30.7 C
Phnom Penh

ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន អំពាវ​នាវ​ឲ្យ​បង្ក្រាប​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​​ពន្លឿន​​ការ​​បំបាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ខណៈ​កំពុង​មាន​ការ​ស៊ើបអង្កេត​​លើ​កង​រាជអាវុធ​ដែល​បើក​ការ​បាញ់​ប្រហារ​លើ​រថយន្ត​ធុនធំ​មួយ​គ្រឿង ដែល​បើកទម្លុះ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​កាលពី​ដើម​ខែ​នេះ​។

លោក​ លឹម ស៊ីដានីន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បាន​ចេញ​លិខិត​​ផ្ញើជូន​​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-ខេត្ត​​កាលពី​ថ្ងៃសុក្រ។

លិខិត​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចង់​​លើក​ឡើង​ពី​បញ្ហា​ពាក់​ព័ន្ធ​នឹង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​​រាជធានី-ខេត្ត​មួយ​ចំនួន​ ដែល​កំពុង​ធ្វើ​ការ​​ដើម្បី​​បំបាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់​តាម​ផ្លូវ”។

លិខិត​នេះ​បាន​បន្ថែម​ទៀត​ថា ទោះជាយ៉ាង​ណា នៅ​ក្នុង​ដែន​សមត្ថកិច្ច​មួយ​ចំនួន​នៅ​តែ​មាន​ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់ ហើយ​ក្រសួង​សូមស្នើ​ឲ្យ​អាជ្ញាធរ​​ដែល​គ្រប់​គ្រង​ដែន​សមត្ថកិច្ច​ទាំង​នោះ​ចាត់​វិធានការ​ “តឹង​រ៉ឹង” ដើម្បី​បំបាត់​ប៉ុស្តិ៍​ត្រួត​ពិ​និត្យ​ខុស​ច្បាប់ទាំង​នេះ។

នៅពេល​ទាក់ទង​កាលពី​ម្សិលមិញ លោក ស៊ីដានីន បាន​លើក​ឡើង​ថា មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ដែល​ត្រូវ​បាន​ប្រើ​ ដើម្បី​ជំរិត​ទារ​ប្រាក់​ពី​អ្នក​បើក​បរ​ ហើយ​ថា លិខិត​នេះ​ត្រូវ​បាន​​ចេញ​​បន្ទាប់ពី​មាន​ហេតុការណ៍​បាញ់​ប្រហារ​ក្នុង​ពេល​ថ្មីៗ​នេះ។

លោក​បានមាន​ប្រសាសន៍​ថា “យើង​ចេញ​លិខិត​នេះ​ដើម្បី​ប្រាប់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូនរាជធានី​-ខេត្ត​ឲ្យ​បំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ខុស​ច្បាប់ ព្រោះ​ថ្មីៗ​នេះ​មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់​ជាច្រើន ហើយ​វា​បាន​បង្ក​ឲ្យ​មាន​ការ​​បាញ់​ប្រហារ​នៅ​ក្នុង​​ខេត្ត​ត្បូងឃ្មុំ និង​ព្រៃវែង”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “យើង​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​​គោល​នយោបាយ​របស់​សម្ដេច​ [នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​] ព្រោះ​យើង​បាន​ហាម​ឃាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់​ជាយូរ​មក​ហើយ ប៉ុន្តែ​គេ​នៅ​តែ​បំពាន​ច្បាប់​”។

លោក​ ស៊ីដានីន បាន​បង្វែរ​សំណួរ​បន្ថែម​ទៅ​លោក គឹម បូរី អគ្គនាយកនៃ​​នាយកដ្ឋាន​សាធារណការ​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ លោក បូរី ​បាន​លើក​ឡើង​ថា លោក​មិន​ដឹង​ទេ​ថាតើ​មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់​ប៉ុន្មាន​នៅ​ទូទាំង​ប្រទេស​ ឬ​ថាតើ​​វា​បង្ក​បញ្ហា​​​តាម​របៀបណា​នោះ​។ លោក​ក៏​បាន​បដិសេធ​​មិន​រៀបរាប់​អំពី​ការ​បាញ់​ប្រហារ​ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ។

កាលពី​ថ្ងៃទី​១៩ ខែ​មីនា កង​រាជអាវុធ​ហត្ថ​នៅ​ក្នុង​ខេត្ត​ព្រៃវែង បាន​​បាញ់​ទម្លុះ​កញ្ចក់​មុខ​របស់​រថយន្ត​ធុនធំ​មួយ​គ្រឿង ដែល​បើក​ទម្លុះ​របាំង​​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ចំនួនពីរ​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ជា​ខេត្ត​ជាប់​ខេត្ត​ព្រៃវែង។ បន្ទាប់ពី​រថយន្ត​ធុនធំ​ត្រូវ​បាន​ឃាត់​ឲ្យ​ឈប់ គេ​បាន​ចាប់​ចង​​អ្នក​បើកបរ​ និងព្រូឡាន ហើយ​វាយ​ដំ​ពួកគេ​។ កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​បាន​បង្កើត​គណៈកម្មការ​ពិសេស​មួយ​ ដើម្បី​ស៊ើបអង្កេត​ហេតុការណ៍​នេះ​។

កាលពី​ម្សិលមិញ លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​​​វិវឌ្ឍ​នៃ​ការ​ស៊ើបអង្កេត​​របស់​គណៈកម្មការ​នេះ​ឡើយ ព្រោះការ​ស៊ើបអង្កេត​កំពុង​បន្ត​​នៅ​ឡើយ​។

លោក គឹម ផានី មេញ្ជាការ​រង​​កង​រាជអាវុធ​ហត្ថ​ខេត្ត​ព្រៃវែង​បាន​លើក​ឡើង​ថា មន្ត្រី​កង​រាជអាវុធ​ហត្ថ​ខេត្ត​ចំនួនបួន​នាក់​ត្រូវ​បាន​សង្ស័យ​ថា មានជាប់ពាក់ព័ន្ធ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ឡើយទេ ព្រោះ​ការ​ស៊ើបអង្កេត​កំពុង​បន្ត។

កាលពី​ឆ្នាំ​២០០០​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានគំរាម​ដក​ភ្លាមៗ​នូវ​មន្ត្រី​ណា​​ដែល​បង្កើត​​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​​​​​ច្បាប់​ដើម្បី​ទារ​ប្រាក់ពី​អ្នក​ធ្វើ​ដំណើរ​​។ តែ​ទោះជាយ៉ាង​ណា បើ​យោង​តាម​​លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ឲ្យ​ដឹង​ថា វា​នៅ​តែ​មាន​បញ្ហា​​ជាប់​រហូត​មក​។ ទោះបី​ជា​អង្គការ​នេះ​មិន​បាន​​​កត់ត្រា​​អំពី​​របាយការណ៍​ទាក់ទិន​នឹង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់​នេះ​ក៏ដោយ តែបញ្ហា​ភាគ​ច្រើន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម។

លោក អំ សំអាត បាន​លើក​ឡើង​ទៀត​ថា បញ្ហា​គឺ​វា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​​ដែល​ឈរ​ជើង​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ខុស​ច្បាប់​ ដែលជំរិត​​​ទារ​ប្រាក់​ពី​ទំនិញ​ដែល​​គួរ​តែ​ឆ្លង​កាត់​ដោយ​មិន​ចាំបាច់​បង់ប្រាក់​នោះ​។

លោក​បានមាន​ប្រសាសន៍​ថា “យើង​មិន​ទទួល​បាន​ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ទេ ប៉ុន្តែ​យើង​ទទួល​បាន​របាយការណ៍​អ្នក​រក​ស៊ី​​ដែល​រអ៊ូរទាំថា ខ្លួន​ត្រូវ​បង់ប្រាក់​សូម្បីតែ​ទំនិញ​របស់​ខ្លួន​ស្រប​ច្បាប់​ក៏ដោយ។ ពួកគេ​ [មន្ត្រី​] មិនមែន​ប្រមូល​ប្រាក់​សម្រាប់​ចូល​រដ្ឋទេ ប៉ុន្តែសម្រាប់​ខ្លួនឯង”៕ ស៊ុយឈាង​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស