លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិ នឹងមិនធ្វើការតវ៉ានៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃេនះ នឹងមិនបញ្ជូនមន្ត្រីជាន់ខ្ពស់ណាមួយទៅទីនោះដើម្បីតវ៉ាជំទាស់ទៅនឹងសវនាការជំនុំជម្រះតាមការគ្រោងទុកលើសមាជិករបស់ខ្លួន១១នាក់ ជុំវិញការចោទប្រកាន់ពីបទ”កុបកម្ម” នោះឡើយ។
ការចោទប្រកាន់ទាំងនេះត្រូវបានធ្វើឡើងកាលពីឆ្នាំមុន ប្រឆាំងលោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ និងសកម្មជនគណបក្ស១០នាក់ទៀតពាក់ព័ន្ធការចូលរួមរបស់ពួកគេនៅការតវ៉ាកាលពីថ្ងៃទី១៥ ខែកក្កដា នៅទីលានប្រជាធិបតេយ្យដែលបានក្លាយជាហិង្សា ដែលក្នុងនោះក៏ឈានដល់ការចោទប្រកាន់ស្រដៀងគ្នានេះលើសមាជិកសភាគណបក្សសង្គ្រោះជាតិប្រាំពីររូបទៀតផងដែរ។
លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិក និងសកម្មជនបួននាក់ទៀតត្រូវបានជាប់ពន្ធនាគារចាប់តាំងពីឆ្នាំមុនមក។
លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង បានលើកឡើងថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងដើម្បីភ្ជាប់គណបក្សសង្គ្រោះជាតិនៅក្នុងការពិភាក្សាអំពីកំណែទម្រង់ការបោះឆ្នោតនៅពេលខាងមុខ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធ ហើយក៏បានគំរាមចាប់ខ្លួនលោក កឹម សុខា ប្រសិនបើលោកដឹកនាំការតវ៉ាឲ្យដោះលែងលោក សុវណ្ណារ៉ា ។
លោក បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា មិនមានការតវ៉ាដូចនោះនៅតុលាការទេ ហើយថា លោក និងលោក កឹម សុខា ជាប់រវល់ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។
លោកបានមានប្រសាសន៍ថា “ចំពោះករណីនេះ មេធាវីការពារនឹងទទួលខុសត្រូវចំពោះសវនាការជំនុំជម្រះនោះ ដើម្បីជួយដល់សកម្មជនទាំងនោះ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដែលពួកគេមិនមានទោសអ្វីសោះ”។
លោកបានបន្ថែមថា “យើងមិនមានគម្រោងទេ ហើយខ្ញុំមិនដឹងអំពីរឿងនេះឡើយប្រសិនបើមានសាធារណជនមួយចំនួននោះ វាជាសិទ្ធិរបស់ពួកគាត់”។
លោក សុខ ទូច អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា ការនៅស្ងៀមរបស់គណបក្សសង្គ្រោះជាតិមិនតវ៉ានឹងការចាប់មន្ត្រីរបស់ខ្លួនដាក់ពន្ធនាគារដោយមានបំណងមិនចង់បង្កបញ្ហាដល់គណបក្សប្រជាជនកម្ពុជា ខណៈដែលកំណែទម្រង់ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីរង់ចាំការអនុម័តនៅឡើយ។
លោកសុខ ទូច បានមានប្រសាសន៍ថា “មានហេតុផលពីរ ដែលគណបក្សប្រឆាំងនៅស្ងៀមស្ងាត់។ ទី១ពីព្រោះឥឡូវនេះសមាជិកសភាទាំងនេះមានអភ័យឯកសិទ្ធិ ដែលជាខែលដ៏រឹងមាំការពារពួកគេ”។
លោកបានបន្ថែមថា “ទី២ ទាក់ទងការបង្កើតក្រុមភាគតិច និងភាគច្រើនកាលពីពេលថ្មីៗនៅរដ្ឋសភាដែលក្នុងនោះមេដឹកនាំគណបក្សទាំងពីរប្រើវប្បធម៌នៃការពិភាក្សា ដើម្បីជួបគ្នាដោះស្រាយបញ្ហា”។ “ដូច្នេះប្រសិនបើគណបក្សប្រឆាំងធ្វើការតវ៉ា វានឹងប៉ះពាល់ដល់វប្បធម៌នៃការពិភាក្សា”។
លោក កឹម សុខា បានត្រឡប់មកពីសហរដ្ឋអាមេរិកវិញកាលពីយប់ថ្ងៃពុធ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយពីការគំរាមចាប់ខ្លួនលោករបស់លោក ហ៊ុន សែន ឡើយ។
លោក កឹម សុខា បានប្រាប់អ្នកយកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា “ខ្ញុំមិនចាប់អារម្មណ៍ក្នុងការអត្ថាធិប្បាយពីរឿងនោះឡើយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំកំពុងគិតអំពីពេលអនាគតតែប៉ុណ្ណោះ ហើយខ្ញុំមានការពិភាក្សាជាមួយលោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ ហើយយើងនឹងជ្រើសរើស និងត្រៀមបេក្ខជនរបស់យើងសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នោះគឺជាបញ្ហាសំខាន់”៕សារុន