30.1 C
Phnom Penh

​អ្នក​​​ស្រី​​​ ពុង​ ឈីវកេក​​​​​​ បដិសេធ​​​មិន​​​ទទួល​​​យកការ​​​តែង​​​តាំង​​​ក្នុង​​​ ​​​គ.ជ.ប.​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ស្រី​​​ ពុង​​​ ឈីវ​​​កេក ប្រធាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ បាន​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​ការ​​​តែង​​​តាំង​​​អ្នក​​​ស្រី​​​ជា​​​សមាជិក​​​ “អព្យាក្រឹត”​​​​​​នៃ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ទ្វេបក្ស​​ (គ.ជ.ប.) ដោយ​​​បង្ខំ​​​ឲ្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ត្រូវ​​​ជ្រើស​​​រើស​​​បេក្ខជន​​​ថ្មី សម្រាប់​​​តំណែង​​​ចុង​​​ក្រោយ​​​សំខាន់​​​នៅ​​​ក្នុង​​​គណៈ​​​កម្មាធិការ​​​នេះ​​​។

អ្នក​​​ស្រី​​​ ឈីវកេក ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ក្នុង​​​រយៈ​​​ពេល​​​មិន​​​ដល់​​​មួយ​​​សប្តាហ៍​​​ផង​​​ បន្ទាប់​​​ពី​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ផ្នែក​​​នយោបាយ​​​​​​កាលពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​កក្កដា ដែល​​​បាន​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ជា​​​ថ្នូរ​​​នឹង​​​ការ​​​បង្កើត​​​ គ.ជ.ប. ថ្មី​​​មួយ​​​ ដែល​​​មាន​​​សមាជិក​​​បួន​​​រូប​​​មក​​​ពីគណបក្ស​​​នីមួយ​​​ៗ​​​ និង​​​បេក្ខ​​​ជន​​​អព្យាក្រឹតម្នាក់​​​។

ប៉ុន្តែ អ្នក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​សេចក្តីថ្លែង​​​ការ​​​ណ៍​​​នៅ​​​ព្រឹក​​​ថ្ងៃ​​​អង្គារ​​​នេះថា អ្នក​​​ស្រី​​​មិន​​​អាច​​​ទទួល​​​យក​​​មុខ​​​តំណែង​​​នៅ​​​ក្នុង ​​​គ.ជ.ប. នេះបាន​​​ទេ​​​។

អ្នក​​​ស្រី​​​ ឈីវកេក បាន​​​មាន​​​ប្រសាសន៍​​​ថា “ទោះបីជា វាជាកិត្តិយស​​​ដ៏ធំធេង​​​ ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​សម្រាប់​​​តំណែង​​​ដ៏សំខាន់​​​នេះ​​​ក៏​​​ដោយ​​​ ក៏​​​ខ្ញុំ​​​សោក​​​ស្តាយ​​​យ៉ាង​​​ខ្លាំង​​​ ដែល​​​ត្រូវ​​​បដិសេធ​​​មិន​​​ទទួលយក​​​​​​សំណើ​​​ធ្វើ​​​ជា​​​សមាជិក​​​ទី៩ នៃ ​​​គ.ជ.ប​. ​​ថ្មី​​​នេះ”។ អ្នកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​សូម​​​អភ័យ​​​ទោស​​​ចំពោះ​​​ជន​​​រួម​​​ជាតិ​​​របស់​​​ខ្ញុំ​​​ ដែល​​​មាន​​​ជំនឿ​​​លើ​​​ខ្ញុំ​​​ ហើយ​​​ដែល​​​ខ្ញុំ​​​អាច​​​ធ្វើ​​​ឲ្យ​​​ខក​​​ចិត្ត​​​” ។

អ្នក​ស្រី ឈីវ​​​កេក កាលពីដំបូង​​​បាន​​​ទទួល​​​យក​​​តំណែង​​​របស់​​​អ្នក​​​ស្រី​​​កាលពី​​​ឆ្នាំ​​​មុន ដោយ​​​មាន​​​លក្ខ​​​ខណ្ឌ​​​មួយ​​​ចំនួន​​​ រួ​​​​​​មមាន​​​ អ្នក​​​ស្រី​​​ត្រូវ​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​ពី​​​ការ​​​ផ្តន្ទាទោសដូច​​​គ្នា​​​នឹង​​​សភា​​​តំណាង​​​រាស្ត្រ​​​ដែរ​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​ថា សិទ្ធិ​​​នៃ​​​សមាជិក​​​ គ.ជ.ប. ដែល​​​ត្រូវ​​​អនុម័ត​​​រួច​​​ហើយ​​​នោះ មិន​​​គ្រប់​​​គ្រាន់​​​តាម​​​ការ​​​រំពឹង​​​ទុក​​​របស់​​​អ្នក​​​ស្រី​​​ឡើយ​​​។

អ្នក​​​ស្រី​​​ ឈីវ​​​កេក បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅពេល​​​នោះ តួនាទី​​​នៃ​​​សមាជិក​​​ទី៩ ត្រូវគេរៀប​​​រាប់​​​​​​ប្រាប់​​​ខ្ញុំ​​​​​​ថាជា​ “សមាជិក​​​ឯករាជ្យ ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​ស្ថាប័ន​​​នេះ​​​អព្យាក្រឹត​​​ ដែល​​​ខ្លួន​​​ត្រូវ​​​ការ​​​ដើម្បី​​​រៀប​​​ចំ​​​ការ​​​បោះ​​ឆ្នោត​​​ស្រប​​​ទៅ​​​តាម​​​រដ្ឋធម្មនុញ្ញ និង​​​ច្បាប់​​​ជាតិ​​​”។​​​ អ្នក​​​ស្រី​​​ប្រធាន​​​លីកាដូរូប​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា ៉​​​ថ្ងៃ​​​នេះ​​​ ខ្ញុំ​​​សន្និដ្ឋាន​​​ថា កិច្ច​​​ការ​​​នេះ​​​មិន​​​មាន​​​លទ្ធភាព​​​ទៅ​​​រួច​​​ទេ​​​។៉

ការ​​​តែង​​​តាំង​​​សម្រាប់​​​តំណែង​​​ប្រាំបី​​​ផ្សេង​​​ទៀត នៅ​​​ក្នុង​​​ គ.ជ.ប. បាន​​​បើក​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ ហើយ​​​មន្ត្រី​​​មក​​​ពី​​​គណបក្ស​​​ទាំង​​​ពីរ​​​ បាន​​​និយាយ​​​ថា ពួក​​​គេ​​​សង្ឃឹម​​​ថា នឹង​​​បង្កើត​​​គណៈ​​​កម្មាធិការ​​​បោះ​​​ឆ្នោត​​​នេះ​​​មុន​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​។​​​

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ក៏​​​ដោយ គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ឥឡូវ​​​នេះ​​​នឹង​​​ត្រូវ​​​ជ្រើស​​​រើស​​​បេក្ខ​​​ជន​​​អព្យាក្រឹត​​​ថ្មី​​​ម្នាក់​​​ ដើម្បី​​​បង្កើត​​​គណៈកម្មាធិការ​​​ ដែល​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ចំណាយ​​​ពេល​​​ចរចា​​​អស់​​​រយៈពេល​​​ប្រាំពីរ​​​ខែ​​​។

ស្ថិត​​​ក្រោម​​​ច្បាប់​​​ថ្មី​​​ ដែល​​​បង្កើត​​​ គ.ជ.ប. ថ្មី​​​នោះ គ.ជ.ប. ចាស់​​​ដែល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចោទ​​​ថា បាន​​​ជួយ​​​សម្រប​​​សម្រួល​​​ការ​​​បន្លំ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០១៣ នឹង​​​បន្តដំណើរការ​​​រហូត​​​ទាល់​​​តែ​​​សមាជិក​​​ទាំង​​​ប្រាំបួនរូប​​​របស់​​​គណៈ​​​កម្មាធិការ​​​នេះ​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​​​​៕​​​​​​​​​​​​​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស