29 C
Phnom Penh

អ្នកភូមិ​​រាប់​រយ​នាក់​ធ្លាក់​ខ្លួន​ឈឺ​​ក្រោយពេល​​ពុល​​នំប៉័ង​សាច់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ទស្សនៈពិភព​លោក​​ (World Vision) និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នក​ភូមិ​ប្រហែល​៨០០​នាក់​​បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ​កាលពី​ថ្ងៃសៅរ៍ បន្ទាប់​ពី​ហូប​នំប៉័ងសាច់​​​នៅ​ក្នុង​កម្មវិធី​មួយ​រៀបចំ​ឡើង​ដោយ​អង្គការ​ទស្សនៈ​ពិភព​លោក​​​​ស្ដីអំពី​ភាព​គ្រោះ​ថ្នាក់​នៃ​ពលកម្ម​កុមារ​។

យោង​តាម​លោក ចាន់ភក្ត្រា ហុង បុគ្គលិក​ផ្នែក​ទំនាក់​ទំនង​​សាធារណៈ​នៅ​អង្គការ​​ទស្សនៈ​ពិភព​លោក​​បាន​ឲ្យ​ដឹង​ថា អ្នកភូមិ​ប្រហែល​១២០​នាក់​កំពុង​ត្រូវ​បាន​​ព្យាបាល​នៅឡើយ​នៅ​​តាម​គ្លីនិក​ក្នុង​មូលដ្ឋាន​កាលពី​រសៀល​ម្សិលមិញ ដោយភាគ​ច្រើន​មាន​ភាព​​ល្ហិត​ល្ហៃ​​​​ដោយសារ​​ការ​ពុល​​​​នំប៉័ង​សាច់​​ ដែល​គេ​យក​មក​ចែក​អំឡុង​កម្មវិធី​នេះ​ក្នុង​ឃុំពង្រលើ ស្រុក​ជីក្រែង​។

លោក ហុង បាន​ឲ្យ​ដឹង​ទៀត​ថា អង្គការ​ដែល​ទទួល​បាន​ជំនួយ​​ពី​សាសនា​គ្រិស្ត​មួយ​នេះ​កំពុង​តែធ្វើ​ការ​ជាមួយ​​គ្លីនិក​ និង​មន្ទីរពេទ្យ​តាម​មូលដ្ឋាន​ ដើម្បី​ធានា​ឲ្យ​បាន​ថា មាន​កន្លែង​​​និង​បុគ្គលិក​គ្រប់គ្រាន់​​សម្រាប់​ព្យាបាល​អ្នក​ភូមិ​កំពុង​មាន​ជំងឺ​ ហើយ​បាន​រៀបចំ​រថយន្ត​សង្គ្រោះ​បន្ទាន់​ ដើម្បី​ដឹក​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​​​ប្រសិន​បើ​ស្ថានភាព​របស់ពួកគាត់​កាន់​តែ​ធ្ងន់ធ្ងរ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពលរដ្ឋ​ខ្លះ​ឈឺ​ខ្លាំង​ គឺ​មាន​ន័យ​ថា ពួកគាត់​​ល្ហិត​ល្ហៃ​ខ្លាំង ហើយ​មាន​អារម្មណ៍​ថា​មិន​អាច​កម្រើក​ខ្លួន​បាន​ ហេតុ​ដូច្នេះពួកគាត់​ចាំ​បាច់​ត្រូវ​តែ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ ដើម្បី​ទទួល​ការ​ព្យាបាល​បន្ថែម​”។ លោក​បាន​បន្ថែម​ទៀត​ថា គេ​ក៏​បាន​បោះ​តង់​នៅ​ក្នុង​សហគមន៍​ដើម្បីព្យាបាល​អ្នកភូមិ​ដែល​ឈឺ​ផង​ដែរ​។

លោក ហុង ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “យើង​នឹង​បន្ត​តាម​ដាន​ស្ថានភាព​នេះ​តទៅ​មុខ​ទៀត​ ប៉ុន្តែ​ចំនួន​នៃ​ពលរដ្ឋ​ដែល​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​កំពុង​តែ​ថយ​ចុះជា​បណ្ដើរៗ​ហើយ ហេតុ​ដូច្នេះ​យើង​សង្ឃឹម​ថា ​​វា​នឹង​មាន​ភាព​ល្អ​ប្រសើរ​នៅ​ថ្ងៃ​ស្អែក​”។

លោក តឹង វិសាល ​គ្រូបង្រៀន​ម្នាក់​អាយុ​២៨​ឆ្នាំ ដែល​ស្ថិត​ក្នុង​ចំណោម​អ្នកពុល​អាហារ​​បាន​លើក​ឡើង​ថា លោក​បាន​ចាប់​ផ្ដើម​ឈឺ​កាលពី​យប់​ថ្ងៃសៅរ៍ ហើយ​បាន​ទៅ​ពេទ្យ​បង្អែក​​ស្រុក​កាលពី​ព្រឹក​ម្សិលមិញ។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​ហូប​នំប៉័ង​សាច់​នៅ​ពេល​ព្រឹក ហើយ​បន្ទាប់​មក​នៅពេល​យប់​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ក្ដៅខ្លួន​ ចុក​ពោះ ក្អួត​ចង្អោរ និង​រាគរុស”។ លោក​បាន​បន្ថែម​ថា លោក​ចេញ​ពី​ពេទ្យ​ត្រឡប់​មក​ផ្ទះវិញ​នៅ​រសៀល​ម្សិលមិញ។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​អង្គការ​ទស្សនៈពិភព​លោក​​​បាន​ឲ្យ​ដឹង​ថា នំប៉័ង​សាច់​ទាំង​នេះ​ផ្ដល់​ដោយ​ក្រុម​យុវជន​មូលដ្ឋាន​​ដែល​​រៃអង្គាស​ប្រាក់​យក​មក​ឧបត្ថម្ភ​អាហារ​​សម្រាប់​កម្មវិធី​នៅ​ក្នុង​តំបន់​នេះ​។

សេចក្ដី​ថ្លែងការណ៍​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “អាហារ​សម្រន់​ត្រូវ​បាន​រៀបចំ​ដោយ​ក្រុម​យុវជន​នៅ​ក្នុង​ស្រុក​ជីក្រែង ដែល​អង្គការ​ទស្សនៈពិភព​លោក​​ជា​អ្នក​ចំណាយ​ប្រាក់​”។

លោក ពៅ ប៊ុនធឿន អភិបាល​ស្រុក​នេះបាន​លើក​ឡើង​ថា មូលហេតុពិត​ប្រាកដ​នៃ​ការ​ធ្វើ​ឲ្យ​មាន​ការ​ពុល​អាហារ​នេះ​គេ​នៅ​មិនទាន់​​ដឹង​នៅ​ឡើយទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ទាន់​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​នៅ​ឡើយ​ទេ ព្រោះ​នៅ​ក្នុង​នុំប៉័ង​សាច់​​មាន​គ្រឿង​ផ្សំ​ជាច្រើន​ ដូច​ជា ជ្រក់ សាច់ជ្រូក​ចិញ្ច្រាំ សាច់​ប៉ាតេ និង​ទឹក​ម្ទេស​ជាដើម​។

លោក ប៉ែន ផល្គុន ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​នេះ​បាន​លើក​ឡើង​ថា ​​បាក់តេរី​​នៅ​ក្នុង​នុំប៉័ង​សាច់​គឺ​ជា​រឿង​ដែល​ត្រូវ​បន្ទោស​ ប៉ុន្តែ​លោក​មិន​ដឹង​ថា ​តើ​គ្រឿង​ផ្សំ​ណាមួយ​ដែល​មាន​ផ្ទុក​បាក់តេរី​នោះឡើយ។

លោក​បានមាន​ប្រសាសន៍​ថា “វា​បង្ក​ឡើង​ដោយ​អាហារ​ដែលពួកគាត់​ហូប​ អាហារ​​ត្រូវ​បាន​​ធ្វើ​ខូច​ដោយ​បាក់តេរី​ ហើយ​វា​​ប្រហែល​ជា​ដោយ​សារ​ជ្រក់ ឬក៏​សាច់​ប៉ាតេ ព្រោះ​ថា គ្រឿង​ផ្សំ​ទាំង​នេះ​ងាយ​នឹង​កើត​បាក់​តេរី​ណាស់​ ព្រោះ​​គេ​ប្រើ​ដៃ​ដើម្បី​ធ្វើ​វា​”។

លោក សត ណាឌី ស្នង​ការ​នគរ​បាល​ខេត្ត​នេះ​បាន​លើក​ឡើង​ថា ​សំណាក​នុំប៉័ង​សាច់​ត្រូវ​បាន​បញ្ជូនទៅ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​នគរ​បាល​​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​​ត្រួតពិនិត្យ​។ លោក​បាន​លើក​ឡើង​ទៀត​ថា ហាង​ដែល​​ធ្វើ​​នុំប៉័ង​នេះ​ត្រូវ​បាន​បិទ​ទ្វារ​បណ្ដោះ​អាសន្ន​កាល​ពីថ្ងៃសៅរ៍ ប៉ុន្តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​បន្ទាប់ពី​អាជ្ញាធរ​​សន្និដ្ឋាន​ថា ​វា​មិន​មែន​ជា​ហាង​នេះ​ទេ ដែល​ជា​ប្រភព​ធ្វើ​ឲ្យ​មាន​ពល​រដ្ឋ​ឈឺ​ជាច្រើន​នាក់​នោះ​។

លោក ហុង បាន​​ឲ្យ​ដឹង​ទៀត​ថា ​មន្ត្រី​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ជឿ​ជាក់​ថា ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​គេ​ប្រើ​សម្រាប់​បាញ់​​ត្រសក់​មុនពេល​គេ​យក​វា​មក​ជ្រក់​គឺ​ជា​រឿង​ដែល​ត្រូវ​បន្ទោស​។

តំណាង​ក្រុម​យុវជន​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​​ការ​ផ្ដល់​អាហារ​ និង​​ដែល​បដិសេធ​មិន​ប្រាប់​​ឈ្មោះ ប៉ុន្តែ​​លោក ហុង បាន​កំណត់​អត្តសញ្ញាណ​ថា ​” មានឈ្មោះ ស្រីអឿយ” នោះ​បាន​និយាយ​ថា នាង​ទិញ​នំប៉័ង​ពី​អ្នក​លក់​តាម​ចិញ្ចើម​ផ្លូវ ហើយ​បាន​ធ្វើ​ជ្រក់​ និង​សាច់​ជ្រូក​ចិញ្ច្រាំដោយ​ខ្លួន​ឯង។

​នៅពេល​ត្រូវ​បាន​សួរ​ថា តើ​មូលហេតុ​អ្វី​ទៅ​ដែល​បង្ក​ឲ្យ​មាន​ការ​ពុល​អាហារ​នេះ នាង​បាន​និយាយ​ថា “ខ្ញុំ​អត់​ច្បាស់​ទេ” ហើយ​នាង​បាន​បង្វែរ​សំណួរ​បន្ថែម​ទៅ​អង្គការ​ទស្សនៈ​ពិភព​លោក​ ដែល​នាង​លើក​ឡើង​​ថា ​​បាន​សួរ​​ដេញដោល​នាង​អំពី​អាហារ​រួច​ហើយ​នោះ​។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន អង្គការ​ទស្សនៈពិភព​លោក​បាន​លើក​ឡើង​ថា ខ្លួន​មិន​ចង់​ឃើញ​ស្ថានភាព​បែប​នេះ​កើត​ឡើង​ម្ដង​ទៀត​ឡើយ​។

សេចក្ដី​ថ្លែងការណ៍​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​ដ៏​ហ្មត់ចត់​​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​ ដោយ​មាន​ការ​សហការ​ជាមួយ​ការ​ស៊ើបអង្កេត​របស់​នគរ​បាល​មូលដ្ឋាន​ ហើយ​លទ្ធផល​នៃ​ការ​រក​ឃើញ​​នឹង​ជួយ​ឲ្យ​អង្គការ​ទស្សនៈពិភព​លោក​អាច​ចាត់​វិធានការ​ជាក់​លាក់​ ដើម្បី​ធានា​ឲ្យ​បាន​ថា អាហារ​ដែល​ផ្ដល់​​សម្រាប់​កម្មវិធី​របស់​អង្គការ​ទស្សនៈ​ពិភព​លោក​មានសុវត្ថិភាព​”៕ ស៊ុយឈាង​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស