ្នាំ តាម​ចោទ​ថា​ បាន​សម្រុក​ចូល​​ផ្ទះ​សំណាក់​ Broken Heart ​កាលពី​យប់​ថ្ងៃ​​​ព្រហស្បតិ៍ ដោយ​វាយ​ម្ចាស់​ផ្ទះ​ឈ្មោះ Jouni Niemi អាយុ​៤៩​ឆ្នាំ ជា​ជន​ជាតិ​ហ្វាំង​​​ឡង់ និង​បេឡាករ​ឈ្មោះ Micheal Hay អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​អង់​​​គ្លេស​ដោយ​ដុំឥដ្ឋ​ និង​ដំបង​ដែក​ ខណៈ​ដែល​​​ពួកគេ​បាន​ផ្ទេរ​លុយ​ទៅ​​​ទុក​ក្នុង​​​ទូ​​​ដែក។

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដង​ថា ជន​ដៃ​​​ដល់​​​ទាំង​នេះ​យក​ប្រាក់​បាន​៣.០០០​ដុល្លារ កុំព្យូទ័រ​​​យួរ​ដៃ​មួយ​គ្រឿង និង​ឧបករណ៍​អេឡិច​ត្រូនិក​ផ្សេងៗ​ទៀត។

កាលពី​ថ្ងៃ​ច័ន្ទ នគរ​បាល​បាន​លើក​ឡើង​ថា ជន​ទាំងបួន​នាក់​នេះ​សារភាព​ថា បាន​រៀប​ផែន​ការ​​ប្លន់ ប៉ុន្តែ​កាលពី​ម្សិលមិញ​នៅ​​​ក្នុង​​​រង្វង់​​​ក្រចក​​​សេះ​​​ ជន​សង្ស័យ​​​ទាំង​នេះ​បាន​និយាយ​ផ្សេង​​​ទៅ​​​វិញ​។

​លោក សារំា បាន​មាន​ប្រសាសន៍​ថា ” ជន​សង្ស័យ​​​ទាំង​អស់​បាន​បដិសេធ​​របាយការណ៍​នគរ​បាល ហើយ​បាន​ឆ្លើយ​ថា ពួកគេ​មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នេះ​ទេ ប៉ុន្តែ​ថា នគរ​បាល​បង្ខំ​ឲ្យ​​​ពួកគេ​សារភាព​។ ទោះ​​​ជា​​​យ៉ាង​ណា​ តុលាការ​​​មិន​​​ជឿ​ពួកគេ​ឡើយ ដូច្នេះ​ហើយ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​ខណៈ​ដែល​យើង​​​ស៊ើបអង្កេត​រក​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិលមិញ លោក សៀង កុសល ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ជន​រង​​​គ្រោះពីរ​នាក់​បាន​​បង្ហាញ​​​អត្តសញ្ញាណ​ជន​ដៃដល់​ម្នាក់​ឈ្មោះ ហ៊ុន ដែល​ធ្លាប់​​​​ធ្វើ​ការ​នៅ​ផ្ទះ​សំណាក់​ Broken Heart នេះ​រហូត​ដល់​ខែ​មករា។

លោក កុសល បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចាប់​ខ្លួន​​​ពួក​​​គេ​ផ្អែក​​តាម​ជន​រងគ្រោះ​ដែល​ចង្អុល​បង្ហាញ​ជន​សង្ស័យ​ម្នាក់ ហើយ​​​ជន​សង្ស័យ​​រូប​នេះ​បាន​​ប្រាប់​នគរ​បាល​​ពី​ក្រុម​​របស់​ខ្លួន​ដែល​នៅ​សេសសល់​”។

អំពើ​ប្លន់​នៅ​កោះ​​​រ៉ុង​ដែល​ស្ថិត​នៅ​ចម្ងាយ​២០គីឡូម៉ែត្រ​ក្នុង​សមុទ្រ​​​នេះ​​​ បាន​កើត​ឡើង​ខណៈ​ដែល​មន្ត្រី​ក្រសួង​មហាផ្ទៃ​ជាន់​ខ្ពស់​មួយ​ក្រុម​មក​​ក្រុង​ព្រះសីហនុ ដើម្បី​ស៊ើបអង្កេត​បទ​ឧក្រិដ្ឋ​ដ៏​​​ហិង្សា​ពាក់​ព័ន្ធ​នឹង​ជន​បរទេស​ រួម​​​ទាំង​ករណី​​​ពាក់ព័ន្ធ​​​​ជម្លោះ​​កំពុង​តែ​បន្ត​រវាង​លោក សេរហ្គេ ប៉ូលុនស្គី និង លោក នីកូឡៃ ដូរ៉ូសិនកូ ពាណិជ្ជករ​ជន​ជាតិ​រុស្ស៊ី។

លោក អុិន បូរ៉ា ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួង​មហាផ្ទៃ ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា មន្ត្រី​របស់​លោក​បាន​​​ជួប​ជាមួយ​លោក ប៉ូលុនស្គី ប៉ុន្តែ​បាន​បដិសេធ​មិន​ផ្ដល់​​​ព័ត៌មាន​លម្អិត​ឡើយ​។

លោក អូសថេប ដូរ៉ូសិនកូ កូន​ប្រុស​របស់​លោក នីកូឡៃ និង​ជា​អនុសេនីយ៍ឯក​​ក្នុង​​​កងកម្លាំង​​​​នគរបាល​​អន្តោ​​​ប្រវេសន៍​ខេត្ត​បាន​មាន​ប្រសាសន៍​ថា គណៈ​ប្រតិភូ​មកពី​រាជធានី​ភ្នំពេញ​មិន​បាន​សាកសួរ​ឪពុក​របស់​លោក​ទេ។

​លោក អូសថេប ដូរ៉ូសិនកូ ​​បាន​មាន​ប្រសាសន៍​ថា “អ្នក​​​ទាំង​នេះ​ស្គាល់​ឪពុក​របស់​ខ្ញុំ​ហើយ ពួកគេ​យក​​​ព័ត៌​​​មាន​​​ទាំង​​​អស់​​​​​​ពី​នគរ​បាល​មូលដ្ឋាន​”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស