លោកស្រី ណានស៊ី ភេឡូស៊ី មេដឹកនាំសំឡេងភាគតិចក្នុងសភាតំណាងរាស្ត្រអាមេរិក ត្រូវគេរំពឹងថា នឹងជួបជាមួយក្រុមសិទ្ធិមនុស្សក្នុងក្រុងភ្នំពេញនៅថ្ងៃច័ន្ទ អំឡុងការឈប់សំចតលើកទី១ក្នុងដំណើរទស្សនកិច្ចប្រាំប្រទេសនៅអាស៊ី ដែលនឹងផ្តោតលើសិទ្ធិមនុស្ស ពាណិជ្ជកម្ម សហប្រតិបត្តិការសន្តិសុខ។
យោងតាមសេចក្តីប្រកាសព័ត៌មានចេញដោយការិយាល័យរបស់លោកស្រី ភេឡូស៊ី បានឲ្យដឹងថា លោកស្រី ភេឡូស៊ី សមាជិកសភាគណបក្សប្រជាធិបតេយ្យ តំណាងមណ្ឌលសភាទី១២របស់រដ្ឋកាលីហ្វ័រញ៉ា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ ជាមួយគណៈប្រតិភូដែលក្នុងនោះមានសមាជិកសភាជើងចាស់មណ្ឌលញ៉ូយ៉ក លោក ឆាល រ៉ែនហ្គែល និងសមាជិកសភា៨រូបផ្សេងទៀត។
ពេលស្ថិតនៅក្នុងខេត្តសៀមរាបកាលពីថ្ងៃសៅរ៍ លោកស្រីបានបង្ហោះរូបថតតាមបណ្តាញធ្វិតធឺរបស់លោកស្រី ដោយបង្ហាញរូបលោកស្រីជាមួយសមាជិកអង្គការដោះមីន ហាឡូ ត្រាស និងនៅកន្លែងមើលថែសហគមន៍ វត្តថ្មី ដែលជួយប្រជាជនមានហ៊ីវ/អេដស៍ និងផ្តល់មូលនិធិដោយទីភ្នាក់ងារអាមេរិកអភិវឌ្ឍន៍អន្តរជាតិ។
ក្រុមសិទ្ធិមនុស្សក្នុងស្រុក អាដហុក និង លីកាដូ បានមានប្រសាសន៍ថា ពួកគេមានគម្រោងជួបលោកស្រី ភេឡូស៊ី នៅថ្ងៃច័ន្ទក្នុងក្រុងភ្នំពេញ។ លោក ធន សារ៉ាយ ប្រធានអង្គការអាដហុក បាននិយាយថា លោកសង្ឃឹមថាប្រាប់លោកស្រី ភេឡូស៊ី គណៈប្រតិភូនៃសមាជិកសភាអាមេរិក៩នាក់ផ្សេងទៀតរបស់លោកស្រី អំពីបញ្ហាមួយចំនួនដែលប៉ះពាល់ប្រទេសកម្ពុជា។
លោក សារ៉ាយ បាននិយាយថា “យើងត្រូវលើកបញ្ហាសំខាន់ៗក្នុងសង្គមកម្ពុជាសព្វថ្ងៃនេះ។ ខ្ញុំគិតថា បញ្ហាដីធ្លី និងបញ្ហានៃសេរីភាពបញ្ចេញមតិ ជាបញ្ហាសិទ្ធិមូលដ្ឋានបំផុត ហើយខ្ញុំគិតថា អាមេរិកបន្តព្យាយាមធ្វើឲ្យស្ថានការណ៍នៅកម្ពុជាប្រសើរឡើង”។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា អង្គការរបស់លោកស្រីគ្រោងនឹងជួបគណៈប្រតិភូអាមេរិកនៅថ្ងៃច័ន្ទនេះ។ លោកស្រី ឈីវកេក មានប្រសាសន៍ថា “ពួកគេចង់ដឹងស្ថានការណ៍ទូទៅនៅកម្ពុជា”។ លោកស្រីមិនអត្ថាធិប្បាយបន្ថែមទេរហូតទាល់តែជំនួបចប់សិន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកាន់អំណាច បានមានប្រសាសន៍ថា គណបក្សរបស់លោកមិនមានផែនការជួបជាមួយគណៈប្រតិភូនេះទេ។ លោកស្រី មូរ សុខហួរ ប្រធានកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា លោកស្រីមិនដឹង ថាតើមន្ត្រីគណបក្សប្រឆាំងនឹងជួបជាមួយក្រុមអ្នកនយោបាយកំពុងធ្វើទស្សនកិច្ចនេះឬយ៉ាងណាទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានពីការិយាល័យរបស់លោកស្រី ភេឡូស៊ី បានឲ្យដឹងថា បន្ថែមទៅនឹងការមកបំពេញទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូនេះនឹងធ្វើទស្សនកិច្ចប្រទេសភូមា វៀតណាម កូរ៉េខាងត្បូង និង ប្រទេសជប៉ុន។
លោកស្រី ភេឡូស៊ី និយាយក្នុងសេចក្តីប្រកាសព័ត៌មានថា “គណៈប្រតិភូរបស់យើងនឹងពិភាក្សាអំពីវិធីនានាដែលយើងអាចពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ជំរុញសិទ្ធិមនុស្សដោយយកចិត្តទុកដាក់ខ្លាំងលើស្ត្រី កម្មករ ក្រុមសាសនាភាគតិច ហើយបង្កើនពាណិជ្ជកម្មត្រឹមត្រូវ”។
លោក ដ្រូ ហែមមីល អ្នកនាំពាក្យលោកស្រី ភេឡូស៊ី មិនបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា គណៈប្រតិភូពីរគណបក្ស មានខាងគណបក្សប្រជាធិបតេយ្យ៩រូប និងខាងគណបក្សសាធារណរដ្ឋ១រូប ក៏នឹងស្វះស្វែងឲ្យមានការយល់ដឹងប្រសើរអំពីដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក អំឡុងដំណើរទស្សនកិច្ចនេះដែរ។
ដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលស្នើឡើងរវាងអាមេរិកនិងប្រទេស១១ផ្សេងទៀត ក្នុងនោះមានវៀតណាម និងជប៉ុនផងដែរ បានរងការរិះគន់ចំពោះភាពសម្ងាត់នៃការចរចារបស់ខ្លួន។
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមិនទាន់បានចូលរួមក្នុងសន្ធិសញ្ញានេះទេ។
លោកស្រី ភេឡូស៊ី បានធ្វើការនៅសភាតាំងពីឆ្នាំ១៩៨៧មកម៉្លេះ។ ក្នុងឆ្នាំ២០០៧ លោកស្រីបានក្លាយជាស្ត្រីទី១ធ្វើជាប្រធានសភា ជាតំណែងដែលលោកស្រីបានកាន់រហូតដល់ឆ្នាំ២០១១។
ក្នុងអត្ថបទមួយអបអរខួបកំណើតទី៧៥របស់លោកស្រី ភេឡូស៊ី កាលពីថ្ងៃព្រហស្បតិ៍ កាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍ បានពណ៌នាលោកស្រីថាជា “មេដឹកនាំមានប្រសិទ្ធភាពបំផុតក្នុងសភា”៕ និត