33 C
Phnom Penh

សាលាដំបូង​​​រាជ​​​ធានី​​​ចាប់​​​ផ្តើម​​​សវនាការ​​​ជុំ​​​នះ​​​ជម្រះ​​​សកម្ម​​​ជន​​​ និង​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ពីបទ​​​កុបកម្ម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ សាសា​​​ដំបូង​​​រាជធានីភ្នំពេញ​​​បាន​​​ចាប់​​​ផ្តើម​​​បើក​​​សវនាការ​​​ជំនំុ​​​ជម្រះ​​​​​​​​​​​សកម្មជន​​​ និង​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​១១រូប​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​ដឹក​​​នាំ​​​ ឬ​​​ចូល​​​រួម​​​កុបកម្ម​ ដោយ​​​ព្រះរាជ​​​អាជ្ញា​​​សាក​​​សួរ​​​តែ​​​ពីរ​​​រូប​​​​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​ជន​​​សង្ស័យ​​​​​​​​ទាំង​​​នេះ​​​។​​​

លោក អឿ ណារិទ្ធ ជំនួយ​​​ការ​​​របស់​​​លោក​​​ស្រី​​​ មូរ សុខ​​​ហួរ​​​ ប្រធាន​​​កិច្ច​​​ការ​​​សាធារណៈ​​​របស់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​លោក ឃិន ចំរើន​​​ ប្រធាន​​​ចលនា​​​យុវជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ត្រូវ​​​បាន​​​​​​ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះសាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​ កោះ​​​ហៅ​​​ឲ្យចូល​​​​​​ឆ្លើយ​​​បំភ្លឺ​​​ជុំ​​​វិញ​​​ហេតុ​​​ការណ៍​​​​​​កើត​​​ឡើង​​​កាល​​​ពីថ្ងៃ​​​ទី​​​១៥ ខែកក្កដា ដែល​​​នៅ​​​ពេល​​​នោះការ​​​តវ៉ា​​​មួយ​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​បើក​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ដែល​​​មាន​​​ស្រះលួស​​​បន្លាព័ទ្ធ​​​​​​​​​ជុំ​​​ជិត​​​ បាន​​​ផ្ទុះ​​​ការ​​​វាយ​​​តប់​​​គ្នា​​​រវាង​​​សន្តិសុខ​​​ខណ្ឌ និង​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​។ ជ​​​ន​​​ជាប់​​​ចោទ​​​ទាំង​​​នេះ​​​ប្រឈម​​​ការ​​​ជាប់​​​ពន្ធនាគារ​​​រហូត​​​ដល់ទៅ​​​៣០​​​ឆ្នាំ​​​ ប្រសិន​​​បើ​​​តុលាការ​​​រក​​​ឃើញ​​​ថា ពួកគាត់​​​មាន​​​ពិរុទ្ធភាព​​​ដូច​​​ការ​​​ចោទ​​​ប្រកាន់​​​មែននោះ​​​។

លោក អឿ ណារិទ្ធ បាន​​​បញ្ជាក់​​​អះ​​​អាង​​​ជា​​​ថ្មី​​​​​​ម្តង​​​ទៀត​​​ថា លោក​​​មិន​​​បាន​​​ប្រព្រឹត្ត​​​ និង​​​មិន​​​បាន​​​ជំរុញ​​​ឲ្យ​​​ប្រើ​​​​​​អំពើ​​​ហិង្សា​​​ទេ​​​​​​នៅ​​​ក្នុង​​​ហេតុការណ៍​​​នោះ​​​ ដែល​​​​​​ជា​​​លើក​​​ដំបូង​​​​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​វាយ​​​បក​​​ទៅ​​​លើ​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ ​​​ដែល​​​ធ្លាប់​​​តែ​​​បំបែក​​​បាតុកម្ម​​​យ៉ាង​​​ព្រៃ​​​ផ្សៃ បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏​​​ចម្រូង​​​ចម្រាស​​​នៅ​​​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣។

លោក​​​បាន​​​ប្រាប់​​​​​​អ្នក​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​សាល​​​សវនាការ​​​ថា “ខ្ញុំ​​​​​​ទៅ​​​ស្ពាន​​​នាគ​​​ដើម្បី​​​ចូល​​​រួម​​​ [ការ​​​តវ៉ា​​​] សុំ​​​ដោះ​​​លែង​​​ទី​​​លាន​​​ប្រជាធិបតេយ្យ​​​”។

រូប​​​ភាព​​​វីដេអូ​​​ដែល​​​គេ​​​បង្ហោះ​​​​​​ព្រោង​​​ព្រាត​​​តាម​​​អីុនធើណិត​​​ក្រោយ​​​កើត​​​មាន​​​ហេតុការណ៍​​​នេះ ​​​បង្ហាញ​​​ពី​​​​​​សកម្ម​​​ជន​​​គណបក្ស​​​ប្រឆាំង​​​ដាក់​​​បដា​​​ពណ៌ទឹក​​​ក្រូច​​​ដ៏​​​ធំ​​​មួយ​​​ផ្ទាំង​​​​​​សរសេរ​​​ថា “ដោះ​​​លែង​​​ទីលាន​​​ប្រជាធិបតេយ្យ​​​” លើ​​​របាំង​​​ដែក​​​លួស​​​បន្លា​​​នៅ​​​ជ្រុង​​​ខាង​​​កើត​​​នៃ​​​ទី​​​លាន​​​​​​ប្រជា​​​ធិបតេយ្យ​​​​​​។ មិន​​​យូរ​​​ប៉ុន្មាន​​​ សន្តិសុខ​​​បាន​​​ហែក​​​បដា​​​នោះ​​​ចោល​​​ ហើយ ​​​ចាប់​​​ផ្តើម​​​ប្រើ​​​ដំបង​​​រុញ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​ចេញ​​​។

បន្ទាប់​​​ពី​​​​​​រង​​​ការ​​​វាយ​​​ដំរយៈ​​​ពេល​​​ជា​​​ច្រើន​​​ខែ​​​​​​ពី​​​សំណាក់​​​​​​ក្រុម​​​សន្តិសុខ​​​ហិង្សា​​​ដែល​​​វាយ​​​មនុស្ស​​​មិន​​​រើស​​​មុខ រួម​​​ទាំង​​​ស្ត្រី​​​ និង​​​ព្រះ​​​សង្ឃ​​​ផង​​​អំឡុង​​​ពេលមាន​​​ភាព​​​តាន​​​តឹង​​​ក្រោយ​​​​​​ការ​​​បោះ​​​ឆ្នោតនោះ​​​ ក្រុម​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​វាយ​​​ត​​​ប​​​វិញ​​​ធ្វើ​​​ឲ្យ​​​សន្តិសុខ​​​មួយ​​​ចំនួន​​​ដាច់​​​ហ្វូង​​​ ហើយ​​​ពួក​​​គេ​​​បាន​​​វាយ​​​សន្តិសុខ​​​ទាំង​​​នោះ​​​ឲ្យរង​​​របួស​​​ធ្ងន់​​​។

សកម្មភាព​​​ទាំងអស់​​​នេះ​​​ត្រូវ​​​បាន​​​លាប​​​ពណ៌​​​ថា ជា​​​ការ​​​ប៉ុនប៉ង​​​ធ្វើ​​​កុបកម្ម​​​ ដោយ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រាំពីរ​​​រូបត្រូវ​​​​​​ជាប់​​​ពន្ធនាគារ​​​ដោយ​​​សារ​​​ការ​​​ចោទ​​​ប្រកាន់ទាំង​​​នេះ ហើយ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​ក្រោយ​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​នយោបាយ​​​កាល​​​ពីខែ​​​កក្កដា​​​រវាង​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ និង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។​​​​​​

លោក អឿ ណារិទ្ធ បានមានប្រសាសន៍​​​កាល​​​ពីម្សិល​​​មិញ​​​ថា សកម្មភាពរបស់​​​លោក​​​នៅ​​​ថ្ងៃ​​​​​​តវ៉ា គឺ​​​មិន​​​សម​​​ថា​​​លោក​​​ជា​​​អ្នក​​​ដែល​​​មាន​​​បំណង​​​ធ្វើ​​​កុបកម្ម​​​នោះ​​​ទេ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា “ខ្ញុំ​​​បាន​​​ស្រែក​​​ថា ‘កុំ​​​ប្រើ​​​អំពើ​​​ហិង្សា’ នៅ​​​ពេល​​​ខ្ញុំ​​​ឃើញ​​​សន្តិសុខ​​​វៃប្រជា​​​ពល​​​រដ្ឋ​​​។ លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត ​​​ខ្ញុំ​​​បាន​​​ជួយ​​​សន្តិសុខ​​​រង​​​របួស​​​ម្នាក់​​​ ហើយ​​​បាន​​​ការ​​​ពារ​​​គាត់​​​កុំ​​​ឲ្យ​​​គេ​​​វ៉ៃ​​​ទៀត​​​”។

ការ​​​រៀប​​​រាប់​​​របស់​​​សាក្សី​​​ និង​​​រូប​​​ភាព​​​បង្ហាញពី​​​ស្ថាន​​​ភា​​​​​​ព​​​នោះ ​​បង្ហាញ​​​ពី​​​ឥស្សរជន​​​ជាន់​​​ខ្ពស់​​​មួយ​​​ចំនួន​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ព្យាយាម​​​បញ្ឈប់​​​អំពើ​​​ហិង្សា​​​ ដោ​​​យយ៉ាង​​​ហោច​​​ណាស់​​​តំ​​​ណាង​​​រាស្ត្រ​​​មួយ​​​រូប​​​បាន​​​យក​​​ខ្លួន​​​របស់លោក​​​ធ្វើ​​​ជា​​​ខែល​​​មនុស្ស​​​ដើម្បី​​​ការ​​​ពារស​​​ន្តិសុខ​​​ខណ្ឌ​​​ទៀត​​​ផង។

នៅ​​​ឯសន្និសីទកាសែត​​​មួយ​​​ធ្វើ​​​ឡើង​​​ប៉ុន្មាន​​​ថ្ងៃ​​​ក្រោយ​​​ពី​​​ហេតុការណ៍​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នោះ​​​ លោក​​​ឈាង​​​ វុន តំណាង​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ បាន​​​ធ្វើ​​​ការ​​​​​​រៀបរាប់​​អំ​​​​ពី​​​​​​កុបកម្ម​​​ ដោយ​​​បញ្ចេញ​​​វីដេអូ​​​ឃ្លីប​​​ដែល​​​បង្ហាញ​​​​​​ពី​​​បាវ​​​ដង​​​ទង់ជាតិ​​​​​​ត្រូវ​​​គេ​​​​​​ចាក់​​​ចោល​​​​​​លើ​​​ផ្លូវ​​​ថ្នល់។ លោក ឈាង វុន បាន​​​អះអាង​​​ថា ដំបង​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​យក​​​ទៅ​​​កន្លែង​​​បាតុកម្ម​​​ ​​​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​អំពើ​ហិង្សា​ដែល​មាន​ការ​រៀប​ចំ​ជា​មុន​។

ទោះ​​​ជាយ៉ាង​​​ណា នៅ​​​ថ្ងៃ​​​កុបកម្ម​​​ដូច​​​ការ​​​ចោទប្រកាន់​​​​​​ក្រុម​​​បុរស​​​​​​ស្លៀក​​​ឯកសណ្ឋាន​​​​​​ពណ៌ទឹក​​​ប៊ិច​​​ចាស់​​​របស់​​​សន្តិសុខ​​​ខណ្ឌ​​​ ត្រូវ​​​គេ​​​មើល​​​ឃើញ​​​យក​​​បាវ​​​ដំបង​​​ចេញ​​​ពី​​​រថយន្ត​​​មួយ​​​គ្រឿង​​​របស់​​​សាលា​​​រាជ​​​ធានី​​​ ហើយ​​​ចែក​​​គ្នា​​​​​​ មុន​​​ពេល​​​ដើរ​​​សំដៅ​​​ទៅ​​​រក​​​ក្រុម​​​អ្នក​​​តវ៉ា​​​។

លោក អឿ ណារិទ្ធ បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “ខ្ញុំ​​​ឃើញ​​​សន្តិសុខ​​​ខណ្ឌ​​​កាន់​​​​ដំបង​​​​​​ជ័រ​​​ពណ៌​​​ខ្មៅ និង​​​ដំបង​​​ឫស្សី​​​”។

ការ​​​សាកសួរ​​​លោក​​​ ឃិន​​​ ចំរើន ប្រធាន​​​ចលនា​​​យុវជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចាប់​​​ផ្តើម​​​តែ​​​១៥នាទី​​​ប៉ុណ្ណោះ​​​មុន​​​ពេល​​​បិទ​​​នីតិវិធី​​​ជំនុំជម្រះ​​​​​​ ដោ​​​យ​​​លោក​​​រៀប​​​រាប់​​​ប្រាប់​​​តុលាការ​​​អំពី​​​ហេតុការណ៍​​​នោះ​​​ស្រដៀង​​គ្នា​​​​នឹ​ងការ​​​រៀប​​​រាប់​​​របស់​​​​​​លោក អឿ ណារិទ្ធ​​​ ដែរ​​​។

នៅ​​​ពេល​​​ព្រឹក​​​ តុលាការ​​​បាន​​​ជំនុំជម្រះ​​​ និង​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់​​​លោក អ៊ុក​​​ ពេជ្រសំណាង និង​​​លោក ទេព ណារិន ​​​ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​សកម្មជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រាំ​​​នាក់​​​​​​ ដែល​​​កំពុង​​​ជាប់​​​ពន្ធនាគា​​​នៅ​​​ឡើយ​​​។

ចៅក្រម​​​ជំនុំ​​ជម្រះ​​​អម​​​សាលាដំបូង​​​​​​រាជធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពួក​​​គាត់​​​ទាំង​​​ពីរ​​​មិន​​​អាច​​​​​​ដោះ​​​លែង​​​បាន​​​ទេ​​​​​​ ពីព្រោះ​​​លោក​​​ជឿ​​​ថា ពួក​​​គាត់​​​នឹង​​​មិន​​​គោរព​​​តាម​​​នីតិវិធី​​​របស់​​​តុលាការ​​​​​​ ដោយ​​​លើក​​​ឡើង​​​ថា ពួកគាត់​​​​​​ទាំង​​​ពីរ​​​មិន​​​បាន​​​ចូល​​​ខ្លួន​​​តាម​​​ការ​​​កោះ​​​ហៅ​​​របស់​​​នគរ​​​បាល​​​ចំនួន​​​ពីរ​​​លើក​​​រួច​​​មក​​​ហើយ​​​ មុន​​​ពេល​​​​​​ពួកគាត់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​។

នៅខាង​​​ក្រៅ​​​សាល​​​សវនាការ​​​ លោក មាជ សុវណ្ណារ៉ា ប្រធាន​​​ផ្នែក​​​ព័ត៌​​​មាន​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​មានប្រសាសន៍​​​ថា​​​ ថ្នាក់​​​ដឹក​​​នាំ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​អាច​​​នឹង​​​ឈាន​​​ដល់​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​ដើម្បី​​​បញ្ចប់​​​ការ​​​ឃុំ​​​ខ្លួន​​​​​​លោក​​​។

លោក​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ថា “ខ្ញុំ​​​គិត​​​ថា សវនាការ​​​នេះ​​​ពន្យា​​​រពេល​​​ដោយសារ​​​ហេតុផល​​​នយោបាយ​​​។ លោក សម រង្ស៊ី លោក កឹម សុខា និង​​​លោក ហ៊ុន សែន នឹង​​​ជួប​​​​​​គ្នា​​​នៅ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​។ ខ្ញុំ​​​សង្ឃឹម​​​ថា ការ​​​ចរចា​​​របស់​​​ពួក​​​គាត់​​​នឹង​​​បន្ត​​​វប្បធម៌​​​សន្ទនា”។

សូម​​​បញ្ជាក់​​​ថា សវនាការ​​​នេះ​​​នឹង​​​ធ្វើ​​​ឡើង​​​ជា​​​បន្ត​​​នៅ​​​ថ្ងៃទី​​​២០ ខែមេសា៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស