ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា សាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃសុក្របានចោទប្រកាន់ជនជាតិវៀតណាមប្រាំមួយនាក់ ពីបទកាប់ឈើខុសច្បាប់ក្នុងស្រុកអូររាំង ដែលពួកគេត្រូវបានតាមទាន់ពេលកំពុងកាប់ឈើសុក្រំជាប្រភេទឈើលេខ១ បន្ទាប់ពីបានឆ្លងដែនចូលក្នុងប្រទេសកម្ពុជា ដោយមានជំនួយពីមន្ត្រីយោធាមូលដ្ឋាន។
យោងតាមលោក គង់ ពុទ្ធារ៉ា ប្រធានផ្នែកអភិរក្សជីវចម្រុះក្នុងស្រុកនេះបានឲ្យដឹងថា មន្ត្រីមកពីខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានចាប់ខ្លួនអ្នកទាំងប្រាំមួយនាក់នេះ ក្នុងឃុំស្រែខ្ទុមកាលពីយប់ថ្ងៃពុធ ខណៈដែលពួកគេបានឮសំឡេងរណារ និងត្រាក់ទ័រ ដោយបានកាប់ឈើ និងដឹកឈើមានតម្លៃតាមរថយន្តកែច្នៃបីគ្រឿង។
លោក ពុទ្ធារ៉ា បានមានប្រសាសន៍ថា “ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីក្រុមល្បាតព្រៃសហគមន៍បានរាយការណ៍ប្រាប់យើងថា ជនជាតិវៀតណាមមួយចំនួនបានចូលព្រៃដើម្បីកាប់ឈើ”។ លោកបានបន្ថែមថា ជនទាំងនេះមានបំណងដឹកឈើទៅប្រទេសកំណើតរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “យើងបានសាកសួរជនជាតិវៀតណាមទាំងប្រាំមួយនាក់នេះ ហើយពួកគេបានប្រាប់យើងថា មន្ត្រីយោធាខេត្តម្នាក់ឈ្មោះ រិទ្ធ បានបើកច្រកព្រំដែនឲ្យពួកគេចូលប្រទេសកម្ពុជាដើម្បីកាប់ឈើ”។
លោក ឈិត ម៉េងស្រេង មេបញ្ជាការយោធាខេត្តបានបញ្ជាក់កាលពីម្សិលមិញថា លោក អនុសេនីយ៍ត្រី សៅ រិទ្ធ អាយុ៣៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទជួយឲ្យអ្នកកាប់ឈើជនជាតិវៀតណាមទាំងនេះ ប៉ុន្តែបានលើកឡើងថា មានតែតុលាការប៉ុណ្ណោះទើបអាចសម្រេចថា តើគាត់មានទោសឬមិនមាននោះ។
លោកឧត្ដមសេនីយ៍ត្រី ម៉េងស្រេង បានមានប្រសាសន៍ថា “ខ្ញុំបានហៅគាត់មកអង្គភាពវិញហើយ ហើយខ្ញុំនឹងបញ្ជូនគាត់ទៅតុលាការ…ប្រសិនបើពួកគេត្រូវការសាកសួរគាត់នៅពេលណាមួយ”។ លោកបានបន្ថែមថា “ខ្ញុំតែងតែប្រាប់មន្ត្រីយោធាទាំងអស់កុំឲ្យធ្វើខុស ពីព្រោះពួកគេប្រឈមមុខនឹងច្បាប់ ប៉ុន្តែពួកគេមិនស្ដាប់ខ្ញុំទេ”។
លោក សូរ សុវិជ្ជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា លោកបានចោទប្រកាន់ជនជាតិវៀតណាមទាំងប្រាំមួយនាក់នេះពីបទកាប់ឈើខុសច្បាប់កាលពីថ្ងៃសុក្រ ហើយបានបញ្ជាឲ្យបញ្ជូនជនទាំងនេះទៅពន្ធនាគារខេត្តដើម្បីរង់ចាំការជំនុំជម្រះ។ លោកបានមានប្រសាសន៍ថា “យើងបានចោទប្រកាន់ជនសង្ស័យទាំងនេះហើយ ហើយយើងបានបញ្ជូនពួកគេទៅលោក យ៉ា ណារិន ចៅក្រមស៊ើបសួរដើម្បីបន្តរឿងក្ដីរបស់ពួកគេ”៕ សារុន