26 C
Phnom Penh

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​រំពឹងថា សេដ្ឋកិច្ច​កម្ពុជា​នឹង​បង្កើន​ល្បឿន​ជា​លំដាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​អភិវឌ្ឍន៍​អាស៊ីហៅ​កាត់ ADB បាន​ព្យាករ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​កំណើន​ជា​បន្ត​បន្ទាប់ ពោលគឺ​នឹង​ទទួល​បាន​​៧,៣ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៥ និង​៧,៥ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​២០១៦ ដោយ​សារ​លទ្ធផល​ល្អ​ប្រសើរ​របស់​ដៃគូអភិវឌ្ឍន៍​ និង​បរិយាកាស​នយោបាយ​ដែល​មានភាព​ធូរស្រាល​នៅ​ក្នុង​ប្រទេស​។

ការ​ព្យាករនេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ទស្សនវិស័យស្ដីពីការ​​អភិវឌ្ឍន៍​​របស់​អាស៊ី​ឆ្នាំ​២០១៥ (Asian Development Outlook 2015) ដែល​ធនាគារ​នេះ​បាន​ចាប់​ផ្ដើម​កាលពី​ម្សិលមិញ ហើយ​បង្ហាញ​ថា កម្ពុជា​បន្ត​ជែង​ឈ្នះ​ប្រទេស​ភាគច្រើន​នៅ​តំបន់​អាស៊ី និង​រើប​ឡើង​វិញ​ពី​ការ​ធ្លាក់​ចុះ​​កំណើន​សេដ្ឋកិច្ច​បន្តិច​បន្តួច​ដែលធ្លាក់​មក​នៅ​ត្រឹម​៧ភាគរយ​​នៅ​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៤​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បន្ទោស​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​កាលពី​ឆ្នាំ​មុន ដែល​ធ្លាក់​ចុះ​ពី​អត្រាកំណើន​ជា​មធ្យម​៧,២ភាគរយ​ក្នុង​រយៈពេល​បីឆ្នាំ​មុន​ ទៅ​លើ​ស្ថាន​ភាព​ចលាចល​ផ្នែក​នយោបាយ​ និង​វិស័យ​ការ​ងារ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​វិនិយោគិន​ និងភ្ញៀវ​ទេសចរ​ក៏ដូច​ជា​​គ្រោះ​ទឹក​ជំនន់ និង​​គ្រោះ​រាំង​ស្ងួត​ដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទិន្នផល​កសិកម្ម​។

នៅឯ​សន្និសីទ​កាសែត​មួយ​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ លោក ជែន ហ៊ែន​សេន (Jan Hansen) សេដ្ឋវិទូជាន់​ខ្ពស់​នៅ​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​បង្កើន​ល្បឿន​ឡើង​វិញ ដោយ​សារ​តែ​ភាព​ធូរស្រាល​ផ្នែក​នយោបាយ​កាលពីឆ្នាំ​មុន​ កម្មករ​កាត់​ដេរ​ដែល​​រសាយ​កំហឹង​ និង​សេដ្ឋកិច្ច​ពិភព​លោក​រើប​ឡើង​។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ឧបសគ្គទាំង​នេះ​សម្រាប់​សេដ្ឋកិច្ច​ បាន​ធូរស្រាល​​ហើយ ឬ​បាន​ចាប់​ផ្ដើមធូរស្រាល​។ យើង​រំពឹង​ថា ​នឹង​មាន​លទ្ធផល​វិជ្ជមាន​កាន់​តែ​ខ្លាំង​ឡើង​ដោយសារ​ដៃគូពាណិជ្ជកម្មធំៗ​ សហរដ្ឋអាមេរិក ថៃ និង​សហភាព​អឺរ៉ុប ប៉ុន្តែ​វា​ក៏​ដោយសារ​ [ការធូរស្រាល​] ភាព​តាន​តឹង​ផ្នែក​នយោបាយ​ និង​វិស័យ​ការ​ងារ​ តម្លៃ​ប្រេង​ឥន្ធនៈ​ចុះថោក​ ដែលជួយ​​បង្កើន​ចំណូលអាច​ប្រើ​ប្រាស់​បាន​ពិត​ប្រាកដ​សម្រាប់​ក្រុមគ្រួសារ​ផង​ដែរ​​”។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​ក៏​នឹង​​ទទួល​បាន​អត្ថប្រយោជន៍​​ដែរ​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយពី​តម្រូវ​ការ​រឹង​មាំ​ក្នុង​ស្រុក ឱនភាព​សារពើពន្ធ​ដែល​កាន់​តែ​រួម​តូច​ទៅ​ ការ​បំពេញឡើង​វិញ​នូវ​ប្រាក់​កក់ធនាគារ​ និង​ការ​ធ្វើ​ឲ្យ​ឱនភាព​ពាណិជ្ជកម្ម​ប្រសើរ​ឡើង។ ធនាគារ​នេះ​ក៏រំពឹង​ដែរ​ថា ទិន្នផល​កសិកម្ម​នឹង​កើន​ឡើងគួរសម​។

លោក​បាន​លើក​ឡើង​បន្ថែមទៀត​ថា “ដូច្នេះ សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​ស្ថិត​នៅ​​ទីតាំង​​អំណោយ​ផល ដោយ​អាច​ពឹងផ្អែក​លើ​តម្រូវ​ការ​​រឹងមាំ​ក្រៅស្រុក និង​ក្នុង​ស្រុក​គឺ​គ្រាន់បើ​ ជាង​ប្រទេស​មួយ​ចំនួន​ទៀត​​ដែលពឹងផ្អែក​​តែ​​មួយ​”។

សហជីព​ និង​បណ្ដា​​​អង្គការ​សិទ្ធិមនុស្ស​និយាយ​ថា កម្មករ​នៅ​ក្នុង​វិស័យ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​​​ដ៏សំខាន់​ ដែល​មាន​​ចំណែក​ប្រហែល​១ភាគ៣​នៃ​ GDP របស់​ប្រទេស​ ​​មាន​ការ​ភ័យ​ខ្លាច​​ចំពោះ​ការ​បង្ក្រាប​ដ៏សាហាវ​របស់​រដ្ឋាភិបាល​ទៅ​លើ​បាតុកម្ម​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​កាលពី​ឆ្នាំ​មុន។ ការ​ដំឡើង​២៨ភាគ​រយ​លើ​ប្រាក់​ខែ​គោល​ក្នុង​វិស័យ​កាត់​ដេរ​ពី១០០ដុល្លារ​ដល់​១២៨​ដុល្លារ​ដែល​បានចូល​ជាធរមាន​កាលពីខែ​មករា​ ក៏​បាន​ជួយ​ខ្លះដែរ​។

ទោះបីជា​ការ​នាំចេញ​សម្លៀក​បំពាក់​បន្ត​កើន​ឡើង​ក្ដី ក៏​ស្ថានភាព​ចលាចល​នេះ​បាន​ធ្វើ​ឲ្យ​ការ​បញ្ជាទិញពី​បរទេស​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ លោក​ ជែន ហ៊ែនសេន បាន​មាន​ប្រសាសន៍​ថា ការ​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ​ និង​ការកើន​ឡើង​​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​វិស័យ​ផ្សេងៗ​​ទៀត​​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បញ្ជាទិញ​ដែរ​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “នោះ​ក៏​ប្រហែល​ជា​រឿង​គួរ​ឲ្យព្រួយ​បារម្ភតិច​តួច​ដែរ​សម្រាប់​​ប៉ុន្មាន​ឆ្នាំ​ក្រោយ​…។ ហើយ​ក៏​មាន​អ្នក​ប្រកួត​ប្រជែង​ផ្សេងទៀត​ដែរ​នៅ​ក​្នុង​តំបន់​ដែល​ចូល​រួម​នៅ​ក្នុង​ទីផ្សារ ហើយ​ផលិត​សម្លៀក​បំពាក់​។ នៅពេល​ដំឡើង​ថ្លៃ​ពលកម្ម​ វា​ក៏ធ្វើ​ឲ្យ​​​ប៉ះពាល់​ដល់​​វិស័យ​ផ្សេងៗ​ទៀត​ ជា​ការ​ឡើង​ថ្លៃ​នៅ​ក្នុង​សេដ្ឋកិច្ច​ទាំង​មូល​ នោះជា​អ្វីដែល​ត្រូវ​តែ​ឃ្លាំ​មើល​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ​”។

លោក​ អេរិក ស៊ិច​វិក (Eric Sidgwick) នាយក​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ខណៈ​ការ​ដំឡើង​ប្រាក់​ខែ​នៅ​ឆ្នាំ​នេះ​ “ជា​រឿង​សមហេតុ​ផល​” ក្រោយ​ពី​មិន​បាន​ដំឡើង​ប្រាក់​ខែ​សោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នោះ វា​ក៏អាច​ធ្វើ​ឲ្យ​មាន​ការ​រំពឹង​ទុក​ចំពោះ​​​ការ​ដំឡើង​ប្រាក់​ខែ​​ទៀត​ដែរ​​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

លោក​បាន​លើក​ឡើង​ទៀត​ថា “ដូច្នេះ​បញ្ហា​​​ទំនាក់​ទំនង​វិជ្ជាជីវៈ​​នឹង​កាន់​តែ​​សំខាន់​។ ប្រការ​ដែល​មាន​ការ​ព្រមព្រៀង​គ្នា​ [លើ​ការ​ដំឡើង​ប្រាក់​ខែ​នៅ​ឆ្នាំ​នេះ​] គឺ​ថា ពេល​នេះ​យើង​មាន​យន្តការ​មួយ​សម្រាប់​ចរចា​។ ខ្ញុំគិត​ថា ​គេ​នឹង​រំពឹង​ថាយន្ត​ការ​នេះ​អាច​ប្រើ​ប្រាស់​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ជា​យន្ត​ការ​ដែល​យើង​អាច​​ចរចា​គ្នា​ជា​ប្រចាំ​បាន​ ដើម្បី​កុំឲ្យ​មាន​របៀប​ដោះស្រាយ​បែប​នេះ​ ដែល​ដំឡើង​ប្រាក់​ខែគោល​ហើយ​ បន្ទាប់​មក​ភ្លេច​គិត​ពី​វា​រហូត​ដល់​មាន​វិបត្តិ​ ឬបាតុកម្ម​ផ្ទុះ​​ឡើង​លើក​ក្រោយ​”។

លោក ជែន ហ៊ែនសេន បាន​មាន​ប្រសាសន៍​ថា ការ​បង្អង់​ល្បឿន​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ និង​កសិកម្ម​​កាលពី​ឆ្នាំ​មុន​ ក៏​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​ជាង​មុន​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ “ដែល​ជាញឹក​ញាប់​បាន​បង្ហាញពី​និន្នាការ​បង្កើត​វដ្ដសេដ្ឋកិច្ច ហើយ​ពេល​ខ្លះ​ក៏​បង្ហាញពី​ភាព​ងាយ​រងគ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​​ដែរ ដូច្នេះ​កត្តា​នេះ​តម្រូវ​ឲ្យ​​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជាង​មុន​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​​ និង​បណ្ដា​បញ្ញត្តិករ​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​”។

លោក​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឃ្លាំមើល​ដោយ​យក​ចិត្តទុក​ដាក់​ដែរ​​ចំពោះ​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នូវ​ឥណទាន​ឯកជន​ ដែល​បាន​កើន​ឡើង​​ពី​៤៥​ភាគរយ​ជា​ចំណែក​នៃ​ GDP ក្នុង​ឆ្នាំ​២០១៣ ជិត​ដល់​​៥៥​ភាគ​​រយ​កាលពី​ឆ្នាំ​មុន។

លោក​បាន​បន្ត​ថា “កម្រិត​នេះ​ក៏​ខ្ពស់​ខ្លាំង​ដែរ​សម្រាប់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​មធ្យម​ ដូច្នេះ​កត្តា​នេះ​បង្ហាញពី​លទ្ធភាព​នៃ​ភាពងាយ​រងគ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​ក្រោយ”។

ពាក់​ព័ន្ធ​នឹង​ទស្សនវិស័យ​របស់​កម្ពុជា​ហួស​ពី​ឆ្នាំ​២០១៦ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​នេះ​ទំនង​ជា​នឹង​​បន្ត​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ចដែលតូច​ចង្អៀត​របស់​ខ្លួន​យ៉ាង​សន្សឹមៗ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ធុនស្រាល ហើយ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់​ថ្នាក់​តំបន់ និង​ពិភព​លោក​។

ទស្សនវិស័យ​របស់​ធនាគារ​​អភិវឌ្ឍន៍អាស៊ី​​ ជំរុញ​ឲ្យ​កម្ពុជា​បង្កើន​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​​ អភិវឌ្ឍជំនាញ​ដល់​​​កម្លាំង​ការ​ងាររបស់​ខ្លួន​ ហើយ​បង្កើន​គ្រឿង​លើក​ទឹក​ចិត្ត​សម្រាប់​វិនិយោគទុន​បរទេស​។ ធនាគារ​នេះ​លើក​ឡើង​ថា តំបន់​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ បាន​ជួយ​ទាក់ទាញ​វិនិយោគិន​ ប៉ុន្តែ​មាន​ភ័ស្តុ​តាង​តិច​តួច​ណាស់​ដែល​បង្ហាញ​ថា ក្រុម​ហ៊ុន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ទាំង​នោះ​ទទួល​បាន​លទ្ធផល​​ល្អ​ប្រសើរ​ជាង​ក្រុម​ហ៊ុន​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ចពិសេស។

ការ​មក​ដល់​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​​នៅ​ដំណាច់​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ប្រកួត​ប្រជែង នៅពេល​របាំង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ចាប់​ផ្ដើម​ធ្លាក់​ចុះ​។

លោក អេរិក ស៊ិចវិក បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ការ​រីក​ចម្រើន​​ដើម្បី​ត្រៀម​ខ្លួន​​ជា​ស្រេច​ ដែល​​យ៉ាង​ហោច​ណាស់​ក៏​មាន​នៅ​លើ​ក្រដាស​ដែរ​ ហើយ​ថា របាំង​ពាណិជ្ជកម្ម​ដែល​មាន​ស្រាប់​នឹង​ធ្លាក់​ចុះ​បន្តិច​ម្ដងៗ។

លោក​ថ្លែង​ថា “សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ និង​ពិភព​លោក​​ឡើុយ​ ហើយ​សម្រាប់​កម្ពុជា​នៅ​ថ្ងៃទី១ ខែ​មករា នឹង​មិន​ខុស​គ្នា​ខ្លាំងប៉ុន្មាន​ទេ​បើ​ធៀប​ទៅ​នឹង​​ថ្ងៃទី​៣១​ ខែធ្នូ”។

លោក​ អេរិក ស៊ិចវិក និងលោក ជែន ហ៊ែនសេន ​ក៏​បាន​គូស​បញ្ជាក់ដែរ​អំ​​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេដ្ឋកិច្ច​រីក​ចម្រើន​របស់​ប្រទេស​។

ទោះបីជា​វិសមភាព​​បាន​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​ក្ដី ក៏​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ដែល​ស្ថិត​នៅ​លើ​ខ្សែបន្ទាត់​នៃភាពក្រីក្រ​ផ្លូវ​ការ ស្ទើរ​តែ​គេច​មិន​ផុត​ពី​វិសមភាព​នេះ​​ដដែល។

លោក​ អេរិក ស៊ិចវិក បាន​ថ្លែង​ថា “បញ្ហា​ប្រឈម​សម្រាប់​កំណើន​​របស់​កម្ពុជា​គឺ​កំណើន​ដែល​មាន​ការ​រាប់​បញ្ចូល​ច្រើន​ជាង​មុន​។ នោះ​មាន​ន័យ​ថា មនុស្ស​កាន់​តែ​ច្រើន​អាច​ទទួល​បានកំណើន​នេះ ហើយ​មាន​​ឱកាស​ទទួល​បាន​កំណើន​។ ជាក់​ស្ដែង ​អត្រាកំណើន​កាន់​តែ​ខ្ពស់​ ឱកាស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ក៏មាន​កាន់​តែ​ខ្ពស់ដែរ​​ ប៉ុន្តែ​វា​មិន​ដោយ​ស្វ័យ​ប្រវត្តិ​ទេ”៕ សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស