27 C
Phnom Penh

ក្មេង​ប្រុស​អាយុ​៧ឆ្នាំត្រូវ​បាន​រឹត​ក​សម្លាប់​បន្ទាប់ពី​ធាក់​​ក្មេង​ប្រុស​ក្បែរ​ខាង​ម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​មូលដ្ឋាន​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា បុរស​ម្នាក់​ក្នុង​ខេត្ត​កំពង់ចាម​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃសុក្រ​ពី​បទ​យក​ខ្សែ​នី​ឡុង​រ​ឹតក​ក្មេង​ប្រុស​អាយុ​៧ឆ្នាំ​ម្នាក់​ស្លាប់ ហើយ​យក​សាកសព​ទៅ​បោះ​ចោល​ក្នុង​ព្រែក​បន្ទាប់​ពី​ក្មេង​ប្រុស​រង​គ្រោះ​បាន​ធាក់​​ក្មួយ​ប្រុស​របស់​ខ្លួន​។

​យោង​តាម​លោក ជា ធារិទ្ធ អធិការ​នគរ​បាល​ស្រុក​ស្ទឹងត្រង់​បាន​ឲ្យ​ដឹង​ថា ហួង ប៊ុនថេន អាយុ​៣៣​ឆ្នាំ​​​ បាន​សារភាព​ប្រាប់​នគរ​បាល​ថា ខ្លួន​បាន​​សម្លាប់​ក្មេង​ប្រុស​ គង់ ពិសិដ្ឋ ប​ន្ទាប់​ពី​​ក្មេង​ប្រុស​រូប​នេះ​បាន​ធាក់​​ក្មួយ​ប្រុស​​អាយុ​៥​ឆ្នាំ​របស់​ខ្លួន ​ខណៈ​ដែល​​ក្មេង​ប្រុស​ទាំង​ពីរ​បាន​លេង​ជាមួយ​គ្នា​ក្នុង​ព្រៃ​ក្បែរ​ព្រែក​កន្លែង​ដែល​ឪពុក​មា​និង​ក្មួយ​រូប​នេះ​​​ទៅ​រក​អុស​។

លោក​បាន​មាន​ប្រសាសន៍​ថា “បន្ទាប់ពី​ក្មួយ​​ប្រុស​រូប​េនះ​ត្រឡប់​ទៅ​​ផ្ទះ​វិញ ជន​សង្ស័យ​​មាន​ឱកាស​ប្រព្រឹត្ត​បទឧក្រិដ្ឋ​តែ​ម្ដង​។ ជន​សង្ស័យ​បាន​យក​ខ្សែ​នីឡុង​រឹតក​ក្មេង​ប្រុស​រូប​នេះ​ បន្ទាប់​មក​បាន​យក​សាកសព​ទៅ​បោះ​ចោល​ក្នុង​ព្រែក​ ហើយ​យក​​កំប្លោក​គ្រប​”។

លោក ធារិទ្ធ បាន​មាន​ប្រសាសន៍​ថា ប៊ុនថេន ក៏​បាន​ដោះ​យក​ខ្សែក​បា្លទីន​មួយ​ខ្សែ​ពី​ក្មេង​ប្រុស​ ពិសិដ្ឋ ផង​ដែរ​មុន​ពេល​​យក​សាកសព​ទៅ​បោះចោល​ក្នុង​ទឹក​ ប៉ុន្តែ​ថា​ អំពើ​ប្លន់​នេះ​មិន​មែន​ជា​មូល​ហេតុ​ក្នុង​ការ​សម្លាប់​នោះ​ឡើយ។

យោង​តាម​អធិការ​នគរ​បាល​រូប​នេះ​បាន​ឲ្យ​​ដឹង​ថា ក្មួយ​ប្រុស​របស់​ ប៊ុនថេន បាន​ប្រាប់​ក្រុម​គ្រួសារ​របស់​ខ្លួន​​ថា ក្មេង​ប្រុស ពិសិដ្ឋ បាន​វាយ​រូបគេ​កាលពី​ដើម​សប្ដាហ៍ ដោយ​ធ្វើ​ឲ្យ​ឪពុក​មា​រូប​នេះ​មាន​កំហឹង​។

លោក ធារិទ្ធ បាន​មាន​ប្រសាសន៍​ថា “ក្មេងៗ​គ្មាន​កំហុស​ទេ។ បើ​ទោះ​ជាពួកគេ​ឈ្លោះ​គ្នា​នៅ​ថ្ងៃ​នេះ​ក៏ដោយ ក៏​ពួក​គេ​នឹង​លេង​ជាមួយ​គ្នា​វិញ​នៅ​ថ្ងៃ​​ស្អែក​ដែរ​។ ​គាត់​មិន​គួរ​ធ្វើ​អំពើ​បែប​នេះ​ចំពោះ​ក្មេង​ឡើយ”។

យោង​តាម​លោក ស្ដើង តុង នាយ​ប៉ុស្តិ៍​ឃុំ​ពាម​កោះ​ស្នា​បាន​ឲ្យ​ដឹង​ថា ប៊ុនថេន ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​រសៀល​ថ្ងៃសុក្រ បន្ទាប់ពី​ក្មេង​ប្រុស​ ពិសិដ្ឋ មិន​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក្រុម​គ្រួសារ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

លោក​ តុង បាន​មាន​ប្រសាសន៍​ថា ម្ដាយ​របស់​ក្មេង​ប្រុស​រូប​នេះ​បាន​ឃើញ​ ប៊ុនថេន មក​ពី​ព្រែក​​វិញ​​ដោយមាន​​កាន់​ពូថៅ ហើយ​​ខ្លួន​ទទឹក​ជោក។ លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​បាន​សម្រេច​ស្វែង​រក​នៅ​ក្បែរ​ព្រែក​នោះ​ ដែល​ពួកគេ​​បាន​កត់​សម្គាល់​ឃើញ​ថា កំប្លោក​មួយ​ផ្នែក​មាន​ភាព​ប្រែប្រួល​ខុស​ពី​ធម្មតា​ ហើយ​បាន​រក​ឃើញ​សាកសព​របស់​ក្មេង​ប្រុស​ ពិសិដ្ឋ។ លោក​បាន​បន្ថែម​ថា បន្ទាប់​មក​នគរ​បាល​​បាន​ទៅ​សាក​សួរ​ ប៊ុនថេន ដែល​ជន​នេះ​បាន​សារភាព​ចំពោះ​អំពើ​មនុស្សឃាត​នោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ជន​សង្ស័យ​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​តែ​ម្ដង ហើយ​បាន​សារភាព​ថា គាត់​បាន​សម្លាប់​ក្មេង​ប្រុស​រូប​នេះ ពីព្រោះ​ក្មេង​ប្រុស​នេះ​បាន​វាយ​ក្មួយ​ប្រុស​របស់​ខ្លួន”។​

លោក ប៉ែន រ័ត្ន ស្នង​​ការ​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ប៊ុនថេន ត្រូវ​បាន​បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ ទី​ដែល​ជន​នេះ​​ត្រូវ​បាន​ឃុំ​ខ្លួន​កាលពី​ចុង​សប្ដាហ៍។ ជន​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ ដើម្បី​ប្រឈម​​ការ​ចោទ​ប្រកាន់​។ លោក​បាន​មាន​ប្រសាសន៍​ថា “មិន​ថា​ជន​នេះ​ខឹង​នឹង​ក្មេង​ប្រុស​នេះ​ប៉ុណ្ណា​ឡើយ គាត់​មិន​គួរ​សម្លាប់​ក្មេង​ប្រុស​រូប​នេះ​ឡើយ ពីព្រោះ​​វា​មិន​​ដឹង​អី​ទេ​ក្នុង​អាយុ​ប៉ុណ្ណឹង​​នោះ​”៕ សារុន​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស