នគរបាលបាននិយាយថា កាលពីម្សិលមិញ សាលាដំបូងខេត្តកំពង់ចាមបានចោទប្រកាន់អ្នកភូមិម្នាក់ពីបទមនុស្សឃាតដោយគិតទុកជាមុន ដោយបានយកខ្សែនីឡុងរឹតកសម្លាប់ក្មេងប្រុសអាយុ៧ឆ្នាំ បន្ទាប់ពីក្មេងប្រុសរូបនេះបានធាក់ក្មួយប្រុសរបស់ខ្លួនអំឡុងពេលឈ្លោះគ្នា។
លោក ចាន់ ហោ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តបានមានប្រសាសន៍ថា ចៅក្រម ថាន់ ឡេង បានសាកសួរជនសង្ស័យឈ្មោះ ហួង ប៊ុនថេន កាលពីព្រឹកម្សិលមិញ ហើយបានចោទប្រកាន់ជននេះពីបទមនុស្សឃាតដោយគិតទុកជាមុនតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។
ការចោទប្រកាន់នេះមានទោសជាប់ពន្ធនាគារអស់មួយជីវិត។ លោក ចាន់ ហោ បានមានប្រសាសន៍ថា តុលាការបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនរួចហើយ ហើយយើងបានបញ្ជូនជនសង្ស័យរូបនេះទៅពន្ធនាគារខេត្ត ដើម្បីរង់ចាំការកាត់ក្ដី”។
ប៊ុនថេន អាយុ៣៣ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ គឺថ្ងៃដែលជននេះបានយកខ្សែនីឡុងរឹតកសម្លាប់ក្មេងប្រុស គង់ ពិសិដ្ឋ ហើយបានយកសាកសពបោះចូលក្នុងព្រែកមួយក្បែរភូមិស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។
ប៊ុនថេន ទំនងជាខឹងនឹងក្មេងប្រុស គង់ ពិសិដ្ឋ បន្ទាប់ពីក្មេងប្រុសរូបនេះបានឈ្លោះគ្នាជាមួយក្មួយប្រុសអាយុ៥ឆ្នាំរបស់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ ហើយបានធាក់ក្មួយប្រុសរបស់ខ្លួនទៀត៕ សារុន