នគរបាលបាននិយាយកាលពីម្សិលមិញថា កុមារបួននាក់បានរងរបួស ដែលពីរនាក់ក្នុងចំណោមពួកគេរបួសធ្ងន់ បន្ទាប់ពីពួកគេលេងគ្រាប់មិនទាន់ផ្ទុះ នៅជិតសាលារៀនរបស់ខ្លួនស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាបកាលពីថ្ងៃអង្គារ។
លោក តូច សាកល អធិការនគរបាលស្រុកបានមានប្រសាសន៍ថា កុមារទាំងបួននេះបានឃើញគ្រាប់ផលិតនៅប្រទេសចិននេះលាក់នៅក្នុងដើមឈើមួយដើមខាងក្រៅសាលារបស់ខ្លួន ដែលជាបន្ទាយទាហានរដ្ឋាភិបាលអំឡុងសង្គ្រាមស៊ីវិលប្រឆាំងខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នៅក្នុងឃុំពង្រក្រោម។
លោកបានមានប្រសាសន៍ថា “នៅក្នុងស្រុកជីក្រែង វាកម្រមានយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្ទុះណាស់ ប៉ុន្តែនៅពេលនេះ វាបានកើតឡើងពីព្រោះក្មេងប្រុសទាំងនេះមិនដឹងថា វាជាអ្វីនោះឡើយ”។
លោក សាកល បានមានប្រសាសន៍ថា ក្មេងប្រុសទាំងបួននាក់នេះឈ្មោះ ដា វុធ អាយុ១០ឆ្នាំ ជា ចិត្ត អាយុ១៣ឆ្នាំ ហេង សៀងហៃ អាយុ១២ឆ្នាំ និង ហ៊ុន រឿន អាយុ១២ឆ្នាំ បានព្យាយាមសម្អាតធូលីជាប់គ្រាប់មិនទាន់ផ្ទុះនោះ ដោយយកដំបងវាយដើម្បីយកទៅលក់ឲ្យអេតចាយ។
លោកបានមានប្រសាសន៍ថា “វាជាលើកទី១ហើយ ដែលសិស្សសាលាបួននាក់រងរបួសដោយការដំគ្រាប់មិនទាន់ផ្ទុះយកទៅលក់ឲ្យអេតចាយ”។ លោកបានបន្ថែមថា ក្មេងទាំងនេះចេញលេង ហើយបានរត់លេងនៅក្បែរបរិវេណសាលា។
លោក សាកល បានមានប្រសាសន៍ថា ក្មេងប្រុសទាំងនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកុមារអង្គរក្នុងស្រុកសូទ្រនិគម កាលពីម្សិលមិញបន្ទាប់ពីត្រូវសម្រាកព្យាបាលនៅមណ្ឌលសុខភាពក្នុងមូលដ្ឋានកាលពីថ្ងៃអង្គារ។ លោកវេជ្ជបណ្ឌិត អង សំអុល ដែលព្យាបាលកុមារទាំងនេះនៅមន្ទីរពេទ្យអង្គរនោះបានមានប្រសាសន៍ថា ដា វុធ និង ហ៊ុន រឿន បានមកសម្រាកព្យាបាល ហើយបានបញ្ជូនទៅផ្ទះវិញហើយ។
ប៉ុន្តែ ជា ចិត្ត និង ហេង សៀងហៃ បានរងរបួសធ្ងន់ត្រង់ដៃនិងជើង។ លោកបានមានប្រសាសន៍ថា “ខ្ញុំត្រូវអបដៃរបស់គេ។ មានការហូរឈាមច្រើន។ របួសនេះធ្ងន់ធ្ងរណាស់”។
លោកវេជ្ជបណ្ឌិត សំអុល បានមានប្រសាសន៍ថា បន្ទាប់ពីស្ថានភាពជំងឺរបស់ពួកគេនៅនឹង ហើយផ្តល់ថ្នាំបំបាត់ការឈឺចាប់ដល់ពួកគេមក ពួកគេត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យកុមារគន្ធបុប្ផាក្នុងក្រុងសៀមរាប ដែលនៅទីនោះពួកគេធូរស្រាលច្រើនហើយ។ លោកបានមានប្រសាសន៍ថា “ស្ថានភាពជំងឺរបស់ពួកគេមិនអីទេ កាលពីម្សិលមិញ នៅពេលយើងបានបញ្ជូនពួកគេតាមរថយន្តសង្គ្រោះបន្ទាន់របស់យើង”៕សារុន