29 C
Phnom Penh

តុលាការ​ចោទប្រកាន់​ជន​ជាតិ​វៀត​ណាម​៦នាក់​ពី​បទ​កាប់​ឈើ​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី​ កាលពី​ថ្ងៃ​សុក្រ​បាន​ចោទ​ប្រកាន់​ជនជាតិ​វៀតណាម​ប្រាំមួយ​នាក់ ពី​បទ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ស្រុក​អូរ​រាំង ដែល​ពួកគេ​ត្រូវ​បាន​តាម​ទាន់​ពេល​កំពុង​កាប់​ឈើ​សុក្រំ​ជា​ប្រភេទ​ឈើ​លេខ១ ​បន្ទាប់ពី​បាន​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ជំនួយ​ពី​​មន្ត្រី​យោធា​មូលដ្ឋាន​។

យោង​តាម​លោក គង់ ពុទ្ធារ៉ា ប្រធាន​ផ្នែក​​អភិរក្ស​ជីវចម្រុះ​​​​ក្នុង​ស្រុក​នេះ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​មកពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​បាន​ចាប់​ខ្លួន​អ្នក​ទាំង​​ប្រាំ​មួយ​នាក់​នេះ ក្នុង​ឃុំ​ស្រែ​ខ្ទុម​កាល​ពី​យប់​ថ្ងៃពុធ ខណៈ​ដែល​ពួកគេ​បាន​ឮ​សំឡេង​រណារ​ និង​ត្រាក់ទ័រ​ ដោយ​បាន​កាប់​ឈើ​ និង​ដឹក​ឈើ​មាន​តម្លៃ​តាម​រថយន្ត​កែច្នៃ​បី​គ្រឿង​។

លោក ពុទ្ធារ៉ា បាន​មាន​ប្រសាសន៍​ថា “ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​ល្បាត​ព្រៃ​​សហគមន៍​បាន​រាយការណ៍​ប្រាប់​យើង​ថា ជនជាតិ​វៀតណាម​មួយ​ចំនួន​បាន​ចូល​ព្រៃ​ដើម្បី​កាប់​ឈើ​”។ លោក​បាន​បន្ថែម​ថា ជន​​ទាំង​នេះ​មាន​បំណង​ដឹក​ឈើ​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​​សាកសួរ​ជនជាតិ​វៀតណាម​ទាំង​ប្រាំមួយ​នាក់​នេះ ហើយ​ពួកគេ​បាន​ប្រាប់​យើង​ថា មន្ត្រី​យោធា​ខេត្ត​ម្នាក់​​ឈ្មោះ រិទ្ធ បាន​បើក​ច្រក​ព្រំដែន​​ឲ្យ​ពួក​គេចូល​ប្រទេស​កម្ពុជា​ដើម្បី​កាប់​ឈើ​”។

លោក ឈិត ម៉េងស្រេង មេបញ្ជាការ​យោធា​ខេត្ត​បាន​​បញ្ជាក់​កាលពី​ម្សិលមិញ​ថា លោក អនុសេនីយ៍ត្រី សៅ រិទ្ធ អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជួយ​ឲ្យ​អ្នក​កាប់​ឈើ​ជន​ជាតិ​វៀតណាម​ទាំង​នេះ​ ប៉ុន្តែ​បាន​លើក​ឡើង​ថា មាន​តែ​តុលាការ​ប៉ុណ្ណោះ​​ទើប​អាច​សម្រេច​ថា តើ​គាត់​មាន​ទោស​ឬ​មិន​មាន​នោះ​។

លោក​ឧត្ដម​សេនីយ៍​ត្រី ម៉េងស្រេង បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ហៅ​គាត់​​​មក​អង្គ​ភាព​វិញ​ហើយ ហើយ​ខ្ញុំ​នឹង​បញ្ជូន​គាត់​ទៅ​តុលាការ…​ប្រសិន​បើ​ពួកគេ​ត្រូវ​ការ​សាកសួរ​គាត់​នៅ​ពេល​ណាមួយ​”។ លោក​បាន​បន្ថែម​ថា “ខ្ញុំ​តែង​តែ​ប្រាប់​មន្ត្រី​យោធា​ទាំង​អស់​កុំ​ឲ្យ​ធ្វើ​ខុស​ ពីព្រោះ​ពួកគេ​ប្រឈម​មុខ​នឹង​ច្បាប់​ ប៉ុន្តែ​ពួកគេ​មិន​ស្ដាប់​ខ្ញុំ​ទេ”។

លោក សូរ សុវិជ្ជា ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចោទ​ប្រកាន់​ជនជាតិ​វៀតណាម​ទាំង​ប្រាំមួយ​នាក់​នេះ​ពី​បទ​កាប់​ឈើ​ខុស​ច្បាប់​កាលពី​ថ្ងៃសុក្រ ហើយ​បាន​បញ្ជា​ឲ្យ​បញ្ជូន​ជន​ទាំង​នេះ​ទៅ​ពន្ធនាគារ​ខេត្ត​ដើម្បី​រង់​ចាំ​ការ​ជំនុំជម្រះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំង​នេះ​ហើយ ហើយ​យើង​បាន​​បញ្ជូន​ពួក​គេ​ទៅ​​លោក យ៉ា ណារិន ចៅក្រម​ស៊ើបសួរ​ដើម្បី​បន្ត​រឿង​ក្ដី​របស់​ពួកគេ​”៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស