លោក ប៉ែន សមិទ្ធិ និពន្ធនាយកកាសែតរស្មីកម្ពុជា និងជាប្រធានក្លឹបអ្នកកាសែតកម្ពុជាយូរមកហើយនោះបានស្លាប់កាលពីម្សិលមិញក្នុងរាជធានីភ្នំពេញក្នុងអាយុ៥៤ឆ្នាំ។
លោក ប៉ែន សីហនាថ កូនប្រុសរបស់លោកបាននិយាយកាលពីម្សិលមិញថា “ឪពុករបស់ខ្ញុំបានស្លាប់ដោយសារជំងឺកាលពីព្រឹកមិញនេះ”។ លោក សីហនាថ មិនបាននិយាយថា តើឪពុករបស់គាត់ស្លាប់ដោយសារជំងឺអ្វីនោះឡើយ ប៉ុន្តែអ្នកកាសែតដ៏ឆ្នើមរូបនេះបានធ្វើការព្យាបាលជំងឺមហារីកបំពង់កក្នុងពេលកន្លងមក។
យោងតាមរបាយការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា ដែលបានចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា ដោយកើតក្នុងស្រុកកំពង់សៀម ខេត្តកពង់ចាម ក្នុងខែតុលា ឆ្នាំ១៩៦១ ក្នុងវ័យជំទង់លោក ប៉ែន សមិទ្ធិ ត្រូវបានជម្លៀសទៅខេត្តព្រៃវែងអំឡុងរបបខ្មែរក្រហម ហើយបានបួសជាព្រះសង្ឃរយៈពេលខ្លីអំឡុងពេលដួលរលំនៃរបបនេះក្នុងឆ្នាំ១៩៧៩។
ដោយត្រឡប់មកក្រុងភ្នំពេញវិញ លោកបានបម្រើការងារនៅមន្ទីរឃោសនាការនៃរបបថ្មីដែលគាំទ្រដោយវៀតណាមក្នុងឆ្នាំ១៩៧៩ ហើយបានបម្រើការងារចាប់ពីឆ្នាំ១៩៨១ជាអ្នកកាសែត និងជាអ្នកនិពន្ធនៅកាសែតដែលគ្រប់គ្រងដោយរដ្ឋមួយចំនួនក្នុងរដ្ឋធានី។
អំឡុងនយោបាយសង្គ្រាមត្រជាក់នៅពេលនោះ លោក ប៉ែន សមិទ្ធិ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រខាងវិទ្យាសាស្ត្រនយោបាយក្នុងឆ្នាំ១៩៨៦ ពីសាកលវិទ្យាល័យមួយក្នុងប្រទេសវៀតណាម ហើយក្នុងឆ្នាំ១៩៨៧ លោកទទួលបានបរិញ្ញាបត្រផ្នែកសារព័ត៌មាននៅសហភាពសូវៀត។
ងាកមកការងារជាអ្នកនិពន្ធក្នុងរាជធានីភ្នំពេញឯណោះវិញ លោក ប៉ែន សមិទ្ធិ កាលពីខែមេសា ឆ្នាំ១៩៩៣ បានក្លាយជានិពន្ធនាយកកាសែតរស្មីកម្ពុជា ដែលជាកាសែតប្រចាំថ្ងៃដែលមានអ្នកអានច្រើនបំផុតក្នុងប្រទេសកម្ពុជា។
លោក ប៉ែន សមិទ្ធិ បានកាន់តួនាទីនេះរហូតដល់ពេលលោកស្លាប់ ទន្ទឹមនឹងនោះដែរលោកក៏បានក្លាយជាប្រធានក្លឹបអ្នកកាសែតកម្ពុជាក្នុងឆ្នាំ២០០០ ហើយបានបង្កើតគេហទំព័រ Cambodia Express News ក្នុងឆ្នាំ២០០៨។
លោក ងួន សេរ័ត្ន សហសេវិករបស់លោកបានមានប្រសាសន៍ថា ពិធីបុណ្យសពដែលបានចាប់ផ្ដើមកាលពីម្សិលមិញ នឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍ មុនពេលសពរបស់អ្នកកាសែតរូបនេះនឹងត្រូវបូជានៅវត្តលង្កា ក្នុងរាជធានីភ្នំពេញ។ លោក ប៉ែន សមិទ្ធិ បានស្លាប់ចោលប្រពន្ធ កូនស្រីម្នាក់ និងកូនប្រុសម្នាក់៕ សារុន